ព្រះមហាក្សត្រ​បញ្ចប់​មុខ​តំណែង​លោក ហេង ចាន់ថា​ ពី​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់

(ស្ដាំ) លោក ហេង ចាន់ថា និង (ឆ្វេង) លោក សាយ ហាក់ មន្ត្រីជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា ថ្នាក់ដឹកនាំជារចនាសម្ព័ន្ធខេត្ត ស្រុក ឃុំ ទូទាំងខេត្តព្រៃវែង ព្រឹកថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ គណបក្ស ហ៊្វុនស៊ិនប៉ិច)

ព្រះមហាក្សត្រ​បាន​បញ្ចប់​មុខ​តំណែង​លោក ហេង ចាន់ថា ពី​សមាសភាព​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​កូតា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​មាន​ឋានៈស្មើ​ទេសរដ្ឋមន្ត្រី។

យោង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​កម្ពុជា​ ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២១នេះ បានបាន​ត្រាស់​បង្គាប់​បញ្ចប់​មុខ​តំណែង​របស់​លោក ហេង ចាន់ថា និង​ជំនួស​មក​វិញ​ដោយលោក ឆឹង ចំរើន កូតា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​សមាសភាព​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និងផ្តល់​យោបល់ ដែល​មាន​ឋានៈស្មើ​ទេសរដ្ឋមន្ត្រី។

ការឈាន​ទៅ​បញ្ចប់​មុខតំណែង​លោក ហេង ចាន់ថា ពី​សមាសភាព​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​កូតា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នេះ គឺ​បន្ទាប់ពី​គណបក្ស​បាន​បញ្ឈប់លោកពី​សមាជិក​គណបក្ស​កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។

អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ញឿន រ៉ាដែន បាន​ប្រាប់​វីអូឌី​នៅថ្ងៃសៅរ៍​នេះ​ថា គណបក្ស​បាន​ផ្ញើ​លិខិត​ទៅ​កាន់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទូលថ្វាយ​ព្រះ​មហាក្សត្រ​ឱ្យ​បញ្ចប់​មុខ​តំណែង​របស់​លោក ហេង ចាន់ថា ពី​ប្រធាន​ប្រតិភូ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែល​មាន​ឋានៈស្មើ​ទេសរដ្ឋមន្ត្រី​នេះ។

លោក ហេង ចាន់ថា និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ពីរនាក់​ទៀត គឺ​លោក សាយ ហាក់ និង​លោក ផាន់ សុទ្ធី ត្រូវ​បាន​សម្តេច​ក្រុមព្រះ នរោត្តម រណឬទ្ធិ បញ្ចប់​សមាជិក​ភាពពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រោម​ការចោទ​ប្រកាន់​ថា បាន​បំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​តាមរយៈការ​ទាមទារ​យក​ត្រា​គណបក្ស​ទៅ​គ្រប់គ្រង​កាលពី​ពេលថ្មីៗ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ