លោក ហ៊ុន សែន ថា​​បើ​គុណធម៌​និង​សីលធម៌​របស់​សិស្ស​និស្សិត​ធ្លាក់​ចុះនឹង​ធ្វើឱ្យសង្គមជាតិមហន្តរាយ

អ៊ុំស្រីម្នាក់​ដែល​មក​ចូលរួម ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង មនុស្សចាស់​អន្តរជាតិ សម្រាប់​ប្រទេស​​កម្ពុជា​ (រូបភាព៖ ផ្ដល់ឲ្យ)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើន​រំឮក​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​បណ្តុះ​ស្មារតី​សិស្ស និស្សិត ឱ្យ​ចេះ​គោរព​មនុស្ស​ចាស់ ដើម្បី​រក្សា​នូវប្រពៃណី​របស់​ជាតិ ដោយ​ថា បើ​គុណធម៌​ សីលធម៌​ជាតិធ្លាក់​ចុះ នឹង​ធ្វើឱ្យ​សង្គម​ទទួល​រងនូវ​វិបត្តិ​និង​មហន្តរាយ។

ការក្រើន​រំឮក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើឡើង​តាមរយៈសារ​អបអរសាទរ​នៅ​ក្នុង​ «ទិវា​មនុស្ស​ចាស់» នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១​ ក្រោម​ប្រធាន​បទ «ចូលរួម​គាំទ្រថែទាំ​សុខុមាលភាព​មនុស្ស​ចាស់ គឺជា​កត្តា​ដ៏សំខាន់​ក្នុងការ​អនុវត្តប្រព័ន្ធគាំពារ​សុខុមាលភាព​មនុស្ស​គ្រប់វ័យ​ក្នុង​សង្គម​ជាតិ​នៅ​កម្ពុជា»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានក្រើន​រំឮក​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បណ្តុះ​ស្មារតី​សិស្ស​និស្សិត ឱ្យចេះ​គោរព​មនុស្សចាស់​ដើម្បី​រក្សា​នូវ​ប្រពៃណី​របស់​ជាតិ​ដែល​បាន​បន្សល់​ពីដូនតា​មក។ លោកថា បើ​សង្គម​ជាតិ​មួយ​ធ្លាក់​ចុះ​នូវ​គុណធម៌ ​និងសីលធម៌​ នឹង​ធ្វើឱ្យសង្គម​ជាតិ​ត្រូវ​ទទួល​រងនូវ​វិបត្តិ និង​មហន្តរាយ។

លោក​នាយករដ្ឋមន្ត្រី​ថ្លែង​ថា៖​ «ប្រវត្តិសាស្ត្រ​និង​បទពិសោធ​នៃ​សង្គម​នីមួយៗ​បាន​បង្ហាញ​ឱ្យឃើញ​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ នៃ​ប្រជាជាតិ​មួយ​អាច​ប្រព្រឹត្ត​ទៅ​បានប្រកប​ដោយ​ចីរភាព​និង​សមធម៌ ទាមទារ​ឱ្យមានការ​អភិវឌ្ឍ​ផ្នែក​អប់រំ សីលធម៌ គុណធម៌ និងវប្បធម៌​អហិង្សា។ ផ្ទុយ​ទៅ​វិញ ក្នុង​សង្គមជាតិ​មួយ​ដែល​មាន​គុណធម៌​និង​សីលធម៌​ធ្លាក់​ចុះ សង្គម​ជាតិ​នោះ​នឹង​ត្រូវ​ទទួល​រង​នូវ​វិបត្តិនិង​មហន្តរាយ»។

តាមរយៈ​លិខិត​ដដែល លោកនាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និង​គ្រប់អង្គការ​នានា ជួយ​បង្កលក្ខណៈងាយ​ស្រួល ដល់​សមាគម​មនុស្ស​ចាស់កម្ពុជា​ដែល​មាន​ស្រាប់​បន្ត​គាំទ្រ ពង្រឹង និង​ពង្រីក​សមាគម​មនុស្ស​ចាស់​នៅ​តាម​សហគមន៍​មូលដ្ឋាន ដើម្បី​បង្កើន​ស្មារតី​សាមគ្គី​ជួយគ្នា​ទៅវិញ​ទៅមក​រវាង​មនុស្ស​ចាស់​ក្នុង​ប្រទេស​ ជាពិសេស​មនុស្ស​ចាស់​ជរាពិការ មនុស្ស​ចាស់ជរា មាន​ជំងឺ និង​មនុស្ស​ចាស់​ជរា​ក្រីក្រ​គ្មាន​ទីពឹង​ជាដើ​ម​។

ព្រះតេជគុណ ស៊ី សំណាង គ្រូ​បង្រៀន​នៅ​សាលា​បញ្ញាសាស្ត្រ​អន្តរជាតិ​មាន​ថេរដីកា​ថា  ការអប់រំ​សិស្ស​ឱ្យ​ចេះ​ដឹង​ពី​គុណធម៌ សីលធម៌ គឺជា​កាតព្វកិច្ច​របស់​មនុស្ស​ចាស់ ព្រោះក្មេងៗ​ដូចជា​ក្រដាស​ស បើ​សិន​ជា​មិន​ធ្វើការ​អប់រំ​ឱ្យដើរ​លើ​ផ្លូវល្អ​ទេ អាច​ធ្វើឱ្យពួកគេ​ដើរ​លើ​ផ្លូវ​ខុស ហើយ​ឈាន​ដល់​ការ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ថែមទៀត​ផង។

ព្រះតេជ​គុណ​មាន​ថេរដីកា​ថា៖ «ស្ថាប័ន​៣​ ដែល​យើង​គិត​ថា ជា​ស្ថាប័ន​ដែល​សំខាន់​នៅ​កម្ពុជា​យើង​ហ្នឹង មាន​ស្ថាប័ន​រដ្ឋខាង​ផ្នែក​អប់រំ ស្ថាប័ន​ខាង​ផ្នែក​សាសនា​មាន​វត្តអារាម​ និង​ស្ថាប័ន​គ្រួសារ។ អញ្ចឹង​ស្ថាប័ន​ទាំង​៣ ត្រូវ​សហការ​គ្នា​ដើម្បី​ឱ្យ​ក្មេងៗ បាន​យល់​ជ្រួតជ្រាប​អំពី​រឿង​សីលធម៌ កត្តញ្ញូ ដឹងគុណ។ ក្នុង​នាម​យើង​ជា​ឪពុក​ម្តាយ ជា​អាណាព្យាបាល ជា​គ្រូ ជា​ព្រះសង្ឃ ហើយ​និង​ខាង​ស្ថាប័ន​រដ្ឋ មាន​នាយករដ្ឋមន្ត្រី យើង​លើក​តម្កើង ​ផ្តល់​តម្លៃ ណែនាំ​ឱ្យកូន​សិស្ស ឬ​កូនៗ​ចេះគោរព​ដល់​ចាស់​ព្រឹទ្ធាចារ្យ គោរព​ដល់​លោក​គ្រូ​អ្នក​គ្រូ»។

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព  លោក យង់ គឹមអេង ​សាទរ​ចំពោះការ​លើកទឹក​ចិត្ត​ឱ្យមានការ​បណ្តុះបណ្តាល​សិស្ស និស្សិត ឱ្យ​ចេះ​គោរព​ចាស់​ទុំ។

លោក​បន្ថែម​ថា ដើម្បី​រក្សា​នូវ​ប្រពៃណី​របស់​ជាតិ​ដែល​បាន​បន្សល់​ពីដូនតា​មកឱ្យបាន​គង់​វង្ស លុះត្រា​តែ​រដ្ឋាភិបាល​ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​អប់រំ​ដល់​ប្រជាពលរដ្ឋ ជាពិសេ​សយុវជន សិស្ស និស្សិត យល់ដឹង​ពី​គុណធម៌ សីលធម៌ ក្នុងការគោរព​មនុស្ស​ចាស់ ព្រឹទ្ធាចារ្យ ទើបទប់ស្កាត់​បញ្ហា​ប្រឈម​ទាំង​នោះ​បានប្រសិទ្ធភាព​ខ្ពស់។

ដើម្បីឱ្យ​សង្គម​មាន​ភាព​វិជ្ជមាន​សម្រាប់​សិស្ស និស្សិត លោកផ្តល់ជា​អនុសាសន៍​ដូច​នេះ​ថា៖ «ទី១ គឺ​ត្រូវ​តែ​ប្រឆាំង​រឿង​គ្រឿង​ញៀន​ឱ្យបាន​ជា​ដាច់​ខាត។ ទី២ ឱ្យមាន​ដាក់​កម្រិត​ការ​ប្រើប្រាស់គ្រឿង​ស្រវឹង​ គឺ​មិនមែន​គ្រប់វ័យ​អាចផឹក​ស្រាបាន​ ខណៈការ​ផ្សាយពាណិជ្ជកម្ម​ស្រា​មានពេញ​ទឺក​ពេញ​ដី​ ហាក់​ដូចយើងនាំ​យុវជន​ឱ្យស្គាល់​ថា ស្រាវា​អស្ចារ្យ​អញ្ចឹង។ វាជា​កំហុស​ឆ្គង​ដ៏ធំ!»

លោក យង់ គឹមអេង បន្តថា៖ «ទី៣ យើងគួរតែកែប្រែ​ទម្លាប់អវិជ្ជមាន​មួយ​ចំនួនដែល​ធ្វើឱ្យ​យុវជន​អាច​យកតម្រាប់​តាម ដូចជា​ការ​ប្រើហិង្សា​នៅទី​សាធារណៈ​ជាដើម។ កុំឱ្យ​យុវជន​មើល​ឃើញថា ​អ្នកមាន​អំណាច​​ឱ្យ​តែ​អ្នកណា​ប៉ះគឺ​អត់បាន ប្រើហិង្សា សម្លុត គម្រាម​កំហែង​អី ​ដូចជាសូម្បី​គ្រោះថ្នាក់​ចរាចរណ៍ មាន​ដក​កាំភ្លើង។ អាហ្នឹង​ហើយ​ជា​រឿង​មួយ​ដែល​យើង​ត្រូវ​ពង្រឹងការ​អនុវត្ត​ច្បាប់​ឈាន​ទៅរក​ការកែប្រែ​ឥរិយាបថ​សង្គម។ ជាពិសេស​មន្ត្រី ត្រូវ​អនុវត្តនូវ​ក្រម​សីលធម៌​​ឱ្យបាន​ល្អ ជាគម្រូ​ដល់​ប្រជាពលរដ្ឋ​»។

របាយការណ៍​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា កាល​ពី​ក្នុង​ឆ្នាំ២០១៣ បង្ហាញ​ថា​ មនុស្ស​វ័យចាស់​អាយុពី​៦០​ឆ្នាំឡើង​ មាន​ចំនួន​ជាង​ ១លាន​នាក់ ឬស្មើ​ប្រមាណ​ជាង​៨%​នៃចំនួន​ប្រជាជន​សរុប​​។ ចំនួនមនុស្ស​ចាស់នៅ​កម្ពុជា ត្រូវបានគេ​ព្យាករណ៍​ថា នឹង​កើនឡើង​ដល់​ប្រមាណ​២​លាន​នាក់​នៅ​ឆ្នាំ២០៣០ ស្មើ​នឹង​១១% ​នៃ​ប្រជាជន​សរុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ