គណៈរដ្ឋមន្ត្រី​ដាក់​បញ្ចូល​របៀប​វារៈ​ស្តីពី​ការ​កំណត់​លក្ខខណ្ឌ​ថ្នាក់​ដឹកនាំជាតិ​​មាន​​សញ្ជាតិ​ខ្មែរ​តែ​មួយ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធីសម្ពោធ​សមិទ្ធផល​ថ្មី​របស់ក្រ​សួង​សាធារណការ និង​ដឹកជញ្ជូន រួមមាន អគារ​ទី​ស្តី​ការ​ថ្មី និង​វិទ្យាស្ថាន «តេជោ​សែន សាធារណការ និង​ដឹកជញ្ជូន» ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចម្រេះ២ ខណ្ឌឫស្សីកែវ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

គណៈរដ្ឋមន្ត្រី​បាន​សម្រេច​កែ​សម្រួល​របៀបវារៈ​នៃ​កិច្ចប្រជុំ​របស់​ខ្លួន​នៅថ្ងៃសុក្រ ទី៨ ខែតុលា ដោយ​ដាក់​បញ្ចូល​របៀបវារៈ ស្តីពី វិសោធនកម្មច្បាប់​រដ្ឋ​ធម្មនុញ្ញ សំដៅ​ការ​កំណត់​លក្ខខណ្ឌ​ថ្នាក់​ដឹកនាំ​ជាតិ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកនៅ​ល្ងាច​ថ្ងៃទី៧ ខែតុលា នេះថា របៀបវារៈ​នៃ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្រ្តី នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ នៅវិមាន​សន្តិភាព ត្រូវបាន​កែ​សម្រួល​ឡើង​វិញ ដោយ​យោង​តាមប្រសាសន៍​ណែនាំ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១។ ក្នុងនោះ កិច្ចប្រជុំ​នឹង​ពិភាក្សា​ទៅលើ​សេចក្តីព្រាង​ច្បាប់​ធម្មនុញ្ញ ​ស្តីពី ​វិសោធនកម្ម​មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃ​រដ្ឋធម្មនុញ្ញ និងមាត្រា៣ នៃច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ។

លោក ផៃ ស៊ីផាន បាន​ប្រាប់​វីអូឌី​បន្ថែម​ថា វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​ខាង​លើ​នេះ គឺអាចទាក់​ទង​ការ​កំណត់ ​«លក្ខខណ្ឌ​នៃ​បេក្ខភាព​របស់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ជាតិ​ទាំង​បី​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ»។ លោក​បន្ត​ថា មាត្រា​ខាង​លើនេះ​ គឺមិន​បាន​ចែង​អំពី​ការ​កំណត់លក្ខខណ្ឌ​នេះ​ទេ។ ដូច្នេះ​វិសោធនកម្ម​មាត្រា​ទាំង​ប៉ុន្មាន​​ខា​ង​​លើនេះ​ ទំនង​ជាមាន​ការ​សរសេរ​បន្ថែម ​ស្តីពី ​ការកំណត់​លក្ខខណ្ឌ​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃទី៦ តុលា បាន​បញ្ជាឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌លោក កើត រិទ្ធ សិក្សា​រៀបចំ​ធ្វើសេចក្តីព្រាង​ច្បាប់​ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ឬ​​សេចក្តីព្រាងច្បាប់​អង្គការ​​ដែល​​ចេញ​​​ពី​​​រដ្ឋាភិបាល ឬ​ជា​សេចក្តីស្នើច្បាប់​ដែល​​ចេញ​​ពី​​ព្រឹទ្ធសភា និងរដ្ឋសភា ដោយកំណត់​ថា ថ្នាក់ដឹកនាំ​ជាតិ​ដែល​កាន់​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា ​ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ត្រូវមាន​សញ្ជាតិ​ខ្មែរ​តែ​មួយ។ ភ្លាមៗ​ ក្រោយ​ពី​ការ​ប្រកាស​នេះ ស្ថាប័នរដ្ឋ និង​ឯកជន បាន​ចេញ​សេចក្តីប្រកាសព័ត៌មាន​និង​ញត្តិគាំទ្រ​យ៉ាង​ព្រោងព្រាត។

នៅក្នុង​សេចក្តីប្រកាស​គាំទ្រ​មួយ​របស់​ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​ថា ការកំណត់​បែបនេះ គឺ​ជា​ការ​ធានា​ទាំង​ខាង​ផ្លូវ​ច្បាប់ ទាំង​ខាង​នយោបាយ ដែល​ឱ្យឥស្សរជន​ជាន់ខ្ពស់​ដែលកាន់​មុខ​តំណែង​ជា​មេដឹកនាំ​នៃ​ស្ថាប័ន​កំពូល​ទាំង​ ៤ របស់​ជាតិ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ និង​មាតុភូមិ​កម្ពុជា ធ្វើការ​ដឹកនាំ​ប្រទេស​ដោយ​តម្កល់​ឧត្តម​ប្រយោជន៍ជាតិ​ជា​ធំ ក៏​ដូចជា​ការ​ប្រឆាំង​នឹង​ការជ្រៀតជ្រែក​ពី​ខាង​ក្រៅចូល​មក​ក្នុង​កិច្ចការផ្ទៃក្នុង​នៃការ​ដឹកនាំ​ជាតិ​របស់​កម្ពុជា។

បទបញ្ជា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ទំនង​ជា​បាន​ឆ្លើយតប​ទៅ​នឹង​អតីតប្រធាន​គណបក្សសង្គ្រោះជាតិ​លោក សម រង្ស៊ី ដែល​បាន​បង្ហោះសារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​តាមការ​ចុះផ្សាយ​របស់​កាសែត The Gardian របស់​អង់គ្លេស​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ទិញ​សញ្ជាតិ​និង​លិខិត​ឆ្លង​ដែន​​ពី​ប្រទេស​ Cyprus។ ប៉ុន្តែផ្អែក​តាម​ព័ត៌មាន​ចុងក្រោយ​ពី​មន្ត្រីរដ្ឋាភិបាល​ថា កាសែត The Gardian របស់អង់គ្លេស​បាន​សម្រេច​កែ​តម្រូវ​ខ្លឹម​សារ​ព័ត៌មាន​​របស់​​ខ្លួន​ហើយ ក្រោយពី​មេធាវី​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ព្រមាន​ប្តឹង​និងប្រតិកម្មពី​មន្ត្រីជាន់ខ្ពស់​កម្ពុជា​រួច​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ