ប្អូន​សកម្មជន​សិទ្ធិ​មនុស្ស​បារម្ភ​ពី​អាយុ​ជីវិត​បង​ស្រី​ក្នុង​ពន្ធនាគារ

កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងដំណើរការនិងសកម្មភាពរបស់ក្រុមខ្មែរថាវរៈ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅហាងកាហ្វេមួយកន្លែងក្នុងក្រុងភ្នំពេញ។ (សំ ដារ៉ា)

ប្អូន​របស់​កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ជា​សកម្មជន​សិទ្ធិមនុស្ស​នៅក្នុង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ជីវិត​បងស្រី​នៅក្នុង​ពន្ធនាគារ​ក្រោយ​ពេល​មើល​ឃើញ​ស្ថានភាព​ស្គមខ្លាំង និង ញ័រដៃ​ញ័រជើង។

កញ្ញា អេង វ៉ាន់ឌី  ជាប្អូនស្រី​របស់​កញ្ញា សូ មេត្តា បាន​ឱ្យដឹង​ថា កញ្ញា​បាន​ទៅ​សួរសុខទុក្ខ​បងស្រី​នៅមណ្ឌល​អប់រំ​កែប្រែ ម២ នៅថ្ងៃទី៥ ខែតុលា កន្លងទៅនេះ ក្រោយពេល​អាជ្ញាធរ​ហាមមិន​ឱ្យទៅសួរ​សុខទុក្ខ​ជិត​៥​ខែ​ក្រោម​ហេតុផល​បង្ការ​មេរោគកូវីដ-១៩។ កញ្ញា ព្រួយបារម្ភពី​អាយុជីវិត​ក្រោយ​ពេល​ឃើញ​បងស្រី​ប្រែប្រួល​ខ្លាំង។

កញ្ញា អេង វ៉ាន់ឌី៖ «ប្រែប្រួល​ខ្លាំងមែនទែន​ស្គម​ខ្មៅ ហើយ​រញីរញ័រ​ដូច​មនុស្ស​ចាស់​ចឹង។ និយាយ​ជាមួយ​ខ្ញុំអី​ដូច​អត់​មាន​ភាព​រឹងមាំ​នៅ​ក្នុង​ខ្លួន»។

កញ្ញា សូ  មេត្តា ជាយុវនារីម្នាក់​នៅក្នុង​ក្រុម​ខ្មែរ​ថាវរៈ​ដែល​តែងតែ​ចូលរួម​ក្នុង​សកម្មភាព​តវ៉ា​ ឬ យុទ្ធនាការ​នានា​ដោយ​អះអាង​ថា ដើម្បីលើក​កម្ពស់​សិទ្ធិមនុស្ស​ លទ្ធិប្រជាធិបតេយ្យ ​បរិស្ថាន​ និង​ការគោរព​ច្បាប់​ជា​ដើម។

កញ្ញា សូ មេត្តា ត្រូវសមត្ថកិច្ច​ចាប់ខ្លួន​នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ខណៈក្រុម​យុវជន​៦​នាក់ផ្សេងទៀត ក៏​ត្រូវចាប់ខ្លួន​បន្តបន្ទាប់​ដែរ នៅពេល​ដែល​ពួកគេ​តវ៉ា​ទាមទារ​ឱ្យដោះលែង​លោក រ៉ុង ឈុន។​

កញ្ញា អេង វ៉ាន់ឌី ឱ្យដឹងទៀតថា កញ្ញា សូ មេត្តា កំពុង​មានជំងឺ​រមាស់ ជំងឺ​ដែល​ដួលបាក់​ជើងក្នុង​ពន្ធនាគារ​រើឡើង​វិញ និង​មាន​បញ្ហាផ្លូវចិត្ត​ស្មុគស្មាញ​ច្រើន​ទៀត​ផង។​

កញ្ញា អេង វ៉ាន់ឌី៖ «ជំងឺគាត់ស្ត្រេស អាឡាក់ស៊ីសើស្បែក និងជើងគាត់ឥឡូវឈឺទៀតហើយ។​ ជំងឺគាត់ហ្នឹងរមាស់ពេញខ្លួន កន្ទួលៗពេញខ្លួន និង​ជំងឺបេះដូងរបៀបខ្សោយ»។​

មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា លើកឡើងថា ពន្ធនាគារជាកន្លែងអប់រំកែប្រែ​មិនមែន​កន្លែង​ធ្វើទុក្ខ​ដល់​អ្នក​ជាប់​ឃុំ​ទេ។ លោកជំរុញ ដល់មន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ។​

លោក សឹង សែនករុណា៖ «បើសិន​ជា​មាន​ការ​លើក​ឡើង ហើយ​ករណី​បែប​ហ្នឹង​កើត​ឡើង ចំពោះ​បងស្រី​របស់​ប្អូន​ស្រី​ម្នាក់​ដែល​បាន​លើក​ឡើង កញ្ញា សូ មេត្តា​ហ្នឹង គម្បីមានការពិនិត្យមើល ហើយយកគាត់ទៅព្យាបាលនៅ​មន្ទីរពេទ្យ​ជំនាញ​ដែល​ត្រូវជា​មួយជំងឺ​របស់​គាត់ ដើម្បី​ឱ្យមាន​​សុខភាព​ល្អ​​ប្រសើរ​​ឡើង​​វិញ»។​

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា អះអាងថា តាម​របាយការណ៍​របស់​មន្ត្រីពន្ធនាគារ​រាយការណ៍​ប្រាប់​លោក​ថា កញ្ញា សូ មេត្តា មាន​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​មិនមាន​បញ្ហា​អ្វីធ្ងន់ធ្ង​រ​ទេ។ លោកបន្តថា ចំពោះបញ្ហាផ្លូវចិត្តអ្នក​ជាប់​ឃុំមាន​ខ្លះៗ​ជៀស​មិន​ផុត​នោះ​​ទេ។​

លោក នុត សវនា៖ «ធម្មតាដូចខ្ញុំបាន​ជម្រាប​ហើយ អ្នកទោសដទៃក៏មាន​បញ្ហាផ្លូវចិត្ត​ដូច​តែគ្នា​ហ្នឹង! ហើយ​ក៏មិន​កើតមាន​តែនៅស្រុក​ខ្មែរយើង​ដែរ។ តែបាត់​សេរីភាព​ហើយ ឥឡូវគ្រាន់​តែគេ​បិទ​តំបន់​ក្រហម តំបន់លឿងហ្នឹង​យើង​ក៏មាន​បញ្ហាតប់​ប្រមល់​នៅក្នុង​ផ្ទះ បញ្ហាហ្នឹងជា​រឿង​ទូទៅទេ កុំសង្កត់ធ្ងន់​ថា ​ជារឿង​ធំដុំ»។​

​ទោះយ៉ាងលោក​បន្តថា នឹងយកចិត្តទុកដាក់លើករណីនេះ៖ «មិនមែនថា ខ្ញុំមិនយកចិត្តទុកដាក់រៀងហ្នឹងទេ ខ្ញុំបានឱ្យមន្ត្រីយើងគាត់តាមដានហើយថា អាចទៅជាវិបត្តិផ្លូវចិត្តអីឬយ៉ាងណា? ចាំយើងត្រួតពិនិត្យតាមហ្នឹង!»

កញ្ញា សូ មេត្តា ជាយុវជនម្នាក់ក្នុងចំណោមយុវជនផ្សេងទៀត ដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដាក់ឈ្មោះ និងរូបថតធ្វើយុទ្ធនាការ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​១៥​ថ្ងៃនេះ ដើម្បីទាមទារឱ្យមានការការដោះលែង។ យុទ្ធនាការបានបញ្ជាក់ថា យុវជនទាំងនេះធ្វើសកម្មភាពដើម្បីឱ្យមានការគោរពសិទ្ធិមនុស្ស លទ្ធិ​ប្រជាធិប​តេយ្យ យុត្តិធម៌សង្គម និង បរិស្ថាន ជាដើម ដែលគួរតែមានការលើកទឹកចិត្ត៕

អត្ថបទដោយ ប៉ា តុងចិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ