នាយក​រដ្ឋ​មន្ត្រី​បញ្ជា​ឱ្យ​ឈប់​វាយ​កម្ទេច​សំណង់​វប្បធម៌​ប្រវត្តិ​សាស្រ្ត ដើម្បី​មនុស្ស​ជំនាន់​ក្រោយ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យមន្ត្រីបញ្ឈប់ការវាយកម្ទេចសំណង់វប្បធម៌ប្រវត្តិ​សាស្ត្រ សំណង់​បុរាណ និងសំណង់អគារបេតិកភណ្ឌ នៅតាម​បណ្ដារាជធានី-ខេត្ត ដើម្បីកា​រ​ពារនិងថែរក្សាឱ្យបានគង់វង្សទុកឱ្យអ្នកជំនាន់ក្រោយបានដឹង។

​ក្នុងសារាចរស្ដីពីការទប់ស្កាត់ការវាយកម្ទេចនិងបំផ្លាញសំណង់បេតិកភណ្ឌ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដឹងថា ការបាត់បង់និងការវាយបំផ្លិចបំផ្លាញ ដោយសារតែទំនើបកម្ម បានធ្វើឱ្យខូចខាត​ចំពោះសំណង់អគារបេតិកភណ្ឌនៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះមាន​សំណង់​អគារបេតិកភណ្ឌមួយចំនួនបានរងហានិភ័យ និង​​ស្ថិតក្រោម​ការគំរាមកំហែងខ្ពស់ដោយ​ការ​អភិវឌ្ឍ ដែលទាមទារឱ្យមានការថ្លឹងថ្លែងរវាងការអភិវឌ្ឍនិងការអភិរក្សឱ្យមានតុល្យភាព។

ករណីនេះ ដើម្បីឱ្យការងារអភិរក្សតំបន់ទីក្រុងដែលមានសំណង់អគារសាសនាផ្សេងៗ ស្របតាមច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌នៅឆ្នាំ១៩៩៦ រាជរដ្ឋាភិបាលបានណែនាំ​ទៅក្រសួងនិងស្ថាប័នដែលគ្រប់គ្រងទាំងអស់ មិនត្រូវកែប្រែ ប្ដូរររូបរាង ឬធ្វើឱ្យខូចខាតសោភ័ណភាពចំពោះសំណង់នៃបេតិកភណ្ឌទីក្រុងឡើយ។ 

ក្រៅពីហាមឃាត់មិនឱ្យកែប្រែហើយ រដ្ឋាភិបាលក៏បានណែនាំ​ឱ្យ​ទប់ស្កាត់​​ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្រ្ត សំណង់បុរាណ និងសំណង់អគារបេតិក​ភណ្ឌ​ផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការទប់ស្កាត់នេះដើម្បី​ការពារឱ្យនៅគង់វង្ស ខណៈ​ការបំផ្លិចបំផ្លាញ​អគារបេតិកភណ្ឌក្នុងតំបន់ការពារនិងក្រៅតំបន់ការពារ ដោយផ្ដោតលើ​យុទ្ធសាស្រ្ត គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ក៏ត្រូវបញ្ឈប់ជាបន្ទាន់ ដើម្បីជំរុញការអភិរក្សនិងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តរភាព។

ចំណែកសំណង់អាគារបេតិកភណ្ឌ​ដែលនឹងត្រូវជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោលនោះ ត្រូវស្នើសុំការពិនិត្យនិងសម្រេចពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ​និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពី​អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ី​រីវត្ថ បានទេ នៅថ្ងៃនេះ។

និស្សិតដែលកំពុងសិក្សាផ្នែកប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ធូ រិទ្ធិ ចាត់ទុកការរក្សាទុក​សំណង់ប្រវត្តិសាស្រ្តថាជារឿងល្អមួយ ប៉ុន្តែយ៉ាងណា លោក​ក៏បង្ហាញ​ការសោក​ស្ដាយ​ដែរ ត្បិត​សំណង់​ប្រវត្តិសាស្រ្ត ពិសេសវត្តអារាមចាស់ៗ​ជាច្រើនត្រូវវាយកម្ទេចចោល​នាពេលកន្លងមក។

លោកបន្តថា ការក្សាទុកអគារបេតិកភណ្ឌនេះជា​ការជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈវិស័យទេសចរណ៍ ការរីកចម្រើននូវវប្បធម៌ អរិយធម៌ខ្មែរ និងមានមោទកភាពដែលអាច​រក្សាកេរដំណែលរបស់ដូនតាថែមទៀត។

លោកថា៖ «ទី១ ការរក្សាទុកនេះ សុទ្ធសឹងតែជាប្រាក់ចំណូល។ ទី២ វាបង្ហាញពីអរិយធម៌និងវប្បធម៌របស់យើងដែលមានតាំងពីអតីតកាលមក ដែលជាអត្តសញ្ញាណមួយដែលធ្វើឱ្យពិភពលោកបានស្គាល់យើង»។

សាស្ត្រាចារ្យប្រវត្តិសាស្ត្រ លោកបណ្ឌិត វង់ សុធារ៉ា មានប្រសាសន៍ថា មូលហេតុដែលនាំឱ្យមានការកម្ទេចអគារបេតិកភណ្ឌកន្លងមក បណ្ដាលមកពី​ការផ្សព្វផ្សាយមិនទាន់បានទូលំទំលាយអំពីគុណតម្លៃនៃសំណង់អគារប្រវត្តិសាស្ត្រទាំងនោះ ខណៈកម្ពុជានៅមិនទាន់មានអ្នកវាយតម្លៃពីសំណង់បេតិកភណ្ឌនៅឡើយទេ។

លើសពីនេះ លោកថា អ្នកកសាងបច្ចុប្បន្នភាគច្រើន​ឱ្យតម្លៃភាពជឿនលឿន ភាពប្រណិត ជាជាងសំណង់ប្រវត្តិសាស្រ្ត។

តែយ៉ាងណា លោកគាំទ្រចំពោះការរក្សាទុកនូវសំណង់ប្រវត្តិស្រាស្រ្ត ដោយថា ការការពារសំណង់បេតិកភណ្ឌដែលមានតម្លៃចាប់ពីកន្លះសតវត្សរ៍ឡើង​ទៅ ជំរុញឱ្យមានការអភិវឌ្ឍវិស័យ​ទេសចរណ៍ ដែលមានភាពចម្រុះនាថ្ងៃអនាគត។

លោកថា៖ «មនុស្សមិនចេះតែជុំគ្នា ត្រូវទៅលេងនៅមាត់សមុទ្រ ឬទៅមើលប្រាសាទអង្គរវត្តនោះទេ គេអាចចង់ឃើញ ចង់ដឹង ចង់ឮ ចង់រៀនស្ថាបត្យកម្មដែលទើបតែកន្លងហួសចាប់ពីកន្លះសតវត្សរ៍អីជាដើមហ្នឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ