រដ្ឋាករទឹក​ ព្រមាន​ចាត់វិធានការ​ច្បាប់​លើ​ម្ចាស់​ផ្ទះ​ជួល​ដែល​លក់​ទឹក​បន្ត​ជូន​កម្មករ​និង​និស្សិត​បំពាន​កិច្ច​សន្យា

កម្មករ-កម្មការិនីភាគីច្រើនស្នាក់នៅតាមបន្ទប់ជួលរបស់ពួកគេ អំឡុងពេលធ្វើចត្តាឡីស័ក ហើយយូរៗចេញមកក្រៅម្តង ដើម្បីទិញម្អូបអាហារ នៅក្បែរៗតំបន់ស្នាក់នៅរបស់ពួកគេ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (Danielle Keeton-Olsen/VOD)

រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ព្រមានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះម្ចាស់ផ្ទះជួលណាដែលលក់ទឹកបន្តជូនដល់កម្មករនិងនិស្សិតលើសពី ៨០០រៀល​ក្នុងមួយម៉ែត្រគូប ដោយបំពានលើកិច្ចសន្យា​។

ការព្រមាននេះធ្វើឡើងបន្ទាប់ពី​សមាគមមណ្ឌលព័ត៌មានកម្មករ កាលពីពេលថ្មីៗនេះ រកឃើញ​ថា មានម្ចាស់ទីតាំងបន្ទប់ជួលមួយចំនួន​នៅរាជធានីភ្នំពេញ បានលក់ទឹកក្នុងថ្លៃចន្លោះពី១ ០០០​រៀល​ ទៅ៣ ០០០រៀល​ក្នុងមួយម៉ែត្រគូប ខណៈតម្លៃរដ្ឋាករទឹកលក់ឱ្យម្ចាស់ផ្ទះជួលត្រឹមតែ៧០០រៀល​ក្នុងមួយម៉ែត្រគូប និងតម្រូវឱ្យម្ចាស់ផ្ទះជួលលក់បន្តទៅឱ្យកម្មករ-កម្មការិនី និងសិស្ស-និស្សិត តម្លៃត្រឹមតែ៨០០រៀល​ក្នុងមួយម៉ែត្រគូបតែប៉ុណ្ណោះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី១៣ ខែតុលា​​ថា ក្រុម​ការងារជំនាញបានចុះស្រាវជ្រាវរកឃើញថា ម្ចាស់ទីតាំងបន្ទប់ជួលមួយចំនួននៅរាជធានីភ្នំពេញ ​ពិតជាលក់ទឹកជូនកម្មករ-កម្មការិនី និងសិស្ស-និស្សិត ក្នុងតម្លៃ​​ចន្លោះពី១ ០០០​រៀល​ ទៅ៣ ០០០រៀល​ក្នុងមួយម៉ែត្រគូប​ ផ្ទុយពីការព្រមព្រៀងក្នុងកិច្ចសន្យាជាមួយរដ្ឋាករទឹកប្រាក​ដ​មែន។

ករណីនេះ រដ្ឋាករទឹក ព្រមានចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងលើម្ចាស់ផ្ទះជួលឬម្ចាស់បន្ទប់ជួល បើសិនជានៅតែបន្តលក់ទឹកជូនដល់កម្មករនិងនិស្សិតលើសពី៨០០រៀលក្នុងមួយម៉ែត្រគូប ដោយបំពានលើកិច្ចសន្យាទៀតនោះ ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សរសេរថា៖ «រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងមានវិធានការ [ទី១] ពង្រឹងបន្ថែមនូវការអនុវត្តកិច្ចសន្យាខាងលើ និងចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះម្ចាស់ផ្ទះដែលលក់ទឹកបន្ត ដោយប្រើប្រាស់កិច្ចសន្យាជាទឹក ដើម្បីគ្រប់គ្រងការលក់ទឹកជូនដល់កម្មករ-កម្មការិនី និងសិស្ស-និស្សិត។ [ទី២] ពិនិត្យនិងកែលម្អកិច្ចសន្យាលក់ទឹកបន្តឱ្យមានលក្ខណៈ​កាន់​តែប្រសើរ ដើម្បីធានាបាននូវប្រសិទ្ធភាពអនុវត្ត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយដល់កម្មករ-កម្មការិនី និងសិស្ស-និស្សិត»។

រដ្ឋាករទឹក បន្ថែមថា ក្រោយពីចុះស្រាវជ្រាវដល់ទីតាំងផ្ទាល់ គឺម្ចាស់ទីតាំងបន្ទប់ជួលមួយចំនួនបានលក់ទឹកបន្ត ផ្ទុយពីការព្រមព្រៀងក្នុងកិច្ចសន្យា ដោយហេតុថា សម្ពាធទឹកនៅទីតាំងរបស់ពួកគាត់ខ្សោយ ទាមទារបំពាក់ម៉ូទ័របូមជំនួយដែលត្រូវចំណាយខ្ពស់លើថាមពលអគ្គិសនី។ 

ករណីនេះធ្វើឱ្យម្ចាស់ផ្ទះជួលមួយចំនួនបានគិតតម្លៃបំពេញបន្ថែមទៅលើភាពលម្អៀងរវាងនាឡិកាមេ និងនាឡិកាចែកចាយតាមបន្ទប់ជួល រួមទាំងការបាត់បង់ទឹកឬលេចធ្លាយតាមបណ្ដាញ តំណភ្ជាប់ក្នុងបរិវេណផ្ទះជួលជាដើម ហើយថ្លៃលក់នេះក៏ទទួលបានការព្រមព្រៀងគ្នារវាងអ្នកជួលនិងម្ចាស់ផ្ទះផងដែរ។

​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏​បានសំណូមពរដល់សារព័ត៌មានទាំងឡាយ ក៏ដូចជាសមាគមមណ្ឌលព័ត៌មានកម្មករ ព្រមទាំងកម្មករ-កម្មការិនី និងសិស្ស-និស្សិតទាំងអស់ ផ្តល់​ព័ត៌មានជាក់​លាក់​ដល់​​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពីបាតុភាពមិនប្រក្រតីណាមួយ​ដែលកើតឡើង ពាក់​ព័ន្ធនឹងការអនុវត្តគោលការណ៍កំណត់ថ្លៃទឹកស្អាតនេះផងដែរ។

ប្រធាន​នាយកដ្ឋានអាជីវកម្មនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក សោម សុវណ្ណ ប្រាប់ វីអូឌី នៅថ្ងៃ​ទី១៤ ខែតុលានេះថា លោកពុំទាន់អាចពន្យល់ពីកម្រិតច្បាប់សម្រាប់អនុវត្តថាតឹងរ៉ឹងប៉ុណ្ណានៅ​ឡើយ​ទេ ដោយសាររដ្ឋាករទឹកកំពុងធ្វើការជាមួយរដ្ឋបាល​រាជធានីភ្នំពេញ ដើម្បីយកច្បាប់មកអនុវត្ត។ យ៉ាងណា លោកថា សម្រាប់រដ្ឋាករទឹក មានសមត្ថកិច្ចអាចធ្វើបានដូចជា ផាកពិន័យ និងកាត់បណ្ដាញទឹក។

លោក សោម សុវណ្ណ បញ្ជាក់ថា៖ «អាហ្នឹងវាជាសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ ពាក់ព័ន្ធការអនុវត្តច្បាប់កិច្ចសន្យា។ បើខាងខ្ញុំនេះ ជាគោលការណ៍មានតែកាត់បណ្ដាញឬការផាកពិន័យ នេះជាសមត្ថភាពនិងសមត្ថកិច្ចដែលខ្ញុំអាចធ្វើបាន។ បើលើសពីហ្នឹង លុះត្រាអាជ្ញាធរ [មន្ត្រីរដ្ឋាករទឹក និងសាលារាជធានីភ្នំពេញ] គាត់កំណត់សិន»។

កម្មការិនីធ្វើការ​នៅរោងចក្រ​មួយ​នៅ​តំបន់ព្រៃទា រាជធានីភ្នំពេញ កញ្ញា ច្រឹក ដាវី បានឱ្យដឹង​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​​ថា មានកម្មករជាច្រើនដែលប្រើតម្លៃទឹកថ្លៃជាងរដ្ឋកំណត់ ខណៈការដោះស្រាយរបស់អាជ្ញាធរនៅតែមានកម្រិត។ កញ្ញាថា អាជ្ញាធរគួរដឹងពីតួនាទីរបស់ខ្លួនក្នុងការដោះស្រាយ ជាជាងប្រាប់ឱ្យកម្មកររាយការណ៍ ពេលម្ចាស់ផ្ទះជួលលក់ទឹកថ្លៃជាងការកំណត់។

កញ្ញា​ថា៖ «មិនចាំបាច់ចាំកម្មកររាយការណ៍ទេ សំខាន់គាត់ [រដ្ឋាករទឹក] ត្រូវដឹងតួនាទីការងាររបស់ខ្លួន។ [ក្រសួងឧស្សាហកម្ម] គាត់បានចេញសេចក្ដីសម្រេចតម្លៃទឹកត្រឹម៨០០រៀលហ្នឹងតាំង២០១៧ម៉្លេះ ប៉ុន្តែមិនទាន់ឃើញមានការអនុវត្ត អ៊ីចឹងសួរថាចេញមកធ្វើអី? កម្មករខ្លះអត់ដឹងទេ អ៊ីចឹងគាត់នៅតែប្រើទឹកតម្លៃ២ ០០០រៀ​ល រហូតដល់៤ ០០០រៀល​រហូតអ៊ីចឹង? គាត់ [មន្ត្រី] មានតួនាទីក្នុងការដោះស្រាយ សហការជាមួយម្ចាស់ផ្ទះ ដើម្បីធានាតម្លៃតាមសេចក្ដីសម្រេច [៨០០រៀលក្នុងមួយម៉ែត្រគូប] មិនមែនទម្លាក់បន្ទុកឱ្យកម្មករពេលមានបញ្ហាតម្លៃថ្លៃហើយ ឱ្យ​គ្នា​​ទៅ​ប្តឹង​ទៀត ចុះតួនាទីរបស់គាត់នៅឯណា?»

 
បុគ្គលិក​គាំទ្រក​ម្មវិធី​សមាគមមណ្ឌលព័ត៌មានកម្មករ កញ្ញា សុត ផង បានលើកឡើង​ដែរ​​ថា អ្វីដែលរដ្ឋាករទឹកលើកឡើង គឺជារឿងដដែលៗ និងមិនមានហេតុផលថ្មីទេ។ កញ្ញាថា រដ្ឋាភិបាលគួរព្យាយាមបំពេញ​តួនាទីរបស់ខ្លួនជាជាង​ព្យាយាម​​រកហេតុផល​មកទម្លាក់ឱ្យកម្មករជាអ្នកទទួលខុសត្រូវ។

កញ្ញា​​ថា៖ «ទាក់ទងជាមួយហេតុផលដែលរដ្ឋាករទឹកលើកឡើងហ្នឹង វាមិនមែន​ជា​ហេតុ​ផលថ្មីទេ មានន័យថា គាត់បានលើកអាហ្នឹងឡើងនៅពេលដែលគាត់ជួបពិភាក្សាជាមួយសមាគមមណ្ឌលព័ត៌មានកម្មករ ហើយយើងក៏បានលើកហេតុផលហ្នឹងដែរនៅពេលយើងធ្វើសិន្និសីទកាសែត ព្រោះ​ដូចយើង​ជជែកអ៊ីចឹងថា​អាហ្នឹងជាបញ្ហា វាជាហេតុផល។ ប៉ុន្តែតើតួនាទីរបស់រដ្ឋាភិបាលនៅឯណា? ហេតុអី​បានព្យាយាមយកហេតុផល ១, ២, ៣ ហ្នឹង មកទម្លាក់ឱ្យកម្មករជាអ្នកទទួលខុសត្រូវ ខណៈ​ដែល​​កម្មករ​ជាអ្នកជួលផ្ទះ ហើយប្រាក់ឈ្នួលតិចតួច»។

មុនរដូវកាលបោះឆ្នោតជាតិអាណត្តិទី៦មកដល់ កាលពីចុងខែសីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ តទៅ តម្លៃប្រើប្រាស់ទឹកសម្រាប់កម្មករនៅតាមបន្ទប់ជួល នឹងចំណាយត្រឹម៨០០រៀលប៉ុណ្ណោះក្នុងមួយម៉ែត្រគូប។

ក្រោយការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ក្រសួងឧស្សាហកម្មក៏បាន​ចេញ​សេចក្តីសម្រេច​មួយ​ ដោយ​កំណត់ឱ្យ​ម្ចាស់ផ្ទះជួលទាំងអស់លក់ទឹកស្អាត​តម្លៃ៨០០​រៀលក្នុង១ម៉ែត្រគូប ដល់និស្សិតនិងកម្មករ ទៅតាម​បទបញ្ជារបស់​នាយករដ្ឋមន្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ