ពលរដ្ឋស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ផ្សព្វផ្សាយ​បន្ថែម​ពី​ការ​បែងចែក​សំរាម​នៅ​ភ្នំពេញ ខណៈឱសានវាទ​នៅ​ពីរ​សប្ដាហ៍​ទៀត

សន្តិសុខ​ខណ្ឌ​មួយ​រូប​កំពុង​បោះ​ស្បោង​សំរាម​ចូល​រថយន្ត ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ អំឡុង​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន ស៊ីន​ទ្រី ធ្វើកូដកម្ម​មិន​ចូល​ធ្វើការ នៅ​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។ (ត្រាន់ តិច​សេង​)

ប្រជា​ពលរដ្ឋ អាជីវករ និង​បុគ្គលិក​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ផ្សព្វផ្សាយ​បន្ថែម​ទៀត ពី​របៀប​នៃការ​បែងចែក​សំរាម ខណៈដែល​ថ្ងៃ​អនុវត្តន៍​ការ​ផាកពិន័យ​នឹង​ធ្វើឡើង​ចាប់​ពី​ខែវិច្ឆិកា​ខាង​មុខ​នេះ។

ព្រះតេជគុណ ហ៊ីន ចាន់មករា ជាសមណ​សិស្ស​វិទ្យល័យ​ព្រះសុរាម្រឹត​បាន​លើកឡើង​ថា បច្ចុប្បន្ននេះ​ប្រជាពរដ្ឋ​នៅ​រាជធានី​ភ្នំពេញ នៅមិនទាន់​បាន​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវនៅ​ឡើយ​ទេ។ លើសពី​នេះប្រជាពលរដ្ឋមួយ​ចំនួន​ពួកគេ​បាន​ដឹង​អំពី​សេចក្ដីណែនាំ​ ក៏ដូចជាច្បាប់​ជា​ដើម ក៏ប៉ុន្តែពួកគេ​នៅតែ​បន្តមិន​អនុវត្តន៍​ការ​ទុកដាក់​សំរាម​ឱ្យបានត្រឹមត្រូវ​នៅឡើយ។

ព្រះអង្គ​សង្ឃឹម​ថា ភាគី​ពាក់ព័ន្ធ​ពិសេស​អាជ្ញាធរ គួតែ​ផ្សព្វផ្សាយ​បន្ថែម​ទៀត ដល់​ប្រជាពលរដ្ឋ។ ចំណែក​ឯ​ប្រជាពលរដ្ឋ​ទាំងអស់​ពិសេស​នៅ​រាជធានី​ភ្នំពេញ គួរមាន​ការបែងចែក​សំរាម​ឱ្យបាន​ត្រឹមត្រូវ មាន​ការ​ទទួល​ខុសត្រូវ និង​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​សំរាម​ក៏ដូចជា ចេះកែ​ច្នៃសំរាម​សម្រាប់​ប្រើប្រាស់​ឡើងវិញ​ផងដែរ។

ព្រះអង្គលើក​ឡើង​ថា៖ «ការណែនាំ គឺ​វានៅតែ​ខ្វះខាត​អ៊ីចឹង​ ត្បិត​ថា ​ប្រជា​ពល​រដ្ឋ​បាន​ឃើញ​មែន​ ប៉ុន្តែការ​បាន​ឃើញ​នឹង​ទៀត​សោត​ពួ​កគាត់​មិន​ទាន់​បាន​អនុវត្តតាមបាន​​នោះ​ទេជាចុងក្រោយ​អាត្មាសង្ឃឹម​ថា​ មិនថា​តែរាជធានី​ភ្នំពេញ ឬ​តាមបណ្ដាខេត្ត​ផ្សេងៗ​ឱ្យមាន​ការបែង​ចែក​សំរាម​ឱ្យបាន​ច្បាស់លាស់​ ហើយមាន​ភាពទទួល​ខុសត្រូវលើ​សំរាម​ទាំងអស់​ហ្នឹង ឬក៏​ទិញ​របស់ហ្នឹង​យក​ទៅកែ​ច្នៃឡើង​វិញ​ដើម្បីអាច​ប្រើប្រាស់​ម្ដង​ទៀត»។

ម្ចាស់​ហាង​កាហ្វេ ដើមកាហ្វេ លោក កែន សំបូរ បានលើក​ឡើង​ថា ការបែកចែក​សំរាម​នេះគួរតែ​ធ្វើយូរ​ហើយ ហើយ​ចំពោះការ​ទុកដាក់​នេះមិន​មែន​ជារឿងពិ​បាក​នោះទេ ប្រសិន​បើប្រជាពលរដ្ឋ​មានការ​សហការ​គ្នា​រវាង​រដ្ឋ និង​ប្រជាពលរដ្ឋ ពិសេស​រដ្ឋបង្កើន​ការ​ផ្សព្វផ្សាយជូន​ប្រជាពលរដ្ឋ។

លោកលើក​​ឡើក​ថា៖ «ជាចុងក្រោយ​សូមឱ្យ​សាលារាជធានី​ក្រុង​នៅពេល​ចេញ​ច្បាប់​ជួយផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​ឱ្យដូចព័ត៌មាន​ស្រាបៀរ​ផង និង​សំណូមពរ​ដល់​ប្រជាជន​មានចំណេះដឹង និង​ស្វែងយល់​ពី​ផលប៉ះពាល់​នៃការចោល​សំរាម ព្រោះ​ឃើញជាក់ស្តែង​ប្រជាជន​បើ​និយាយ​អំពីចំណេះដឹង​នៃ​ការ​អនុវត្តច្បាប់ និង​ការ​យល់ដឹង​ពី​ផលប៉ះពាល់​រឿង​សំរាមហ្នឹង គឺ​មិន​មាន​ទេ»។

ប្រធាន​រដ្ឋបាល​ទូទៅ​និង​ជាជំនួយការ​តំណាង​ការិយាល័យ​ក្រុមហ៊ុន​ប្រមូល​សំរាម Mizuda លោក សៀង សាមុទ្ទមាស បានលើក​ឡើង​ថា បច្ចុប្បន្ន​មិនទាន់​មានការ​បែងចែក​ប្រភេទសំរាម​ទេ គឺការ​ប្រមូល​សំរាម​ធ្វើឡើង​ក្នុង​ស្ថានភាព​ធម្មតា ព្រោះប្រជាពលរដ្ឋក៏​មិនទាន់​បែងចែក​សំរាម​នៅ​ឡើយ។ លោកបានសំណូមពរ​ឱ្យប្រជាពលរដ្ឋទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និងតាម​កាល​កំណត់។

លោកលើកឡើងថា៖«សូមសំណូមពរ​ដល់​ប្រជាពលរដ្ឋ​ជួយគោរព​ស្រលាញ់​បរិស្ថាន​ទាំងអស់​គ្នា ជាពិសេស​គោរពតាម​សេចក្តីប្រកាស​របស់​សាលារាជ​ធានី​ភ្នំពេញ និង​ជួយ​បញ្ចេញសំរាមឱ្យ​ទាន់ពេល ទាន់​ម៉ោង ពេលកម្មករ​ទៅយក​សំរាម ដើម្បីកុំឲ្យរំខាន​ដល់ការ​ធ្វើការរបស់​ក្រុមហ៊ុន»

គួរបញ្ជាក់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីណែនាំមួយ កាលពីថ្ងៃទី១៦ ខែកញ្ញា ឱ្យប្រជាពលរដ្ឋមាន​ការ​ញែក ការវេចខ្ចប់ ការទុកដាក់ និង​ការបញ្ចេញ​សំរាម និងសំណល់រឹង ដូចជា ទីមួយ សំរាម និងសំណល់រឹង។ ទី១.មុននឹងបញ្ចេញ ត្រូវសម្រិតទឹកដាក់ក្នុងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ ទី២. ត្រូវញែកសំរាម សំណល់រឹង ជា២ប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ដោយដាក់នៅក្នុងថង់ដាច់ដោយឡែកពីគ្នាជាដើម។​ ការអនុវត្តនឹងចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ ការអនុវត្តនេះ គឺបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានទទួលការដេញថ្លៃជ្រើសរើសក្រុមហ៊ុនប្រមូលសំរាមចំនួន ៣ ដែល​បាន​អនុវត្តន៍​ការប្រមូលសំរាមនៅក្នុងតំបន់រៀងៗខ្លួន ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១មក។

ទោះជាយ៉ាងនេះក្តី អ្នកបើករថយន្តដឹក​សំរាម​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​មួយ បាន​លើកឡើង​ដោយ​សុំមិន​បញ្ចេញ​ឈ្មោះថា មកដល់​ឥឡូវនេះ​មិនទាន់​មានការ​ប្រែប្រួល​ជាវិជ្ជមាននោះ​ទេ ព្រោះ​ប្រជាពលរដ្ឋ​សឹង​តែទាំង​អស់​គ្នាទៅ​ហើយ ដែល​មិនមាន​ការ​បែងចែក​សំរាម។ បន្ថែម​លើ​នេះ លោកនៅ​មានក្ដីបារម្ភ​ថា នៅពេលសា​លាក្រុង​ឱ្យមាន​ការ​បែងចែក​សំរាម ប្រហែល​ជា​ក្រុមហ៊ុន​មិនអាច​មាន​រថយន្ត​គ្រប់គ្រាន់​សម្រាប់​ដឹកសំរាម​នោះ​ទេ។

លោកលើក​ឡើង​ថា៖ «នៅពេល​ដែល​ប្រជាពលរដ្ឋគាត់​បែងចែក​សំរាម​ អ៊ីចឹង​បានន័យ​ថាឡាន​ប្រភេទ​អីត្រូវយក​ប្រភេទ​ហ្នឹង តើ​ក្រុមហ៊ុនមាន​ឡានគ្រប់គ្រាន់​សម្រាប់​យក​សំរាម​បែងចែក​ហ្នឹង​ទាន់​ឬ​អត់?»

យ៉ាងណាក្តី អភិបាលរាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បានគូស​បញ្ជាក់​ថា រដ្ឋបាល​រាជធានីភ្នំពេញ​កំពុងតែ​រៀបចំ​និង​អនុវត្តតាម​ផែនការ​នៃការ​បែងចែក​សំរាម​របស់​ខ្លួន ឱ្យទាន់​ថ្ងៃកំណត់ គឺនៅថ្ងៃទី១ ខែវិច្ឆិកា ខាងមុខនេះ។

លោកថា៖ «យើងមិន​ទាន់​ទេ នេះគ្រាន់​តែជា​ផែនការ យើងនឹងរៀបចំ​ជាជំហាន ទីមួយ​គឺ​រាជរដ្ឋាភិបាល​ក្រោមការ​ដឹកនាំ​របស់​សម្ដេច បាន​ចង្អុលបង្ហាញ​ប្រគល់​ភារកិច្ច​ជូន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសេដ្ឋកិច្ចហិញ្ញវត្ថុកំណែទម្រង់​សំរាម​នេះ យើងធ្វើកំណែ​ទម្រង់​បាន​ជោគជ័យហើយ ៣ក្រុមហ៊ុន​មក​យក [ប្រមូលសំរាម]​ នៅទីក្រុង​ភ្នំពេញ»

គួជម្រាបជូន​ថា បើតាមសេចក្តីជូន​ដំណឹង​របស់​រដ្ឋបាលរាជធានីភ្នំពេញ​កាលពី​ថ្ងៃទី១៦ ខែកញ្ញា ការបែងចែក​សំរាម​ជា​ពីរ​ប្រភេទ ​គឺ​សំរាម​សើម​ រួមមាន​ សំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា ត្រូវដាក់នៅក្នុងថង់ពណ៌ខ្មៅ ចំណែកសំរាមស្ងួត រួមមាន ក្រដាស ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទីក ហ្វូម ជ័រ ដែក កំប៉ុង ឬដប ជាដើម ត្រូវដាក់នៅក្នុងថង់ពណ៌ស។ សេចក្តីជូនដំណឹងបានហាមការវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា បំបែងកញ្ចក់ និងសំណល់មុតស្រួចនានា លាយឡំជាមួយនឹងសំរាមសើម និងសំរាមស្ងួត។ ចំណែកកាកសំណល់ពិសេសផ្សេងៗទៀត ដូចជា មែកឈើ ឬ គ្រឿងសង្ហារឹម គ្រឿងសំណល់ពីការដ្ឋានសំណង់ផ្សេងៗ ត្រូវទាក់ទងទៅអាជ្ញាធររាជធានីភ្នំពេញដើម្បីចាត់ចែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ