កម្ពុជាមានគម្រោងដកវិធានការ​រឹត​បន្តឹង​​លើ​​ការ​នាំ​ចូល​សាច់​បង្កក​ពី​ប្រទេស​ឥណ្ឌា​វិញ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

អគ្គនាយកដ្ឋាន​គយ គ្រោង​ស្នើសុំការ​អនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ដើម្បី​ដក​ចេញ​វិធានការ​សុខាភិបាល លើការ​នាំចូល​សាច់​បង្កក​មកពី​ប្រទេស​ឥណ្ឌា​ចាប់ពីចុង​ខែតុលា ឆ្នាំ២០២១​តទៅ ខណៈអ្នក​ជំនាញ​វេជ្ជសាស្ត្រ​ស្នើឱ្យ​មានការ​ត្រួតពិនិត្យ​ឱ្យបាន​ហ្មត់ចត់។

គម្រោង​ស្នើសុំ​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មាន​កិច្ចពិភាក្សា​រវាង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និងរដ្ឋាករ​កម្ពុជា ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ការ​អនុវត្ត​វិធានការ​ពាក់ព័ន្ធ​នឹងការ​នាំចូល​សាច់បង្កក និង​មុខទំនិញ​បង្កក​ពី​ប្រទេស​មាន​ហានិភ័យ​ខ្ពស់ និង​ពិភាក្សា​លើការ​បន្ធូរបន្ថយ​វិធានការ​មួយ​ចំនួន ដើម្បី​ឱ្យមាន​ភាព​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង​នៃការរីករាលដាល​ជំងឺ​កូវី-១៩។

តាម​សេចក្ដីប្រកាសព័ត៌មាន​របស់​អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បញ្ជាក់ថា ក្រុមការងារ​តាមដាន​និង​វាយតម្លៃ​ពី​ស្ថានភាព​នៃការរីករាលដាល​ជំងឺកូវីដ-១៩ នៅ​ប្រទេស​សំខាន់ៗ ដែលនាំចេញ​មុខទំនិញ​សាច់បង្កក​មក​កម្ពុជា​ឱ្យដឹង​ថា អត្រា​នៃការឆ្លង​នៅប្រទេស​ទាំង​នោះ មានការ​ធ្លាក់​ចុះយ៉ាង​ច្រើន ដែល​ជាកត្តា​កាត់បន្ថយ​ហានិភ័យ​នៃវត្តមាន​វីរុសកូវីដ-១៩ លើសាច់បង្កក​នាំចូល​មក​កម្ពុជា។ ករណីនេះ អគ្គនាយកដ្ឋាន​គយ គ្រោងស្នើ​សុំការ​អនុញ្ញាត​ពី​រដ្ឋាភិបាល ដើម្បី​សុំដក​ចេញ និង​យក​សំណាក​សាច់​បង្កក នាំចូល​មក​ពីប្រទេស​ឥណ្ឌាទៅ​ធ្វើតេស្ត​រក​មេរោគ​កូវីដ-១៩នោះ ចាប់ពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ តទៅ។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍​ថា តាម​ផ្នែក​វេជ្ជសាស្ត្រ ការនាំចូល​សាច់បង្កក​ពី​បរទេស​មិន​ថា មកពី​ប្រទេស​ឥណ្ឌា ឬ​ប្រទេស​ណាក៏​ដោយ ទាមទារ​ឱ្យក្រសួង​ពាក់ព័ន្ធ​ពិនិត្យ​ឱ្យបាន​ដិតដល់ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ជំងឺ​ផ្សេងៗ​ក្នុង​សាច់បង្កក​នោះ នាំឱ្យឆ្លង​ដល់​ប្រជាពលរដ្ឋ​ដែលទិញ​យក​ទៅ​បរិភោគ​ជាដើម។

កាលពី​ថ្ងៃទី២៧ ខែកក្កដា ក្រសួង​សុខាភិបាល​កម្ពុជា​បានប្រកាស​ពីការរកឃើញ​វីរុស​កូវីដ-១៩​នៅក្នុងសាច់ក្របី​បង្កក​ចំនួន៣កុងតឺន័រ​ក្នុងចំណោម​៥កុងតឺន័រ​ ដែលនាំចូល​មកពី​ប្រទេស​ឥណ្ឌា។​ ភ្លាមៗនោះ អាជ្ញាធរ​គយកម្ពុជា​បានសម្រេចដុតកម្ទេច​ចោល ដើម្បី​ជៀសវាង​ការឆ្លងរាលដាល​ទៅអ្នកបរិភោគ​។ ចាប់តាំង​ពីពេល​នោះ​មក ការនាំ​ចូលសាច់​បង្កក​ពី​ប្រទេស​ឥណ្ឌានៅតែ​បន្ត ក៏ប៉ុន្តែ​ត្រូវ​អនុវត្តន៍​លក្ខខណ្ឌចាំបាច់​ចំនួន​២​ គឺ​តម្រូវ​អោយ​មាន​លិខិត​បញ្ជាក់ ​ឬ​វិញ្ញាប័ណ្ណ​ប័ត្រ​ចេញ​ដោយ​អាជ្ញាធរ​ប្រទេស​ឥណ្ឌាថា ​គ្មាន​វិជ្ជមាន​កូវីដ-១៩ ​និង​​តម្រូវ​ឱ្យ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា​យក​ទៅ​ធ្វើ​តេស្តនៅពេល​សាច់បង្កក​ទាំង​នោះ​មក​ដល់​កម្ពុជា។

លោក អ៊ូច វុទ្ធី ថ្លែងថា៖ «គួរណា​តែ​មន្ត្រីយើង​ពួតដៃ​គ្នា យកសាច់​ទាំងអស់​ហ្នឹងចូល​ឡាបូ​មើលបន្ថែម​ទៀត ហើយ​កុំទុក​ចិត្ត។ ឈ្មួញ​រកស៊ីគេ​ត្រូវការ​ចំណេញ​ ចឹងអ្វី​ដែល​គេនាំ​ចូលគេ​គិត​តាំងពីពេល​វេលា លើកដាក់ ថ្លៃដឹក ទម្រាំមកដល់​ស្រុក​យើង  ព្រោះសាច់​ក្លាសេ​យូរ អាច​ហួសបរិច្ឆេទ ឬខូចគុណភាព អាច​បង្ក​ផល​​ប៉ះពាល់​សុខភាព​ពលរដ្ឋ​មិន​ថា បច្ចុប្បន្ន និង​អាច​ពេលអនាគត​របស់​ពលរដ្ឋ»

លោក អ៊ូច វុទ្ធី ថ្លែងបន្តថា៖ «ក្លាសេ​ទៅជា​ទឹកកក​ហ្នឹង មេរោគ​មិន​អាច​នៅបាន​ទេ វាគេច​ផុតហើយ។ តែបើ​អស់ពី​ទឹកកក វាមកវិញ​ហើយ ចំណុចហ្នឹង​ហើយ​ជាហានិភ័យ»

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព លោក យង់ គិមអេង​ មានប្រសាសន៍​​ថា អាជ្ញាធរ​គួរ​ពិចារណា​​ឡើង​​វិញ​ និង​អាច​​ពិនិត្យ​ពី​លក្ខខណ្ឌ​ ដើម្បី​អនុវត្ត​​យ៉ាង​ណា​ឱ្យការនាំ​ចូលជា​ប្រភេទ​សាច់បង្កក​មាន​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ។

លោក យង់ គិមអេង បន្ថែមថា៖ «អាហ្នឹង​ជា​បញ្ហា​ប្រឈម​ដែលខ្ញុំមាន​ការ​ព្រួយបារម្ភ​ដែរ។ បើសិនជា​យើង​មិនបាន​ពិនិត្យ​ច្បាស់លាស់​ទេ ហានិភ័យ​អាចនឹង​កើត​ឡើង។ យើង​អាច​នឹង​ធ្វើឱ្យមាន​បញ្ហាដូចពី​លើក​មុន​ដែរ។ ចឹងខ្ញុំថា គួរតែមានការ​ពិនិត្យឱ្យបាន​ច្បាស់លាស់​ជាការប្រសើរ»

ក្នុង​លិខិត​ដដែល អគ្គនាយកដ្ឋានគយ​និង​រដ្ឋាករ​កម្ពុជា​បញ្ជាក់​ថា ក្នុងចំណោម​ទំនិញ​សាច់បង្កក​នាំចូល ចំនួន ១៥០ កុងតែន័រ ដែល​ជា​មុខសញ្ញា​ធ្វើតេស្ត​រកវីរុស​កូវីដ-១៩ មានតែ ៣ កុងតែន័រប៉ុណ្ណោះ ដែលបាន​រក​ឃើញ «វិជ្ជមាន» និង​ត្រូវបាន​ដុតបំផ្លាញ​ចោល កាលពី​ចុង​ខែកក្កដា ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ