ក្រសួង​ធនធាន​ទឹក​ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយត្ន​ខណៈ​កម្ពុជា​នឹង​រង​ឥទ្ធិពល​ពី​កូន​ព្យុះ​មួយ

ផ្ទះមួយខ្នងរងការខូចខាតដោយសារខ្យល់កន្ត្រាក់កាលពីដើមខែមេសា ឆ្នាំ២០២១ នៅខេត្តបាត់ដំបង។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យពលរដ្ឋរស់នៅតាមតំបន់មួយចំនួនបង្កើនការប្រុងប្រយត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង និងបាតុភូតធម្មជាតិនានា ដែលនឹងអាចកើតឡើង ខណៈកម្ពុជានឹងរងឥទ្ធិពលពីសម្ពាធទាបសកម្ម ហើយវិវត្តន៍ទៅជាវិសម្ពាធឬ កូនព្យុះមួយចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលានេះ។

ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី ២៥​ខែតុលានេះ បានព្យាករថា មានសម្ពាធ​ទាបសកម្មមួយ នឹងវិវត្តជាបន្តបន្ទាប់ទៅជាកូនព្យុះ ដោយធ្វើដំណើរចូលដល់​ភាគខាងត្បូងប្រទេសវៀតណាម រួចថមថយឥទ្ធិពលមកជាសម្ពាធទាប នៅពេលឆ្លងចូលមកដល់​ភាគខាងត្បូងប្រទេសកម្ពុជា។

ក្រសួងធនធានទឹក និងឧតុនិយម សរសេរថា «មានសម្ពាធទាបសកម្មមួយបាននឹងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង។ តាមការព្យាករ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ សម្ពាធទាបសកម្មនេះ នឹងវិវត្តជាបន្តបន្ទាប់ទៅ វិសម្ពាធ ឬ កូនព្យុះ ដោយធ្វើដំណើរចូលដល់លើភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ ។ បាតុភូតខាងលើនេះ នឹងថមថយឥទ្ធិពលមកជាសម្ពាធទាប នៅពេលដើរចូលមកដល់លើភាគខាងត្បូងប្រទេសកម្ពុជា»។

ក្រសួងធនធានទឹក និងឧតុនិយម ថា លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មានស្ថានភាពដូចជា ផ្ទៃមេឃមានពកច្រើនដេរដាស នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីបង្គួរទៅខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់មានល្បឿនបង្គួរ។ ស្ថានភាពនេះ នឹងអាចបង្កជា ជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រតំបន់វាលទំនាបដូចជា រាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ។

ចំណែក តំបន់ខ្ពង់រាប ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ផ្ទៃមេឃមានពពកច្រើនដេរដាស នឹង អាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីបង្ហូរទៅខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់ មានល្បឿនខ្លាំង នឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ត្បូងឃ្មុំ និងខេត្តកំពង់ចាម។

តំបន់មាត់សមុទ្រវិញ គឺផ្ទៃមេឃមានពពកច្រើនដេរដាស នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំជាមួយខ្យល់កន្ត្រាក់ នឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រ នឹងមានភ្លៀង ខ្យល់ និងរលកសមុទ្រខ្ពស់ៗ។

យោងលើស្ថានភាពអាកាសធាតុខាងលើ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់សាធារណជនឱ្យបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង​ជាយថាហេតុ។

ក្រសួងធនធានទឹក និងឧតុនិយម អះអាងថា​កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះ ហើយនឹងរាយការណ៍ជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ