ក្រសួង​អប់រំ​​កំណត់​កាល​បរិច្ឆេទ​​ប្រឡង​​បាក់ឌុប​ថ្មីនៅ​​​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១

សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ (ប្រភពរូប៖ ក្រសួងអប់រំ)

ក្រសួង​អប់រំ យុវជន និងកីឡា បាន​សម្រេច​រំកិល​កាលបរិច្ឆេទ​នៃការ​ប្រឡង​សញ្ញាប័ត្រមធ្យម​សិក្សាទុតិយភូមិ ឬ ប្រឡង​បាក់ឌុប ពីថ្ងៃទី៦​ទៅធ្វើ​នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វិញ។

អ្នកនាំ​ពាក្យក្រសួង​អប់រំ យុវជន និងកីឡា លោក រស់ សុវាចា បាន​ប្រាប់​វីអូឌី តាម​រយៈសារតេឡេហ្គ្រាម នៅយប់​ថ្ងៃទី៥ ខែវិច្ឆិកានេះថា ក្រសួង​អប់រំ​បាន​កំណត់​យក​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជាកាល​បរិច្ឆេទ​ថ្មី​នៃការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សាទុតិយភូមិ ឬ បាក់ឌុប។

លោកថា៖ «ការប្រឡង​បាក់ឌុប​ឆ្នាំ២០២១នេះ នឹង​ត្រូវ​រៀបចំ​តាម​ទម្រង់​ដូចឆ្នាំមុនៗ និង​ត្រូវ​បន្តអនុវត្តន៍តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន ស្រប​នឹង​វិធានការ​សុវត្ថិភាព​សុខភាព»។

ការកំណត់​កាលបរិច្ឆេទប្រឡង​បាក់ឌុប​ថ្មីនេះ ធ្វើឡើង​បន្ទាប់​ពីថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រជុំ​វាយតម្លៃ​លើ​ស្ថានការណ៏​នានា ដើម្បី​បន្តរៀបចំ​ការប្រឡង​បាក់ឌុប នៅរសៀល​ថ្ងៃ៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

កាលពីថ្ងៃទី៣ ខែវិច្ឆិកា រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានប្រាប់​អ្នកកាសែត​ថា ក្រសួង​នឹង​ពិចារណា​ពន្យាពេល​ការ​ប្រឡង​សញ្ញាប័ត្រ​បាក់ឌុបឆ្នាំនេះ​ ដែលគ្រោង​ធ្វើនៅ​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បី​ទុកឱកាស​ឱ្យ​សិស្សានុសិស្ស​មាន​ពេល​វេលា​ថែមទៀត​ដើម្បី​រៀន​សូត្រ​ត្រៀម​ប្រឡង។

បើតាម​លោក រស់ សុវាចា ដដែល ក្រសួង​ក៏បានសម្រេច​កំណត់​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សាបឋមភូមិ (ថ្នាក់ទី៩) នៅ​រក្សា​កាល​បរិច្ឆេទដដែល គឺ​នៅ​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈការ​បើក​បវេសនកាល​ឆ្នាំសិក្សាថ្មី​២០២១-២០២២ នឹង​ចាប់​ផ្តើ​មនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ