លោកស្រី ព្រុំ ចាន់ថា ថា​ជា​រឿង​អយុត្តិធម៌​ដែល​តុលាការ​បាន​ចាត់​ទុក​គ្រួសារ​អ្នកស្រី​ជា​អ្នក​ទោស​នយោបាយ​

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ (គួយ ឡង់ឌី)

ម្ដាយ​របស់​ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ គឺលោកស្រី ព្រុំ ចាន់ថា បានលើក​ឡើង​ថា ជារឿងអយុត្តិធម៌ ដែល​តុលាការ​បាន​ចាត់​ទុក​គ្រួសារ​អ្នកស្រី​ជាអ្នកទោស​នយោបាយ​រួចទៅ​ហើយ ហើយ​កន្លង​មក​អ្វីដែល​គ្រួសារ​អ្នកស្រី​បាន​ធ្វើមិន​មែន​ជា​រឿង​ខុសច្បាប់​នោះទេ។

ការលើក​ឡើង​របស់​អ្នកស្រី​នេះ គឺ​បន្ទាប់​ពី​អ្នកនាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃទី៥ ខែវិច្ឆិកាថា តុលាការ​បាន​កាត់ទោស​ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ដាក់​ពន្ធនាគារ​កំណត់​ទណ្ឌកម្មត្រឹមពាក់​កណ្តាល​នៃ​ទោស​ដែលច្បាប់​បាន​កំណត់​ចំពោះ​នីតិជន​នោះ ថាគឺ​ជាការ​គិតគូ​លើ​ផល​ប្រយោជន៍​របស់​អនីតិជន និងថា ជនជាប់ចោទ កាក់ សុវណ្ណច្ឆ័យ ធ្លាប់ជាប់​ចោទ​ម្តង​ក្នុង​សំណុំរឿង​ដូចគ្នា​នេះ។

ប៉ុន្តែ​លោកស្រី ព្រុំ ចាន់ថា យល់​ថា តុលាការ​គួរទម្លាក់​រាល់​ការ​ចោទប្រកាន់​ទាំងអស់​ទៅលើកូន​របស់​អ្នកស្រី​ដោយ​មិន​ត្រូវកាត់​ឱ្យមាន​ទោស ហើយ​ព្យួរទោស​ ដោយមាន​ការ​តាមដានទៀត​នោះ​ទេ។ លោកស្រីថា កូនអ្នកស្រី​អត់មាន​កំហុស​ទេ ហើយ​ការកាត់​ទោស​បែប​នេះ ប្រៀប​ដូចជា​ការដាក់គុក​ឥត​ជញ្ជាំង​ដូច្នេះ​ដែរ។

លោកស្រី​លើកឡើង​ថា៖ «ទោះបី​ខ្ញុំស្រែក​ប៉ុណ្ណា​ក៏​គាត់​ [តុលាការ] មិន​ដែល​ខ្វល់​ពួកខ្ញុំ​ត្រូវតែ​អញ្ចឹង ធម្មតា​តាំង​ពី​ដើម​មក​តុលាកា​មិនដែល​ឱ្យពួក​ខ្ញុំត្រូវ​ទេ ទាំង​អស់​ហ្នឹង​ជាប់​គុក​ឥតកំហុស​អ៊ីចឹង​ដែល​អោយ​ពួកខ្ញុំ​ត្រូវតាំង​ពីកាល​ណា?»

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីប្រកាសព័ត៌មាន​មួយ​កាល​ពី​ថ្ងៃទី៥ ខែវិច្ឆិកា ដោយបាន​ពន្យល់​ពី​ករណី​របស់​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ កូនប្រុស​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​លោក កាក់ គុម្ភា ដែល​កំពុង​ជាប់​ពន្ធនាគារ​ថា ដោយមាន​ការគិតគូ​ពិចារណា​លើ​ផលប្រយោជន៍​របស់​អនីតិជន តុលាការ​កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​សម្រេច​ផ្តន្ទាទោស​ជន​ជាប់ចោទ​ដាក់ពន្ធនាគារ​កំណត់​ទណ្ឌកម្ម​ត្រឹមពាក់​កណ្តាល​នៃទោស​ដែលច្បាប់​បាន​កំណត់​ចំពោះ​នីតិជន​នោះ គឺជាការគិតគូ​លើ​ផលប្រយោជន៍របស់​អនីតិជន ហើយ​ទោស​នេះត្រូវបាន​អនុវត្ត​ក្នុង​ពន្ធនាគារ​តែមួយ​ផ្នែក​ប៉ុណ្ណោះ។ ទោសដែល​នៅសល់​ត្រូវព្យួរ​សាកល្បង។

កាលពី​ថ្ងៃទី១ ខែវិច្ឆិកា តុលាការ​បានកាត់ទោស​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ ដាក់​ពន្ធនាគារ​៨ខែ ពីបទញុះញង់​បង្កឱ្យមាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម និង​បទប្រមាថ ដែលប្រព្រឹត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ២០២១ និងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៩៤ មាត្រា ៤៩៥ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

បន្ថែមលើនេះ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានអះអាង​ថា រយៈពេល​កន្លង​មក ជន​ជាប់ចោទ​ធ្លាប់បាន​ប្រព្រឹត្តសកម្មភាព​ប្រហាក់ប្រហែល​នេះម្តង​រួច​មក​ហើយ។ ប្រភពដដែលបន្តថា សមត្ថកិច្ចបាន​ដោះលែងជនជាប់ចោទ ដោយមិន​បានចោទ​ប្រកាន់​តាម​នីតិវិធី​តុលាការ​នោះទេ ព្រោះយល់​ថា ជាអនីតិជន​ដែលបាន​ប្រព្រឹត្តអំ​ពោះនេះ​ជាលើក​ដំបូង។ ប៉ុន្តែថា ជនជាប់ចោទ​នៅតែមិន​កែប្រែខ្លួន ទើបមាន​វិធានការ​តាមផ្លូវច្បាប់​ចំពោះ​ករណីទី២នេះ។

ប្រភពដដែលក៏បានបញ្ជាក់ដែរថា ចំពោះការលើកឡើងថា ជនជាប់ចោទមានជំងឺ អូទីហ៊្សឹម ជាការអះអាងផ្ទាល់ខ្លួន ដោយពុំមាន​បង្ហាញ​ភស្តុតាងបញ្ជាក់ គ្មានសំបុត្រពេទ្យ ឯកសារដែលធ្លាប់ព្យាបាល និងគ្មានលិខិតកោសល្យវិច័យនោះទេ។

ប៉ុន្តែទោះជាបែបនេះក្តី នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូលោក​ អំ សំអាត​ នៅមាន​មន្ទិលសង្ស័យលើការ​​ប្រកាស​សាល​ក្រម​របស់សាលា​ដំបូង​រាជធានី​ភ្នំពេញ  កាលពីថ្ងៃទី១ ខែវិច្ឆិកា ថា ធ្វើឡើងជាអសាធារណៈ ដោយ​លើកហេតុផលថា ដើម្បី​រក្សា​កិត្តិយស​របស់​កុមារ កាក់ ​សុវណ្ណច្ឆ័យ​ កុំឱ្យ​ប៉ះពាល់ទៅ​ដល់សិទ្ធិ​ជនជាប់ចោទ។​

​លោក ​អំ សំអាត​ បន្ត​ថា ​​ក្មេងប្រុស ​កាក់ ​សុវណ្ណច្ឆ័យ ​​ធ្លាប់​រងគ្រោះ​ដែលជន​ល្មើសធ្លាប់​ធ្វើការ​វាយ​ដំ​ ហើយ​មានរបួសស្នាម​ធ្ងន់​ធ្ងរ​ ប៉ុន្តែ​បែរជា​មិន​អាច​​រ​កឃើញជនដែលប្រព្រឹត្តបទល្មើសមក​ផ្ដន្ទាទោស​បាន​ទៅវិញ។ ចំណែកឯក្នុងករណី​បទល្មើសមជ្ឈិមកម្រិតស្រាលវិញ ​លោកថា សម្រាប់ប្រទេសប្រជាធិបតេយ្យ​ គឺមិនមែន​ជា​ករណី​ធ្ងន់ធ្ងរណាស់​ណាទេ។

លោកលើកឡើងថា៖ «ប្រសិន​បើបទល្មើស​ហ្នឹង​វា​ជាបទ​មជ្ឈិមកម្រិតស្រាល​ មិនធ្ងន់ធ្ងរណាស់​ណាទេ ​ប្រសិន​បើ​នៅ​ប្រទេស​គេ​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ហើយ​គេគោរពសិទ្ធិដល់​កុមារ​ពេញ​លេញ​នោះ​ គឺគេគិត​អំពីអនាគត​កុមារ​ ទីមួយកុមារអាច​នឹង​ត្រូវបន្តការសិក្សា​ លើក​លែង​តែ​បទ​ឧក្រិដ្ឋ និងបទមជ្ឈិម​ធ្ងន់ធ្ងរ​ដែលតម្រូវឱ្យមានការ​អប់រំ​តាម​ផ្លូវ​ច្បាប់​គឺ​ត្រូវការ​ផ្តន្ទាទោស​ដាក់ពន្ធនាគារអប់រំកែប្រែ​អត្តចរិក​អី​ជា​ដើម»។

លោក​បន្ត​ថា ​​​មតិជាតិនិងអន្តរជាតិ និងអ្នកជំនាញ​របស់​អង្គការសហប្រជាជាតិ​ផ្នែកសិទ្ធិមនុស្សបានលើកឡើងថា ករណីនេះ​បាន​​ប៉ះពាល់​ទៅ​លើ​សិទ្ធិ​កុមា​រ​ធ្ងន់ធ្ងរ​ ដោយ​សារ​តែ​ទីមួយ​កុមារទើបតែ​១៦ឆ្នាំ​ដែលស្ថិត​នៅ​ក្នុង​វ័យសិក្សា​ និង​​ទី​២គាត់​ធ្លាប់​មាន​បញ្ហា​ផ្លូវ​ចិត្ត​ (អូធីស្សឹម)​។​ លោកថា បើទោះបី​ថា ​តាម​ផ្លុវ​ច្បាប់​ទាល់​តែថា ​មានលិខិតបញ្ជាក់ពីពេទ្យក៏ដោយ ​តែប្រសិន​បើក្រុមគ្រួសាររបស់គាត់ដឹងពី​ទុក្ខលំបាក​របស់​កូន​គាត់​​​តាំង​ពីតូច ក៏ចាត់​ទុក​ថា ​គាត់​អាច​នឹង​មាន​ជំងឺ​ទាំង​អស់​ហ្នឹង​ដែរ​។ លោកថា ករណីនេះជាករណីពាក់ព័ន្ធនយោបាយច្រើនជាង។

បើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញក្មេងប្រុសកាក់ សុវណ្ណច្ឆ័យ នឹងត្រូវដោះលែងនៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខ​នេះ បន្ទាប់ពីបានជាប់ឃុំក្នុងពន្ធនាគាររយៈពេល ៤ខែ ១៥ថ្ងៃក្នុងចំណោមទោស៨ខែ។ ប៉ុន្តែត្រូវស្ថិតក្រោមការ​ព្យួរទោស​សាកល្បង​រយៈពេល​២ឆ្នាំ។

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៣រូបបានចេញសេចក្តីថ្លែងការណ៍ដោយបានចាត់ទុកថា ការផ្តន្ទាទោសលើ​អនីតិជន​ដែលមាន​បញ្ហា​ស្មារតី​មិន​ប្រក្រតីដោយជំងឺអូទីហ្ស៊ឹមនេះ គឺជារូបភាពដ៏អាក្រក់នៃយុទ្ធនាការជាបន្តបន្ទាប់របស់អាជ្ញាធរក្នុងការបំភិតបំភ័យ និងការ​ប្រើ​ប្រាស់​​ហិង្សាប្រឆាំងនឹងសង្គមស៊ីវិល និងសកម្មជនបក្សជំទាស់ ព្រមទាំងសមាជិករបស់ក្រុមទាំងនេះ។ អ្នកជំនាញផ្នែកសិទ្ធិមនុស្ស បាន​អំពាវ​នាវ​​ឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ប្រព័ន្ធតុលាការកាត់ទោសលើអ្នកហ៊ានក្រោកឈរ ដើម្បីសិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញមតិនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ