ក្រុម​យុវជន​ប្រមូល​ប្រាក់​បាន​ជាង​៣​ពាន់​ដុល្លារ​ជួយ​ដល់​ការ​សិក្សា​កុមារ​ក្រីក្រនៅ​ខេត្ត​សៀមរាប​និង​ភ្នំពេញ

គ្រូបង្រៀននៅសាលាអង្គការមេត្រីភាពដេីម្បីកុមារនិងចាស់ជរាក្នុងរាជធានីភ្នំពេញចុះបង្រៀនសិស្សនៅតាមសហគមន៍នៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២១។ រូបពីសាលាអង្គការមេត្រីភាពដេីម្បីកុមារនិងចាស់ជរា

យុវជន​មួយ​ក្រុម​បង្កើត​មូលនិធិ​១ដុល្លារ​ដើម្បីការ​សិក្សា​របស់​កុមារ​ក្រីក្រ ក្នុង​រយៈពេល​ជិត​២ឆ្នាំនេះប្រមូល​បាន​ជាង ​៣​ ពាន់ដុល្លារ ហើយ​ពួកគេ​​មាន​បំណង​ពង្រីក​កម្មវិធីនេះ​ឱ្យកាន់​តែធំ​ដើម្បីជួយ​វិស័យ​អប់រំ​ និង​បង្ហាញ​ពី​សាមគ្គីភាព​ជួយគ្នា​ដែល​ធ្វើឡើង​ទៀងទាត់​ជា​ប្រចាំ។​

​កញ្ញា ស៊ឹម សុភា អ្នក​ផ្តួចផ្តើម​បង្កើត​គម្រោង​នេះ​ឱ្យដឹង​ថា គម្រោង​នេះកំពុង​តែ​ជួយ​សាលាដែល​ខ្វះខាត​មាន​ចំនួន​២ គឺ​សាលា​៤៨ ឃូល័រ នៅ​ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប និងសាលាអង្គការ​មេត្រីភាព​ដើម្បីកុមារ​និង​ចាស់​ជរា​នៅ​ក្នុង​រាជធានី​ភ្នំពេញ។​

គម្រោង​ទាំង២​នេះមាន​យុវជន​ជិត ​៨០ ​នាក់​ស្ម័គ្រចិត្ត​បរិច្ចាគ​ម្នាក់ ​៤ ០០០ ​រៀល​ឬ ​១ដុល្លារ​ក្នុងនោះ​អ្នកខ្លះ​បរិច្ចាគ​ច្រើនជាង​នេះ ប្រចាំខែ ហើយ​ក្នុងរយៈពេល​ជិត​២​ឆ្នាំគម្រោង​នេះ ទទួលបាន​ថវិកា​ជាង​ ៣ ០០០ ដុល្លារ។​  ថវិកា​ដែល​ទទួល​បាន​ពីអ្នក​បរិច្ចាគ​គឺជួយ​ឧត្ថម្ភទៅ​សាលាអង្គការ​ទាំង​២​ប្រចាំ​ខែ។​

សុភា លើក​ទឹកចិត្ត​ឱ្យពលរដ្ឋខ្មែរ​ចាប់​ផ្តើម​ធ្វើកិច្ចការ​ដើម្បី​សង្គម​ជាតិ ដោយ​ចាប់​ផ្តើម​ពី​ចំណុចដែល​អាច​ធ្វើទៅ​បាន។​

កញ្ញា ស៊ឹម សុភា៖«ចង់​បង្ហាញ​ពីការ​ចូលរួម​ជួយ​ក្នុង​សង្គម​ មិន​ចាំបាច់​ចាំ​រហូត​យើង​ក្លាយ​ជាអ្នក​មាន​សិន​ទើប​យើង​អាច​ជួយ​សង្គម​បាន​នោះទេ យើងអាច​ចូលរួម​តាម​លទ្ធភាព​ ហើយ​តាមរូប​ភាព​ផ្សេងៗ»

កញ្ញា ស៊ឹម សុភា រំពឹងថា នៅថ្ងៃអនាគត​ពលរដ្ឋ​នឹង​សហការ​គ្នាជួយ​ដល់​វិស័យអប់រំ​គ្រប់​កន្លែង។

កញ្ញា ស៊ឹម សុភា៖«សង្ឃឹមថា ថ្ងៃខាង​មុខ នឹងមាន​ពលរដ្ឋ​យើង​ចូលរួម​លើក​ស្ទួយ​ការ​អប់រំ គ្រប់កន្លែង​ដែល​ខ្វះខាត មិនមែន​ជួយ​តាម​តែ​បុគ្គល​ឬ ល្បីតាម​គ្នាមួយ​ឆាវៗ​នោះ​ទេ»

យុវជន​ម្នាក់​ដែល​បាន​បរិច្ចាគ​លុយ​ប្រចាំខែ​លើ​គម្រោង​នេះ​លោក លឹង ពៅ  លើក​ឡើង​ថា  សម្រាប់​អ្នកមាន​ជីវភាព​មធ្យម​បរិច្ចាគ​ ៤ ០០០ រៀល​ក្នុង​១​ខែ​មិន​ប៉ះពាល់​ដល់​ជីវភាព​នោះទេ ហើយនៅ​ពេលដែលមាន​ការ​បរិច្ចាគ​កាន់តែ​ច្រើន​គឺកាន់​តែជួយ​បាន​ច្រើន​ដល់​សិស្ស​ក្រីក្រ។

លោក​ថា៖«យើង១​ដុល្លារៗ​ច្រើន​នាក់​ទៅ យើង​អាច​ជួយផ្គត់ផ្គង់​សាលា​ដែល​ទីទាល់​មែនទែន​ គឺ​ពួកគាត់​ត្រូវការ​ចាំបាច់​ណាស់ អញ្ចឹងមាន​តែចំណុច​នឹង​ឯង​ដែល​យើង​អាច​ជួយ​សង្គម​យើង​បាន ពីព្រោះបើយើង​ជួយលុយ​ច្រើន​យើង​អាច​នឹង​គ្មាន​លទ្ធភាព ប៉ុន្តែ​ប្រសិន​បើ១​ដុល្លារ​ ហើយ​យើង​ជួយ​ច្រើន​នាក់យើង​អាច​មាន​លទ្ធភាព»

​កញ្ញា ស៊ឹម សុភា អំពាវនាវ​កុំឱ្យពលរដ្ឋ​មើលរំលង​សកម្មភាព​សប្បុរសធម៌​ដែល​ចាប់​ផ្តើម​ចេញពី​ចំនួន​តិចតួច។

កញ្ញា ស៊ឹម សុភា៖«ពលរដ្ឋ​យើង​ចេះឱ្យតម្លៃ​លើ​របស់​បន្តិចបន្តួច​កុំមើលរំលង​វាឱ្យសោះ ត្រឹម១ដុល្លារ​របស់​ពួកយើង​ដែលបាន​ចូលរួម​គឺបាន​ផ្តល់​ស្នាមញញឹម ដល់​អ្នក​ដែល​កំពុង​ត្រូវការ ដើម្បី​ចំណេះដឹង និង​បានរស់»។​

លោក ឡូយ សុវណ្ណ ជាស្ថាបនិក និង​ជានាយក សាលា៤៨ ឃូល័រ ឱ្យដឹងថា លោក​បង្កើតសាលា​ជា​លក្ខណៈ​អង្កការនេះ​ឡើងកាល​ពី​ឆ្នាំ២០១៣ ដើម្បីជួយ​បំពេញ​តម្រូវការ​អប់រំ​ដល់​កូនអ្នកភូមិ។ លោកថា ក្នុងដំណើរ​ការ​សាលានេះជួបការ​លំបាក​ច្រើន។

លោក បន្តថា មូលនិធិ១ដុល្លារ​របស់​ក្រុម​កញ្ញា ស៊ឹម សុភា បានជួយ​សម្រួល​លំបាក​បាន​មួយកម្រិត​ដល់​ដំណើរ​ការសាលា​ដែល​លោក​បង្កើត​ឡើង​នេះ។​

លោក ឡូយ សុវណ្ណ៖«គម្រោង​នេះជួយ​ខ្ញុំបាន​ច្រើន សម្រាប់​ដំណើរ​ការសាលារៀន ព្រោះយើងមាន​ឧត្ថម្ភ​រាល់​ខែ ដល់​ពេល​ចឹង​ជួយ​ដល់​ការ​ចំណាយ​ផ្សេងៗ​មួយ​ចំណែក ទោះបីមិនច្រើន ប៉ុន្តែធ្វើឱ្យខ្ញុំដឹងថា ថវិកាដែល​ទទួល​បាន​មាន​ប៉ុណ្ណេះឬ ប៉ុណ្ណោះ ដើម្បី​ឱ្យខ្ញុំរៀប​ចំ​ត្រៀមសម្រាប់​ការចំណាយ​លើ​សាលារៀន»។​

កញ្ញា ស៊ឹម សុភា រំឭកថា កាលពី​ឆ្នាំ២០១៧ គាត់បាន​ចូលរួម​កម្មវិធី​សប្បុរសធម៌​មួយ​នៅសាលា​៤៨​ឃូល័រ ហើយឃើញ​ថា សិស្សក្រីក្រ​នៅ​តំបន់​នោះ​មាន​តម្រូវការ​ចាំបាច់​ក្នុងការ​រៀនសូត្រក៏ចេះ​តែជួយ​ថវិកា​ផ្ទាល់ខ្លួន​តាម​លទ្ធភាព​ម្តង ​៣០ ០០០​រៀល ម្តង​ ៤០ ០០០​រៀល ដោយមិន​ទៀងទាត់​តាម​ពេល​នោះ​ទេ។ ក្រោយមក​កញ្ញា​យល់​ថា បើបបួល​មិត្តភ័ក្រ​ឱ្យ​ពួកគេ​ចែករំលែក​ម្នាក់​ត្រឹម​តែ ​៤ ០០០រៀល​ក្នុង១​ខែ​ទៀងទាត់ ពិតជាអាច​ជួយ​សម្រាល​ការ​លំបាក​ច្រើនដល់​សាលារៀន​ដែល​កំពុង​តែជួយ​សិស្ស​ក្រីក្រ។

កញ្ញា ស៊ឹម សុភា បានចាប់​ផ្តើម​គម្រោង​ទី​១​នៅ​ដើម​ឆ្នាំ២០២០ ជួយដល់​សាលា ៤៨ឃូល័រ និងចាប់ផ្តើម​គម្រោងទី២​នៅដើម​ឆ្នាំ២០២១ ជួយដល់​សាលាកុមារ​មេត្រីភាព។ កញ្ញាអំពាវនាវឱ្យមាន​ការចូលរួមបន្ថែមទាំង​ជាមួយ​ក្រុម​របស់​កញ្ញា ឬ ក៏សាធារណជន​អាច​បង្កើត​ក្រុម​របៀបនេះដាច់​ដោយ​ឡែក​ផ្សេងៗ​ទៀត​ដើម្បី​ជួយ​ដល់​វិស័យ​អប់រំ។

យោងតាម លោកហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និងកីឡា កាល​ពី​ឆ្នាំ២០១៩ បានគូស​បញ្ជាក់​ថា បច្ចុប្បន្នកម្ពុជា​មាន​សាលាមត្តេយ្យសិក្សា និង​សាលារៀន​ចំណេះ​ទូទៅ ទាំង​សាធារណៈ ​និង​ឯកជន ប្រមាណ​ជិត ១៥ ០០០ កន្លែង​នៅ​ទូទាំង​ប្រទេស។

នៅតាមបណ្តាញ​ទំនាក់ទំនង​សង្គម​ក៏បាន​ផ្សព្វផ្សាយ​បន្តបន្ទាប់​ពី​សាលារៀន​ឬ ក៏​សិស្សនៅ​តាមសាលា​មួយ​ចំនួន​ជួបការ​លំបាក ហើយ​ថ្មីៗនេះ​ក៏មាន​ការ​ចាប់​អារម្មណ៍​ពី​នាយករដ្ឋមន្ត្រីហ៊ុន សែន និង​មហាជន លើកុមារជាសិស្សសាលាម្នាក់​នៅក្នុង​ខេត្តសៀមរាប​ដែល​មានជីវភាព​ក្រីក្រ៕

អត្ថបទដោយ៖ ប៉ា តុងចិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ