នាយក​​រដ្ឋ​មន្ត្រី​ថា​របាំ​ព្រះរាជ​ទ្រព្យ​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​ដែល​មិន​អាច​កាត់​ថ្លៃ​បាន

ក្រុមសម្ដែងរបាំព្រះរាជទ្រព្យ ក្នុង​សន្និសីទសារព័ត៌មានស្តីពីការសម្តែងរបាំព្រះរាជទ្រព្យខ្មែរ និង​អនុស្សាវរីយ៍​ឆ្នាំ១៩០៦ ត្រឡប់មកវិញ។ ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ សូត សុខប្រាថ្នា

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើកឡើងថា  “របាំព្រះរាជទ្រព្យ” ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ ដែលមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដោយបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ។

ការលើកឡើងនេះ ដើម្បីអបអរសាទរខួបទី១៨ឆ្នាំនៃ“របាំព្រះរាជទ្រព្យ” ដែលត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិកាលពីជិត២០ឆ្នាំមុន។

ទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១​ សរសេរថាថ្ងៃនេះគឺជាខួបទី១៨ឆ្នាំហើយ ដែលកម្ពុជាបានចុះបញ្ជី “របាំព្រះរាជទ្រព្យ” ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់​កម្ពុជា។ ​

“របាំព្រះរាជទ្រព្យ” ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។

ប្រមុខរដ្ឋាភិបាលបន្ថែមថា របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះជាទម្រង់របាំសក្ការ:មានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ លោកបន្តថា របាំព្រះរាជទ្រព្យ​​ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិកា ក្បាច់ និងមនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀងនៃក្រុមចម្រៀងជាពួក នឹងត្រូវបានប្រគុំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគុំជូនរបាំនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ