អាជ្ញាធរ​ឱ្យ​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ដែល​រិះគន់​ពី​ប្រតិបត្តិការ​ពន្លត់​​អគ្គិភ័យ សុំទោស​ជា​សាធារណៈ

សមត្ថកិច្ចខាងពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍ក្នុងហេតុការណ៍អគ្គិភ័យមួយដែលបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់​ ថ្ងៃទី០៦​ ខែវិច្ឆិកា​ ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះលេខ១៦០A ផ្លូវ៧​ ភូមិរកា​ សង្កាត់ព្រៃស ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ។ (ហ្វេសប៊ុក៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ)

អាជ្ញាធរបានកោះហៅម្ចាស់គណនី Facebook ឈ្មោះ Vea Sna ដែល​ខំមិន​ (comment) ថា «ឡាន​ទឹក​តថ្លៃទម្រាំត្រូវ​ ខ្ទេច​អស់​ហើយ» ក្នុងហេតុការណ៍​គ្រោះ​អគ្គិភ័យមួយនៅខណ្ឌដង្កោ ចូល​បំភ្លឺ និង​​ថតវីដេអូ​​សុំទោសជាសាធារណៈ ចំពោះការសរសេរដែលអាជ្ញាធរ​ថា​ផ្ទុយ​​​​ពី​ការ​ពិត​។

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងក្នុង​ទំព័រហ្វេសប៊ុករបស់ខ្លួន​ ដោយប្រាប់ឱ្យម្ចាស់​គណនី​ហ្វេស​​ប៊ុក​ ឈ្មោះ Vea Sna ចូលខ្លួនទៅ​បំភ្លឺនៅអង្គភាព​របស់ខ្លួន​ជាបន្ទាន់ ជុំវិញ​​ករណី​ដែល​​បុគ្គល​​​រូបនោះបាន​សរសេរថា «ឡានទឹកតថ្លៃទម្រាំត្រូវ​ ខ្ទេចអស់ហើយ​» ក្នុង​ការ​ផ្សាយ​ផ្ទាល់ ​(Live)​ ករណី​អគ្គិភ័យមួយ​កើត​ឡើងនៅ​ក្នុងបុរីពិភពថ្មី​​ចំការដូង ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ កាលពី​​ថ្ងៃទី០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១។

អង្គភាពដដែល បានច្រាលចោលទាំងស្រុងចំពោះការលើកឡើងបែបនេះ និងថា​ ការសរសេរ​បែបនេះបានធ្វើ​ឱ្យ​ប្រជាពលរដ្ឋមានការភ័ន្ត​ច្រឡំ​លើ​កងកម្លាំងសមត្ថកិច្ច​ដែលបានចុះប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះគ្រោះ​អគ្គិភ័យ និងជា​ចេតនា​អាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។

អង្គភាពនេះសរសេរ​​ថា៖ «សូមម្ចាស់ហ្វេសប៊ុកឈ្មោះ​ Vea Sna ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរ​បាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ជាបន្ទាន់ បើពុំដូច្នោះទេ កងកម្លាំងសមត្ថកិច្ចនគរបាលយើង​នឹងចាត់វិធានការតាមផ្លូវច្បាប់»។

ក្រោយការផ្សព្វផ្សាយនេះ ម្ចាស់គណនី Facebook ឈ្មោះ Vea Sna ដែលមានឈ្មោះដើម ម៉េន វាសនា បាន​ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ខ្លួនបានចូលទៅបំភ្លឺតាមការអញ្ជើញរបស់​អាជ្ញាធរហើយ ហើយខ្លួនក៏បាន​បកស្រាយ ធ្វើកិច្ចសន្យា និង​​បាន​ថត​វីដេអូ​សុំទោស​ជា​សាធារណៈ​​ចំពោះ​កំហុសឆ្គងរបស់ខ្លួនរួចហើយ។

លោក​ថា៖ «អាជ្ញាធរឱ្យសរសេរកិច្ចសន្យា ថតវីដេអូនិយាយសុំទោសខាងស្ថាប័ន និងប្រជាពលរដ្ឋទូទាំងប្រទេស បង! [កាលខ្ញុំ comment គឺតាម] ការ Live របស់សារពត៌មាន»។

យុវជនរូបនេះបន្តថា​ ដំបូង​ឡើយ ​លោកពុំបានដឹងទេថា ការ​បញ្ចេញ​មតិបែប​នេះបានធ្វើ​ឱ្យ​មាន​ផលប៉ះពាល់​ដល់ថ្នាក់​​ត្រូវ​​មន្ត្រី​ហៅឱ្យទៅបំភ្លឺបែបនេះទេ តែយ៉ាងណា លោក​បាន​បំភ្លឺ​ជូន​អាជ្ញាធរ​រួចហើយ ជុំវិញការសរសេររបស់ខ្លួន​​នេះ។

ជាមួយគ្នានេះដែរ ទំព័រហ្វេស​ប៊ុករបស់​ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី៩ ខែវិច្ឆិកានេះដែរថា ​សមត្ថកិច្ច​ជំនាញបានកោះហៅឈ្មោះ ម៉េន​ វាសនា​ ចូលខ្លួនមកបំភ្លឺ​ ហើយ​បុគ្គលរូបនេះបានទទួល​ស្គាល់​​កំហុស និងធ្វើការថតវីដេអូសុំទោសជាសាធារណៈ​ចំពោះ​ប្រជាពលរដ្ឋ​ ជាពិសេស​ សមត្ថកិច្ច​ជាមន្ត្រីអនុវត្តច្បាប់​ ដើម្បីសុំការលើកលែងទោស​រួចរាល់​ហើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ