ព្រះមហាក្សត្រ​ថ្លែង​ព្រះ​រាជសុន្ទរកថា​ក្នុង​មហាសន្និបាត​អង្គការ​យូណេស្កូ​ដោយ​មាន​តំណាង​២០​ប្រទេស​ចូលរួម

ព្រះមហាក្សត្រកម្ពុជា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ថ្លែងព្រះរាជ​សុន្ទរកថា ក្នុង​មហាសន្និបាត​លើកទី៤១ របស់អង្គការយូណេស្កូ កាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១​ នៅឯ​ទីក្រុងប៉ារីស ប្រទេស​បារាំង។ (Royal du Cambodge)

ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បាន​ឡើង​ថ្លែង​ព្រះរាជ​សុន្ទរកថា ក្នុង​មហាសន្និបាត​អង្គការ​យូណេស្កូ កាលពី​យប់មិញ​នេះ នាទី​ក្រុង​ប៉ារីស ប្រទេស​បារាំង ដោយ​មាន​ការ​ចូលរួម​ពី​បណ្តា​ប្រមុខ​រដ្ឋ​ចំនួន​ជាង​២០​ប្រទេស។

ព្រះរាជ​សុន្ទរកថា នៅក្នុង​ពិធី​បើក​សម័យ​ប្រជុំ​ជាផ្លូវការ​នៃ​មហាសន្និបាត​លើកទី៤១ របស់អង្គការ​យូណេស្កូនេះ បាន​ផ្ដោត​ជាសំខាន់​លើ​សមិទ្ធផល​សំខាន់ៗ​នៃ​អង្គការ​យូណេស្កូ​នៅក្នុង​ប្រទេស​កម្ពុជា។

គួរជម្រាប​ជូន​ថា ព្រះមហាក្សត្រ​កម្ពុជា​ព្រះករុណា ​ព្រះ​បាទសម្ដេច​ ព្រះ​បរមនាថ នរោត្ដម សីហមុនី បាន​យាង​ទៅកាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១​ ដើម្បី​ចូលរួម​មហាសន្និបាត​លើកទី៤១ របស់​អង្គការ​យូណេស្កូ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃទី​១០ ដល់ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះថ្ងៃទី៨ ខែ​វិច្ឆិកានេះ បាន​លើកឡើង​ថា ការយាង​ចូលរួម​មហាសន្និបាត​របស់​អង្គការ​យូណេស្កូ​នេះ ធ្វើ​ឡើង​តប​តាម​ការ​យាង​របស់​លោកស្រី​ អូដ្រេយ អាហ្សូឡេយ (Audrey Azoulay) អគ្គនាយិកា​នៃ​អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ (UNESCO)។

ប្រភពដដែល​បន្ត​ថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយ​នឹង​វត្តមាន​របស់​ប្រមុខ​រដ្ឋ​និង​រដ្ឋាភិបាល​ជាច្រើន​រូប ព្រះករុណា ព្រះ​បាទសម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី នឹង​ថ្លែងព្រះរាជ​សុន្ទរកថា​នៅក្នុង​ពិធី​បើក​សម័យ​ប្រជុំជា​ផ្លូវការ​នៃ​មហាសន្និបាត​នេះ ដោយ​ផ្ដោតលើ​សមិទ្ធផល​សំខាន់ៗ​នៃ​អង្គការ​យូណេស្កូ​នៅក្នុង​ប្រទេស​កម្ពុជា។ បើតាម​ក្រសួង​ការបរទេស​កម្ពុជា ចាប់​តាំងពី​អង្គការ​យូណេស្កូ​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៤៥ អង្គការ​នេះ បានរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​លើក​តម្កើង​វិស័យ​អប់រំ​ វិទ្យាសាស្រ្ត វប្បធម៌ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នានៅ​ក្នុង​ពិភពលោក តាម​រយៈកម្មវិធី​កិច្ចសហប្រតិបត្តិការ​ពហុភាគី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ