ក្រសួង​​វប្បធម៌​ចាត់​ទុក​ចម្រៀង​របស់​នាយប្រុញ និងជុំ លីណូ ប៉ះពាល់​ដល់​សីលធម៌​សង្គម

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ លើក​ឡើង​ថា ​សកម្មភាព​ក្មេងប្រុស​ម្នាក់​ដែល​សម្តែង​ឱបស្ត្រី​ពេញវ័យ​ស្លៀកពាក់​ខើចលើ​ខើចក្រោម​បូករួម​ជាមួយ​ពាក្យ​សម្តី​បញ្ឆិត​បញ្ឆៀង​ទំនាក់ទំនង​ផ្លូវភេទ​នោះ​ថា  ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃសីលធម៌​សង្គម ប៉ុន្តែថា មិនទាន់​មាន​ចំណាត់​ការ​អ្វីនោះទេ​ដោយរង់​ចាំ​មើល​ប្រតិកម្មពី​សាធារណជន​សិន។

ចម្រៀង​មួយ​បទ ដែល​បាន​បង្ហោះ​លើ​ទំព័រហ្វេសបុក​មួយ ឈ្មោះថា «អាប្រុញ ម្ចាស់ដើម Ah Brunh» គឺច្រៀង​ដោយ​តារា​ចម្រៀង​លោក ជុំ លីណូ និង​កុមារា​ម្នាក់ ដោយ​មាន​អ្នក​ចូល​ទស្សនា ជិត​៣​លាន​នាក់ ត្រឹម​រយៈពេល​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​ ហើយ​ក៏មាន​ការ​រិះគន់​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ផងដែរ។

មតិ​រិះគន់​ខ្លះ​ថា បណ្តុះគំនិត​ផ្សព្វផ្សាយ​ឱ្យមានការ​បៀតបៀន​ផ្លូវភេទ​ដល់​សាធារណជន​ ពិសេស​ដល់​កុមារ​ដែល​ស្ថិត​នៅ​ក្នុង​វ័យ​សិក្សា​ផង​នោះ។

អ្នកនាំ​ពាក្យ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកឡុង ប៉ុណ្ណាសេរីវត្ថ  បាន​ញ្ជាក់​ថា ចម្រៀងមួយ​បទ​នេះ គឺ​អ្នកផលិត​មិន​បាន​សុំការ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌​នោះ​ទេ។ លោកថា​ រូបភាព​ដែល​ក្មេង​បុ្រស​ឱបស្រ្តី​ពេញ​វ័យ​ក្នុង​បទចម្រៀងនេះ​បាន​បង្ហាញ​ពី​ភាព​អសីលធម៌ និង​ហាក់ផ្ទុយ​ទៅ​នឹង​ច្បាប់​កម្ពុជា​ដែល​ចែង​ពី​ការ​លុបបំបាត់​ការជួញដូរ​ផ្លូវភេទ ដោយ​ហាមឃាត់​មិន​ឱ្យមាន​រួបភាព​វីឌីអូ អាសអាភាស​ក្នុងការទាក់ទាញ​ដល់​អ្នក​ទស្សនា។

លោកថ្លែង​ថា៖ «ជាខ្លឹមសារ​រួម​អីសួរ​ទៅ​ខាង​ជំនាញ​ហើយ ដូចជា​មើល​ទៅ​វា​អត់​សមរម្យ​បន្តិច ។ ក្មេង វា​មាន​ស្រីស៊ិច​ស៊ី​នៅ​អម អ៊ីចឹង»

ទោះយ៉ាង​ណា​លោក​ថា ប្រសិន​បើមាន​ការរិះគន់ខ្លាំង​ពី​មហាជន​ចំពោះ​បទចម្រៀង ឬ​រូបភាព​ណាមួយ​ដែល​បាន​ផ្សព្វផ្សាយ​តាមរយៈប្រព័ន្ធផ្សព្វផ្សាយ​នានា​នៅក្នុង​សង្គម​ដែល​នាំ​ឱ្យបាត់បង់​សណ្តាប់​ធ្នាប់​សាធារណៈ​នោះទើប​ស្ថាប័ន​ពាក់ព័ន្ធ​មាន​វិធាន​ការ។

លោកមាន​ប្រសាសន៍​ថា៖ «មានការ​រិះគន់​អី វាមិន​ទាន់​ឈាន​ដល់​បន្ទាត់​ក្រហម​មួយ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថេរភាព​សង្គម​ដូចជា​មិន​សូវ​អីប៉ុន្មាន​ទេ។ ប៉ុន្តែបើ វា​[ការរិះគន់]​ ខ្លាំង​ទៅៗ​ ប៉ះពាល់ដល់​ស្ថេរភាព​សង្គម មាន​ប្រកាស​រួម​ក្រសួង​មហាផ្ទៃ ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃសនីយ៍​ថា បើសិន​កាល​ណា​បង្ហាញរូបភាព​ណាមួយ ជា​វិឌីអូ ជារូបភាព​ផ្សេងៗ​ប៉ះពាល់​ដល់​ទំនៀមទម្លាប់​ប្រពៃណី​គេមាន​ច្បាប់ ប៉ូលីស​គេចុះ​ហើយ»

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ដែល​មាន​គណនី​ឈ្មោះថា Ros Kong បាន​បង្ហាះសារ​រិះគន់​ថា ការប្រើប្រាស់​ក្មេងថត​សកម្មភាព​បែបនេះ​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​នោះ​ទេ។

គណនី​ហ្វេសបុក​នេះ​បាន​សរសេរ​ថា​៖ «មិនគួរ​ប្រើប្រាស់​ក្មេង​ដើម្បី​ប្រយោជន៍​សូម្បី​តែ​ចម្រៀងបែប​អាសអាភាស​ក៏យក​ក្មេង​មក​សម្តែង​ដែរ។ ពួកគេ​មិន​គិត​ពី​ផលប៉ះពាល់​សង្គម​ខ្លះទេ​ឬ? ឬអាង​សុំទោស​ក្រោយ​ពួកគេ​ល្បី?»

អ្នកជំនាញ​ផ្នែក​ទស្សនវិទ្យា និង​ការអប់រំ​ លោកបណ្ឌិត ប៉ា ចន្ទរឿន មាន​ប្រសាសន៍​ថា រាល់​ការបង្ហាញ​សា្នដៃ​សិល្បៈណាមួយ​ត្រូវគិតពី​គុណតម្លៃ​នៃ​សីលធម៌ និង​ការ​ជះឥទ្ធិពល​យ៉ាង​ដូចម្តេចខ្លះ​ចំពោះ​ទស្សនិកជន ពិសេស​គឺ​កុមារ​ដែល​មិនទាន់​គ្រប់​អាយុ ដោយថា​វាអាច​នាំ​ឱ្យ​ប៉ះពាល់ដល់​ការ​អប់រំ និង​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ​ដែល​កំពុង​ស្ថិត​នៅ​វ័យក្មេង​នៅ​ឡើយ។

លោកមិនគាំទ្រ​ឱ្យមានការ​ផលិត​ស្នាដៃ​សិល្បៈណា​មួយ​ដោយ​យក​កុមារ​ទៅ​សម្តែង ភ្ជាប់ជាមួយ​ពាក្យ​អសុរោះ និង​សកម្មភាព​បែប​សិ្នទ្ធស្នាល​ក្នុងន័យ​ស្នេហាជា​របៀប​មនុស្ស​ពេញ​វ័យនោះ​ទេ។

លោកបន្ថែម​ថា៖ «បើសិន​ជា​ក្មេង​មិនទាន់​គ្រប់​អាយុ​ទេ គួរតែ​កុំឱ្យ​ក្មេង​ហ្នឹង​ទៅ​ធ្វើ​សកម្មភាព​ ជា​កាយវិការ ​ឬ​ជាពាក្យ​សម្តី​បែប​មនុស្ស​ចាស់។ ទី១ ធ្វើឱ្យ​ប៉ះពាល់​សិទ្ធិ​របស់​កុមារ ទី២​វា​ខុសពី​សីលធម៌ ហើយទី​៣ ការ​យក​ក្មេង​មិនទាន់​គ្រប់អាយុ​មក​សម្តែង ទៅ​រាំ​ទៅរែក ទៅ​និយាយ​ពាក្យពេជន៍​ធ្វើសកម្មភាព​បែបមនុស្ស​ចាស់​ចឹង​ទៅ វា​អសីលធម៌​វាមិន​មែន​ជា​គំរូ​ល្អ ផ្តល់​តម្លៃពិសេស​សម្រាប់​សិល្បៈ​ទេ»

លោក ប៉ា ចន្ទរឿន បានជំរុញ​ឱ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បង្កើត​យន្តការ​មួយ​ដោយរៀបចំ​ការបណ្តុះបណ្តាល​សម្រាប់​អ្នក​សិល្បៈ​បន្ថែមទៀត​ដើម្បី​ឱ្យពួកគេ​បាន​យល់​ដឹង​អំពី​ក្រមសីលធម៌​អ្នក​សិល្បៈមុន​នឹង​អនុញាត​ឱ្យពួកគេ​អាច​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​ខ្លូន។

លោក ប៉ា ចន្ទរឿន៖ «ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គួរតែ​នាំគ្នា​ចងក្រង អញ្ជើញ​គ្រប់​ភាគីពាក់ព័ន្ធ មក​ចង​ក្រង​ក្រមសីលធម៌​សម្រាប់​អាជីព​សិល្បៈ ហើយ​បណ្តុះបណ្តាល​ពួកគាត់​មានការ​យល់ដឹង​ដើម្បី​កុំឱ្យ​ឃើញ​ទិដ្ឋភាព​ដដែលៗ​ ទាក់ទង​ទៅ​នឹង​ភាព​អសីលធម៌​ និង​ការ​រំលោភសិទ្ធិ​នៅក្នុង​ស្នាដៃ ឬក៏​ការ​សម្តែង​សិល្បៈនៅ​ក្នុង​សង្គម​យើង»

កាលពីពេល​ថ្មីៗ​នេះ ចម្រៀងមួយបទ​ដែលមាន​ចំណងជើង​ថា ​«Are You Ok?» ដែល​ផលិតដោយ​ផលិតកម្ម Galaxy បាន​ទទួល​រងការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន ក្រោយ​ពេល​បទចម្រៀង​មួយនេះ​តម្រូវ​ឱ្យតារា​ចម្រៀង យកកាំភ្លើង​ជ័រ​មក​សម្តែង ភា្ជប់​ជាមួយ​នឹង​ការ​ស្លៀកពាក់​បែប​សិស្ស​សាលា​កូរ៉េ រួមទាំង​ការ​បង្ហាញ​អក្សរ​បរទេស​នៅ​លើ​ក្តារ​ខៀន។

បន្ទាប់ពី​មានការ​រិះគន់​ខ្លាំង ម្ចាស់​ផលិតកម្ម ​គឺ​លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​បញ្ជា​ឱ្យ​អ្នកគ្រប់គ្រង​ផលិតកម្ម​លុបបទ​ចម្រៀង​នេះចេញ​ពី​ទំព័រ​ហ្វេសបុក​ផ្លូវការ​របស់​ផលិតកម្ម​វិញ។ ប៉ុន្មាន​ថ្ងៃក្រោយ​មក បទចម្រៀងនេះ ក៏ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​អនុញ្ញាត​ឱ្យមានការ​បង្ហាញ​ជា​សាធារណៈ​ឡើង​វិញ ក្រោយពេល​មាន​ការ​កាត់​ចេញ​នូវ​សកម្មភាព​កាន់កាំភ្លើង និង​បាន​កែពាក្យ​ពេជន៍​មួយ​ចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ