បទយកការណ៍៖ បណ្ណាល័យ​ក្នុង​វត្ត​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ​ទាក់​ទាញ​យុវជន​ឱ្យ​មាន​ទម្លាប់​អាន​សៀវភៅ​និង​ចូល​កៀក​ព្រះពុទ្ធ​សាសនា

ព្រះតេជព្រះគុណ ឡឹង រាជា ស្ថាបនិកបណ្ណាល័យមួយក្នុងវត្តសែន្យទាវ កំពុងពិនិត្យមើលសកម្មភាពរៀន និងអានសៀវភៅរបស់សិស្សានុសិស្សក្នុងបណ្ណាល័យនេះ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)

បណ្ណាល័យ​មួយ​ដែលរៀបចំបង្កើតឡើងនៅក្នុងវត្តអារាម ក្នុងខេត្តកំពង់ស្ពឺ បានផ្តល់​ឱកាសដល់​យុវជនឱ្យ​​​មាន​ទម្លាប់​ក្នុងការអានសៀវភៅ ព្រមទាំង​ផ្សារ​ភ្ជាប់​វិស័យ​អប់រំ​ទៅ​និង​ព្រះពុទ្ធ​សាសនាទៀតផង។​

នៅក្នុងបន្ទប់មួយមានទទឹង៣ម៉ែត្រ និងបណ្ដោយ៦ម៉ែត្រ មានសៀវភៅរៀបជាជួរ ដាក់​ក្នុងទូឈើ យ៉ាង​មានរបៀបរៀបរយ។ ក្រោមពន្លឺភ្លើងអំពូលអគ្គិសនីមួយ សិស្សានុសិស្សប្រហែល១០នាក់ កំពុងអង្គុយអានសៀវភៅលើកៅអីឈើយ៉ាងស្ងៀមស្ងាត់ និងយកចិត្តទុកដាក់។ បន្ទប់នោះ គឺជាបណ្ណាល័យវត្តសែន្យ​ទាវ ដែលលាក់ខ្លួនក្នុងកុដិមួយ​ នៅវត្តសែន្យទាវ ក្នុង​ភូមិវាល ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បណ្ណាល័យនេះ ត្រូវបានរៀបចំឡើងនៅក្នុងកុដិមួយខ្នង  ដោយព្រះសង្ឃមួយអង្គនៅក្នុងវត្តសែន្យទាវ និងបាន​កៀងគរសិស្សានុសិស្សនិងយុវជ​ន ដែលរស់នៅតំបន់នោះមកអានសៀវភៅ និងធ្វើការសិក្សាស្រាវជ្រាវទៅលើចំណេះដឹងទូទៅផ្សេងៗ។

ស្ថាបនិកបង្កើតបណ្ណាល័យ ព្រះតេជព្រះគុណ ឡឹង រាជា មានព្រះជន្ម២៣ វស្សា បានដឹកនាំបង្កើតឱ្យ​​មានបណ្ណាល័យនេះឡើង កាលពីចុងខែមេសា ឆ្នាំ២០២១ ក្នុង​គោល​បំណង​អូសទាញ​ក្មេងៗ​ និងយុវជនដែលរស់នៅក្នុងតំបន់នោះ ឱ្យ​​ងាក​មក​អាន​សៀវ​ភៅ និង​បង្កើតទម្លាប់​ស្រឡាញ់ការសិក្សា។

ម្យ៉ាងទៀត ព្រះអង្គបន្តថាដោយសារមានសាលារៀននៅជិតនឹងវត្តអារាម​ស្រេចផងនោះ ព្រះអង្គ​យល់ឃើញ​ថា ជាការល្អនៅក្នុងការបង្កើតបណ្ណាល័យ​សម្រាប់ឱ្យ​​សិស្សានុសិស្សមកអានសៀវ​ភៅ​បន្ថែម ព្រម​ទាំង​បណ្ដុះ​ស្មារតីឱ្យ​​យុវជនជំនាន់ក្រោយ​ចូលកៀក​ជិត​ព្រះ​ពុទ្ធសាសនា។

ព្រះតេជព្រះគុណ បន្ត​ថា កាលពីជំនាន់មុន​ សិស្សតែងតែមកទទួលការអប់រំនៅក្នុងទីវត្តអារាម ដែលបានបង្រៀនទាំងចំណេះដឹងផ្លូវលោកនិងផ្លូវធម៌ទៅកាន់ពួកគេ។ ប៉ុន្តែបច្ចុប្បន្នដោយសារមានការរីកចម្រើន សាលារៀនត្រូវបានផ្ដាច់ចេញពីវត្តអារាម ដែលជាហេតុធ្វើឱ្យ​សិស្ស​មួយ​ចំនួន​ធំ​លែង​មានភាពស្និទ្ធស្នាលជាមួយព្រះពុទ្ធសាសនា។ 

ព្រះតេជគុណមានថេរដីកាថា៖«ការបង្កើតបណ្ណាល័យនេះ គឺដោយយើងឈរលើស្មារតីប្រវត្តិសាស្រ្ត និងផ្នែកទៅលើច្បាប់។ មែនទែនទៅគឺជាការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសិក្សា ព្រះពុទ្ធសាសនា គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការអប់រំ ក៏ដូចជាការលើកកម្ពស់ផ្នែកសីលធម៌សង្គម ចរិយាធម៌ ចំណេះដឹង និងការបតិបត្តិ»

ក្រៅពីបណ្ដុះនូវគំនិតឱ្យ​ស្រឡាញ់ការសិក្សា ព្រះតេជព្រះគុណ ក៏ចង់អូសទាញយុវជនឱ្យ​ចៀស​ឆ្ងាយ​ពី​អំពើអបាយ​មុខ ឬធ្វើរឿងដែលប៉ះពាល់ដល់សង្គម។

ព្រះតេជព្រះគុណ មានថេរដីកាទៀត​ថា យុវជនមួយចំនួនសព្វថ្ងៃ ច្រើនតែខ្ជះខ្ជាយពេលវេលាយកទៅធ្វើរឿងដែលមិនសូវមានប្រយោជន៍ សេពគប់មិត្តភក្តិខុស ឈានដល់ប្រព្រឹត្តិរឿងដែលសង្គមស្អប់ខ្ពើម មានដូចជាការសេពគ្រឿងញៀនជាដើម។

ព្រះតេជព្រះគុណ ឡឹង រាជា មានថេរដីកាថា៖ «បញ្ហាគ្រឿងញៀនហ្នឹង​ គឺជារឿងសំខាន់មែនទែន ប្រសិនបើយើងមិនបានអប់រំ យកចិត្តទុកដាក់ចំពោះពួកគាត់ទេ ច្បាស់ណាស់​គឺពួក​គាត់​ប្រាកដជាមានការសេពគប់ខុស។ អីចឹង​ដើម្បីឱ្យ​សិស្សានុសិស្ស​មាន​ការ​យល់​ដឹងជ្រៅជ្រះ​ទៅ​លើ​បញ្ហា​ដែល​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន គឺ​យើង​ត្រូវ​បង្កើត​ជា​ទម្លាប់ បង្កើត​ផ្នត់គំនិត នូ​វក្នុងការអានសៀវភៅ»។

ព្រះចៅអធិការវត្តសែន្យទាវ  ព្រះតេជព្រះគុណ ឈឹម សំអូន​ គាំទ្រចំពោះការបង្កើតបណ្ណាល័យ​នេះឡើង ត្បិតស្រប​តាម​បំណង​របស់​ព្រះអង្គដែលមានជាយូរណាស់មកហើយ។

ព្រះតេជព្រះគុណមានសង្ឃមាន​ដីកាថា «អាត្មាគិតយល់ឃើញថា វត្តសែន្យទាវនេះ មាន​ប្លង់​ល្អនៅជាប់សាលារៀន ដែលអាចធ្វើជាបណ្ណាល័យ ជួយដល់ស្រទាប់យុវវ័យ ដែលអាចចូលមកសិក្សាស្រាវជ្រាវ នូវសៀវភៅដែលយើងមាន»។

វត្តសែន្យ​ទាវ គឹ​ជាវត្តចំណាស់មួយ​តាំង​ពី​សម័យ​ឧដុង្គ មានទីតាំងស្ថិតនៅទល់មុខនឹងសាលាបឋមនិងអនុវិទ្យាល័យសែន្យទាវ ដែលមានសិស្សជាង ៦០០នាក់កំពុងសិក្សា។

នាយករងវិទ្យាល័យសែន្យទាវ លោកយ៉ែម យ៉ុន​ បង្ហាញការ​ត្រេក​អរចំពោះ​ការ​បង្កើត​បណ្ណាល័យ​វត្ត​សែន្យទាវ​នេះ​ឡើង ដោយហេតុថា បណ្ណាល័យនេះ គឺជាថ្នាលបណ្ដុះនូវ​ការ​អាន ការ​ស្រាវជ្រាវរបស់សិស្សានុសិស្សរបស់លោកបន្ថែមទៀត។

លោកថា«បានឃើញព្រះតេជគុណ មានការរៀបចំបណ្ណាល័យរបស់គាត់មក ឃើញថាមាន​ការរៀបចំល្អប្រសើរណាស់។ តាមដែលខ្ញុំបានទៅមើលឃើញជាក់ស្ដែង ឃើញថាមានការរៀបចំ មានសណ្ដាប់ធ្នាប់ មានបែបមានបទ។ អញ្ចឹងធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយរីករាយ»។

លោកបន្តថា  នៅសាលារបស់លោក ក៏មានបណ្ណាល័យមួយផងដែរ ប៉ុន្តែដោយសារតែការខ្វះនូវបរិក្ខារ​ សម្ភារ សៀវភៅ និងគ្រូបណ្ណារក្សផងនោះ ទើបធ្វើឱ្យ​បណ្ណាល័យមិនមានដំណើរការល្អប្រសើរ។

ជាមួយគ្នានេះ លោកក៏ចង់ឃើញបណ្ណាល័យវត្តសែន្យទាវ មានការរីកចម្រើន និង​មានសៀវ​ភៅ​កាន់​តែ​ច្រើន​ផង​ដែរ។ ​

បច្ចុប្បន្ន នៅក្នុងបណ្ណាល័យវត្តសែន្យទាវនេះ មានសៀវភៅសរុប ជាង​ ៥០០ក្បាល រួម​មានសៀវ​ភៅរឿង​កុមារ សៀវភៅ​ប្រលោម​លោក កំណាព្យ សៀវភៅចំណេះដឹងទូទៅ សៀវភៅច្បាប់ រដ្ឋបាល រួមទាំងគម្ពីរព្រះត្រៃបិតកក្នុងព្រះពុទ្ធសាសនា។

សៀវភៅទាំងអស់នេះ គឺទទួលបានមកពីជំនួយសប្បុរសជន​នៅក្នុងប្រទេស ក្រៅប្រទេស និង​នៅក្នុង​មូល​ដ្ឋាន ដែល​ផ្ដល់​មក​តាម​រយៈ​ការ​ឃោសនា​របស់​ព្រះតេ​ជព្រះគុណ ឡឹង រាជា ផ្ទាល់តែម្ដង។​

​ត្បិតថាបណ្ណាល័យនេះ បានបើកដំណើរការជាងមួយឆ្នាំក្ដី ក៏មិនទាន់អាចបំពេញតម្រូវការរបស់​សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលចង់មកអានសៀវភៅបានឡើយ ព្រោះបណ្ណាល័យ​នេះ មានទំហំតូច មានសម្ភារតុ កៅអីមិទាន់គ្រប់គ្រាន់នៅឡើយ។

សិស្សម្នាក់កំពុងសិក្សាថ្នាក់ទី៩ នៅអនុវិទ្យាល័យសែន្យទាវ យុវតីប៉ន សាន់ឆាយ​ យល់ឃើញថា ការអានពិតជាមានសារៈសំខាន់នៅក្នុងវិស័យអប់រំ ព្រោះថាការអានបានធ្វើឱ្យ​គំនិត​​មាន​ការ​រីក​ចម្រើន យល់ដឹងពីបញ្ហាផ្សេងៗនៅក្នុងសង្គម។

យុវតី សាន់​ឆាយ តែង​តែ​មកអានសៀវភៅនៅក្នុងបណ្ណាល័យ ជាមួយមិត្តភក្តិស្រីៗប្រហែល៥ ទៅ៦នាក់ ស្ទើរតែរៀងរាល់ថ្ងៃនៅពេលដែលទំនេរពីការសិក្សា។

បន្ថែម​ពីនេះ យុវតីរូបនេះ ក៏ចង់ឃើញបណ្ណាល័យវត្តសែន្យទាវ មានការរីកចម្រើន មានសៀវ​ភៅអានសម្បូរបែបជាងមុន និងមានទីធ្លាធំទូលាយ ដើម្បីឱ្យ​មិត្តភក្តិផ្សេងទៀតរបស់នាងបានមកអានសៀវភៅដែរ។

យុវតីរូបនេះ និយាយ​ថា«ខ្ញុំចង់ឱ្យ​បណ្ណាល័យវត្តសែន្យទាវនេះ មានការកសាងកាន់តែធំទូលាយជាងមុន និងមានសៀវភៅកាន់តែច្រើនជាងមុន ដើម្បីឱ្យ​យុវជន និងសិស្សានុសិស្សបានចូលទៅអាន ទទួលបាននូវគំនិតនិងចំណេះដឹងថ្មីៗ»។

ទាក់ទងនឹងការបង្កើតបណ្ណាល័យនេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា​ខេត្តកំពង់ស្ពឺ លោក ថន ថារិន សម្ដែងការត្រេកអរ និងគាំទ្រចំពោះការបង្កើតឱ្យ​​មានបណ្ណាល័យនេះឡើង ដោយថា ការអប់រំផ្សារភ្ជាប់ជាមួយព្រះពុទ្ធសាសនា បានបង្រៀនសិស្សឱ្យ​យល់ដឹងទាំងនៅក្នុងពុទ្ធចក្រ និងអាណាចក្រ។

លោកថា៖ «វាជាការអប់រំផ្លូវចិត្តមួយដែរ ទាំងពុទ្ធចក្រនិងអាណាចក្រហ្នឹង វាត្រូវដើរទន្ទឹមគ្នា ព្រោះបើអាណាចក្រដើរ តែពុទ្ធចក្រមិនដើរក៏ពិបាកដែរ។ ជួនកាលលោកជួយបង្ហាត់បង្រៀន​សីលប្រាំទៅគាត់នឹងចេះ ហើយអនុវត្តបានល្អ»។

សព្វថ្ងៃបណ្ណាល័យវត្តសែន្យទាវ កំពុងទទួលបានចំណាប់អារម្មណ៍ជាច្រើន ពីក្រុមយុវជន និងសិស្សានុសិស្ស ដែលរស់នៅតំបន់នោះមកអានសៀវភៅ និងរៀនភាសាអង់គ្លេស​ជាមួយព្រះសង្ឃជារៀងរាល់ថ្ងៃ។ 

ទន្ទឹមនឹងនេះ វត្តសែន្យទាវ កំពុង​កសាងអគារមួយមានទំហំ៦គុណនឹង៩ម៉ែត្រ ដោយក្នុងនោះមានបន្ទប់បណ្ណាល័យរួមជាមួយសាលាបាលីផងដែរ។ ការកសាងនេះ គឺដំណើរការបាន៥០ភាគរយ ដោយសារជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុ ក៏ដូចជាមិនមានជាងគ្រប់គ្រាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ