សិស្សសាលាក្រពុំឈូក ជួបបញ្ហាសើមទឹកភ្លៀងលិចតាមដំបូលនិងជញ្ជាំង

សាលាបឋមសិក្សា ក្រពុំឈូក ដែលកំពុងជួបការខ្វះខាត មានទីតាំងស្ថិតនៅ ភូមិឈូក ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៤ខែតុលា ឆ្នាំ២០២១។(ហ្វេសប៊ុក៖ កញ្ញា ញែម ស្រីឌី)

នាយកសាលាបឋមសិក្សាក្រពុំឈូក នៅក្នុងខេត្តត្បូងឃ្មុំ អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ និងសប្បុរស​ជន​ជួយ​សាង​សង់ និងជួសជុលសាលារៀន ដោយសារនៅក្នុងរដូវវស្សានេះ កុមារតូច​ជួបការលំបាក ពេលរៀន ដោយសារលិចទឹកភ្លៀងតាមដំបូល និងសាចតាម​ជញ្ជាំង។​

លោក​ គីម សុភ័ក្រ នាយកសាលារៀនបឋមសិក្សាក្រពុំឈូក បានឱ្យដឹងថា សាលារៀនរបស់លោកស្ថិតក្នុងភូមិឈូក ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយ​​បច្ចុប្បន្នមានសិស្សសរុបចំនួន ២២២​នាក់ ក្នុងនោះចែក​ចេញ​ជា​ ៧កម្រិតឬ​ថ្នាក់ ចាប់ពីថ្នាក់មតេ្តយ្យរហូតដល់ថ្នាក់ទី៦។

លោកបន្តថា សាលារៀននេះ មានបន្ទប់រៀន២ ដែលសង់ពីឈើ និងរោងសង់ពីឫស្សីប្រក់ស័ង្គសី ដែលមានជញ្ជាំងឫស្សីចំនួន២ដែរ។ ដោយឡែកចំពោះបុគ្គលិកអប់រំវិញ លោកថា មានគ្រូបង្រៀនដែលចេញពីក្របខណ្ឌម្នាក់ និងបុគ្គលិកជាប់កិច្ចសន្យាមានចំនួន៥នាក់។

ករណីនេះ លោក​ស្នើដល់អង្គការ និងក្រសួងអប់រំ ក៏ដូចជាសប្បុរសជនទាំងអស់ ចូលរួម​ជួយដើម្បី​ឱ្យសិស្សានុសិស្សមានថ្នាក់រៀនសមរម្យ។

លោកគីម សុភ័ក្រ ថ្លែងថា៖ «សំណូមពរឱ្យក្រសួង និងមន្ទីរ(មន្ទីរអប់រំ យុវជន និងកីឡា)​ ពាក់ព័ន្ធ ឬក៏អង្គការដែលគាត់ចង់ជួយហ្នឹង សូមឱ្យគាត់ចូលរួមទាំងអស់គ្នា ដើម្បីឱ្យក្មេងនឹងបានរៀនមានកន្លែងល្អ»

លោកបន្តថា ប្រសិនបើមានសាលារៀនសមរម្យ នោះ​សិស្សានុសិស្សនឹងមានទឹកចិត្តរៀនសូត្រកាន់តែខ្លាំងបន្ថែមទៀតមិនខាន។

លោកថា៖ «ប្រសិនបើមានសាលាល្អ ជឿថាក្មេងៗនឹង ឬក៏ឪពុកម្តាយនឹង​គេមាន​ទឹក​ចិត្ត ឬក៏មានចិត្តស្មោះស្ម័គ្រជាមួយ​ការ​សិក្សានឹង​បាន​ច្រើន​កុះករ។ ប្រសិនបើបានជួសជុលថ្មីដូចសាលាគេ ខ្ញុំជឿថាក្មេងៗនឹងមករៀនច្រើនកុះករ សំខាន់​ឱ្យតែមាន​សាលាល្អក្មេងនឹងមានទឹកចិត្តរៀន»

ស្រដៀងគ្នានេះដែរ លោក សឿន ពិសិដ្ឋ ប្រធានក្រុម និងជាអ្នកមើលការខុសត្រូវសាលាបឋមសិក្សាក្រពុំឈូក ក៏បានរៀបរាប់ពីផលលំបាកមួយចំនួន​ដែរ ដោយ​ថ្នាក់រៀន​មាន​ដំបូលចាស់ និងធ្លុះធ្លាយ ដែលធ្វើឱ្យមានទឹកស្រក់ និងសំឡេងរំខានពេលមានភ្លៀងធ្លាក់ម្តងៗ។ ទោះជាបែបនេះក្តី លោកថា សិស្សានុសិស្សនៅតែបន្តខិតខំរៀនសូត្រជានិច្ច។

លោកថា៖ «ពេលភ្លៀងមកវាតែងមានលិចស្រក់ដោយសារតែដំបូលយើង រាងចាស់ដែរ​ ពុកអស់ហើយ ហើយណាមួយ​ ពេលភ្លៀងម្តងៗស្តាប់អីអត់បានទេ។ ពេលខ្លះរដូវភ្លៀងធ្លាក់ ភ្លៀងធ្លាក់ស្រិចៗអី គាត់តស៊ូដើរមករៀន គាត់បានការតាំងចិត្ត​បាន​ល្អ»

ដោយឡែក អនុប្រធានមន្ទីរអបរំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ លោក​ នួន ស៊ីរ៉ា​ញឿន បាន​ឱ្យវីអូឌី​ដឹង​ថា ពាក់ព័ន្ធនឹងសាលាបឋមសិក្សាដែលជួបបញ្ហា​នេះ មន្ទីរអប់រំខេត្ត ពុំទាន់បានដឹងនៅ​ឡើយ​ទេ ដោយសារតែមិនទាន់មានរបាយការណ៍ណាមួយពីភាគីសាលារៀននៅឡើយ។

លោកថា៖ «ទាមទារឱ្យនាយកសាលាហ្នឹង គាត់ធ្វើរបាយការណ៍មួយឡើងមកស្រុកឡើងមកសុំមន្ទីរ ដើម្បីមន្ទីរលើកផែនការជួសជុល។ បើកាលណាមានរបាយការណ៍មកខាងខ្ញុំ មានខាងបឋមខាងគណនេយ្យចុះទៅមើលដើម្បីវាយតម្លៃ»

ទោះជាយ៉ាងណា អនុប្រធានមន្ទីរអប់រំរូបនេះ អះអាងថា នឹងវាយតម្លៃ​ពីការខូចខាតទាំងនោះ ហើយឈានដល់ការជួសជុលតាមលទ្ធភាពជាក់ស្តែង។

លោកថា៖ «ចាំខ្ញុំឱ្យខាងជំនាញខ្ញុំចុះទៅមើល ថាខាងគាត់ខូចធ្ងន់ធ្ងរកម្រិតណា បើសិនវាធ្ងន់ធ្ងរធំខ្ញុំរាយការណ៍ទៅខាងសំណង់ខាងផ្នែកជួសជុលនឹងឱ្យគាត់រៀបចំ»

បើតាម លោកនួន ស៊ីរ៉ាញឿន បានបញ្ជាក់​ថា សម្រាប់សាលា​បឋមសិក្សានៅក្នុងខេត្តត្បូងឃ្មុំមានចំនួន ៤០៦ទីតាំង ក្នុងនោះការជួសជុលនីមួយៗ​ត្រូវធ្វើតាម​សាលារៀន​ ដែលមានការខ្វះខាតជាងគេមុនសិន ទៅតាមលទ្ធភាពនៃថវិកា។

ជាមួយគ្នានោះ កញ្ញា ញែម ស្រីឌី ដែលបានផ្សព្វផ្សាយប្រកាសរកជំនួយជួយដល់សាលារៀនមួយនេះ បានលើកឡើងថា ការប្រកាសនេះ បន្ទាប់​ពី​មើល​ឃើញ​ពី​ផល​លំបាក​របស់​សាលារៀន ជាពិសេសគឺ​សិស្សតូចៗ​ដែល​រៀន​នៅ​ទី​នោះ ត្រូវជួប​បញ្ហា​ជាច្រើនពេលភ្លៀងធ្លាក់ម្តងៗ ។

កញ្ញាបន្តថា មកទល់បច្ចុប្បន្ននេះ ថវិកាពីសប្បុរសជនទទួលបានជាង ៣០០ដុល្លារអាមេរិក ហើយ​ថវិកានេះ គ្រោងផ្តល់ជូនទៅសាលារៀននៅក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យអុំទូក។ កញ្ញាបន្ថែមថា ហេតុផលដែលសម្រេចចិត្តប្រកាសរកជំនួយជួយដល់សាលារៀននេះ គឺដោយ​សារ​ចង់ចូលរួមជួយឱ្យកុមារទាំងនោះបានរៀនសូត្រចេះដឹង និងមានអនាគតល្អផងដែរ។

កញ្ញាថា៖ «មូលហេតុដែលខ្ញុំសម្រេចចិត្តប្រកាសរកជំនួយ ដោយសារមើលឃើញផលលំបាករបស់គាត់ និង​ការ​តស៊ូរបស់​ឪពុកម្ដាយ​សិស្ស ដែលមិនឱ្យកូនគាត់បោះបង់ការសិក្សា។ ការចូលរួមជួយឱ្យគាត់មានសៀវភៅមានសាលាគឺជាការជួយដ៏ត្រឹមត្រូវ  ជួយដល់ការអភិវឌ្ឍធនធាន​មនុស្សដល់សង្គមជាតិ។  ខ្ញុំចង់ឱ្យពួកគាត់ក្លាយជាមនុស្សដែលមានចំណេះដឹងជាធនធានល្អ»

បើតាមនាយកសាលាបឋមសិក្សាក្រពុំឈូក លោកគីម សុភ័ក្រ អះអាងថាសិស្សានុសិស្សនៅសា​លារៀនរបស់​លោក​មួយចំនួន បង្ខំចិត្តបោះបង់ការសិក្សាត្រឹមថ្នាក់ទី៥ ដើម្បីទៅជួយកិច្ចការងារឪពុកម្តាយនៅឯចំការ​កៅស៊ូ ដោយសារតែមានជីវភាពខ្វះខាត៕ 

អត្ថបទដោយ៖ ប៉ា តុងចិន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ