មន្ត្រី​ក្រសួង​ផែនការ​ថា​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​អំឡុង​វិបត្តិ​កូវីដ​-១៩

កុមារដើរឆ្លងលើបន្ទះឈើដើម្បីចេញចូលលំនៅដ្ឋានក្នុង​សហគមន៍​ក្រីក្រមួយ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨។ (រូបថត៖ ឃុត សុគន្ធ)

មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ លើកឡើងថា កម្រិតនៃភាពក្រីក្រនៅកម្ពុជា​​មានការកើនឡើងក្នុង​អំឡុង​វិបត្តិ​ជំងឺ​​​កូវីដ-១៩ បើធៀបជាមួយកម្រិតនៃភាពក្រីក្រ មុនមានការរាតត្បាតជំងឺជាសកលមួយនេះ។

អ្នកនាំពាក្យក្រសួងផែនការ លោក ស្រី ដា ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី១៨ ខែវិច្ឆិកានេះថា កាលពីឆ្នាំ​២០១៤ កម្ពុជា មានអត្រានៃភាពក្រីក្រជាង ១៣ភាគរយ(១៣,៥%) ក្នុងនោះ រដ្ឋាភិបាលមានគោលនយោបាយកាត់ប​ន្ថយអត្រា​នេះ​ចំនួន ១%ក្នុងមួយឆ្នាំ។ ប៉ុន្តែលោកថា បន្ទាប់ពីរដ្ឋាភិបាល​បានប្តូរវិធីសាស្ត្រ គិតជាថ្មីនៃការកំណត់ខ្សែបន្ទាត់នៃភាពក្រីក្រ ភាគរយនៃជនក្រីក្រសម្រាប់ឆ្នាំ២០១៩-២០២០ មានការកើនឡើងដល់ជិត ១៨ភាគរយ(១៧,៨%)។

យ៉ាងណា លោកថា ប្រទេសណាក៏ដូចប្រទេសណាដែរ ឱ្យតែមានការប្តូររបៀបគិតថ្មី តារាងចំណាយ តម្លៃផលិត​ផល​ឡើងថ្លៃជាដើម តាមលក្ខណៈបច្ចេកទេស នោះធ្វើឱ្យតួលេខអត្រានៃភាពក្រីក្រមានការកើនឡើងជាក់ជាមិនខាន។

លោក ស្រី ដា មានប្រសាសន៍ថា «[កម្រិតនៃភាពក្រីក្រនៅកម្ពុជា] គឺកើនឡើង បើតាមព័ត៌មាន! ប៉ះពាល់ប្រហែលជាខ្ទង់ខែមេសា ២០២០។ ចឹងវាចាប់ពីពេលហ្នឹងទៅវាកើនឡើង ព្រោះបើធៀបជាមួយ​យើងធ្វើអង្កេតសេដ្ឋកិច្ចសង្គមកិច្ចនោះ ខែកក្កដា ២០១៩ ដល់ខែមិថុនា ២០២០។ ដល់ពេលចឹងយើងកូវីដ-១៩ដើមឆ្នាំ២០២០ អញ្ចឹងយើងបញ្ចប់ការងារហ្នឹងវាត្រូវខែមេសា។ ចឹងខែមេសា ឧសភា មិថុនា ចឹងវាកើនឡើង ៣ខែប៉ះពាល់ជាមួយកូវីដ-១៩ហ្នឹង»

លោកបន្តថា កម្រិតនៃភាពក្រីក្រដែលមានចំនួន​ជិត ១៨ភាគរយ(១៧,៨%) បើគិតជាចំនួនពលរដ្ឋ គឺប្រមាណ ២លាន៧សែននាក់ ខណៈក្នុងស្ថិតិគេប្រើលេខប៉ាន់ស្មាន ដោយប្រើតួលេខប្រជាជនកម្ពុជារស់នៅក្នុងប្រទេសអំឡុងពេលជំរឿន២០១៩ សរុបមានចំនួនជាង១៥លាន៥សែននាក់ (១៥ ៥៥២ ២១១ នាក់)។

ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ លោក ថេង បញ្ញាធន អះអាងនៅថ្ងៃនេះថា រដ្ឋាភិបាលមិនបានបង្ហាញថា អត្រានៃភាពក្រីក្រថ្មីថា​បានកើនឡើងប៉ុន្មានភាគរយ ដោយសារកូវីដ-១៩នោះទេ។

លោកថា រដ្ឋគ្រាន់តែ​គណនាតាមវិធីសាស្ត្រថ្មី ​ដោយសារតែទិន្នន័យដែលរដ្ឋាភិបាល​ បានប្រើប្រាស់សម្រាប់​គណនានោះ​ គឺមានឥទ្ធិពលពីកូវីដ-១៩ ពោលគឺប៉ះពាល់រយៈពេលប៉ុន្មានខែ ដែលជំងឺជាសកលនេះបានរាតត្បាត ធ្វើឱ្យអត្រានៃភាពក្រីក្រក៏មានផលប៉ះពាល់ផងដែរ។

លោក ថេង បញ្ញាធន រៀបរាប់ថា៖ «អាទិភាពបន្ទាប់របស់រាជរដ្ឋាភិបាល គឺដោយសារតែយើងឃើញថា ភាពក្រីក្រហ្នឹងវាភាគច្រើននៅតំបន់ជនបទ។ អ៊ីចឹងទេ អាទិភាពដែលរដ្ឋាភិបាលត្រូវធ្វើការអភិវឌ្ឍហ្នឹង គឺផ្តោតការដោយយកចិត្តទុកដាក់ ជាពិសេសគឺការអភិវឌ្ឍនៅតំបន់ជនបទឱ្យបានច្រើន។ បើយើងប្រៀបធៀបចំណូលកាលពីការវាស់វែងអត្រាភាពក្រីក្រចាស់នោះ[២០១៤] គឺ រង្វង់តែ ៦ ០០០រៀលទេ ក្នុងមួយថ្ងៃប៉ុន្តែឥឡូវគឺវាដល់ជាង១០ ៩៥១ រៀល វាខុសគ្នាអញ្ចឹង»។

រដ្ឋមន្ត្រីក្រសួងផែនការ លោក ឆាយ ថន ថ្លែងក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយ ស្តីពី ខ្សែបន្ទាត់ភាពក្រីក្រថ្មី និងអត្រាភាពក្រីក្រនៅកម្ពុជា ឆ្នាំ២០១៩-២០២០ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា​ថា ផ្អែកលើវិធីសាស្ត្រដែល​បានកែ​សម្រួល និងទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ​២០១៩-២០២០ ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិសម្រាប់​កម្ពុជា មានចំនួន ១០ ៩៥១រៀល សម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ។

លោកថា «ផ្អែកលើមូលដ្ឋាននៃខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិនេះ ខ្សែបន្ទាត់ភាពក្រីក្រ តាមតំបន់មាន ១០ ៩៥១រៀល សម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃ នៅរាជធានីភ្នំពេញ រីឯនៅតំបន់ទីប្រជុំជនផ្សេងមាន ៩ ៥៧១រៀល និង ៨ ៩០៨រៀល សម្រាប់មនុស្សម្នាក់ក្នុងមួយថ្ងៃនៅតំបន់ជនបទ»

លោកបន្តថា តាមរយៈការប្រើប្រាស់ខ្សែបន្ទាត់ភាពក្រីក្រថ្មីនេះ អត្រានៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ ២០១៩-២០២០ មានកម្រិតជិត១៨ភាគរយ(១៧,៨%) ក្នុងនោះ អត្រាភាពក្រីក្រនៅរាជធានីភ្នំពេញមាន​ជាង ៤ភាគរយ(៤,២% ) តំបន់​ទីប្រជុំជនផ្សេងទៀតជាង ១២ភាគរយ(១២,៦%) និងអត្រាភាពក្រីក្រនៅតំបន់ជន​បទ ជិត​២៣​ភាគរយ​(២២,៨%)។

រដ្ឋមន្ត្រីក្រសួងផែនការ និយាយថា អត្រានៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ បានរងផលប៉ះពាល់ខ្លះ​ពីការរីករាលដាលនៃមេរោគកូវីដ-១៩ ហើយការរីករាលដាលជំងឺនេះទៅ​លើសេដ្ឋកិច្ចកម្ពុជា ដែលចាប់ផ្ដើមពីដើមឆ្នាំ២០២០ បានបង្កផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់លើវត្ថុធាតុដើម សម្រាប់ការផលិតផលិត​ផល​នាំ​ចេញ ការថយចុះការបញ្ជាទិញពីក្រៅប្រទេស និងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ។

យ៉ាងណា លោកថា ផលប៉ះពាល់លើកម្រិតជីវភាពរស់នៅរបស់គ្រួសារប្រជាជនកម្ពុជា អាចចាប់ផ្តើមពីខែមេសាឆ្នាំ២០២០ នៅពេលដែលវិធានការណ៍ការរឹតបន្តឹងនានា ត្រូវបានអនុវត្ត។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យ៉ង់ គិមអេង មានប្រសាសន៍ថា ការកំណត់អត្រានៃភាពក្រីក្រតាមរយៈប្រាក់ចំណូល​ក្នុងមួយថ្ងៃរបស់បុគ្គលម្នាក់ៗនេះ គឺមិនស្របតាមស្ថានភាពជាក់ស្តែងនៃតម្លៃទំនិញសម្រាប់ការហូបចុករបស់ប្រជាជនឡើយ។ លោកថា តម្លៃទំនិញសព្វសារពើមានការឡើង​ថ្លៃ ចំណែកម្ហូបអាហារក៏មានការឡើងថ្លៃដែរ។

លោកបន្ត​ថា ថវិកាតាមការបែងចែកទាំងនោះ មិនបានគ្រប់គ្រាន់សម្រាប់បាយ ៣ពេលរបស់ពួកគាត់ក្នុងមួយថ្ងៃឡើយ ហើយការវាយតម្លៃតាមរបៀបថ្មីនេះ មានការគិតល្អម្យ៉ាងហើយ បើប្រៀបជាមួយលើកមុន។

លោកគូសបញ្ជាក់ថា «ខ្ញុំសង្ស័យថា អត្រានៃភាពក្រីក្រនេះប្រហែលជាយើងមិនបានធ្វើឱ្យបានម៉ត់ចត់ ព្រោះការវាយតម្លៃភាពក្រីក្រនៅក្នុងកាលនេះប្រហែលជាអាចថា នៅមានអ្នកដែលអត់ការងារធ្វើច្រើន អ្នកដែលបាត់បង់ការងារក៏ច្រើន អ្នកដែលធ្លាក់ចូលទៅក្នុងភាពក្រីក្រហ្នឹងអាចនឹងមានចំនួនលើសពីហ្នឹងទៀត»។

លោក គិមអេង បន្ថែម​ថា ដើម្បីដោះស្រាយអត្រានៃភាពក្រីក្រឱ្យមានការថយចុះ រដ្ឋាភិបាលគួរផ្តល់លក្ខណៈងាយស្រួល​ដល់ពលរដ្ឋក្នុងការរកចំណូល ដើម្បីឱ្យពួកគាត់អាចងើបចេញពីភាពក្រីក្រ។

យ៉ាងណា លោកថា ក្នុងស្ថានភាពកូវីដ-១៩នេះ វាមានលក្ខណៈពិបាកណាស់សម្រាប់សម្រួលដល់ពួកគាត់ ដែលករណីនេះ លោកបានជំរុញទៅស្ថាប័នពាក់ព័ន្ធ ​គួរមានការបណ្តុះបណ្តាលវិជ្ជាជីវៈ​សម្រាប់​រយៈ​ពេលមធ្យម ឬខ្លី ការជំរុញដល់វិស័យអប់រំសម្រាប់រយៈពេលវែង និងដោះស្រាយឧបត្ថម្ភ​ទុន​មួយចំនួន សម្រាប់វិស័យ​ឯកជនទាំងផ្លូវការ និងមិនផ្លូវការ។

លោក យ៉ង់ គិមអេង បន្តទៀត​​ថា ក្រៅពីនោះរដ្ឋគួរសម្រួលសេវាមួយចំនួនរបស់រដ្ឋ ដូចជា បន្ធូរបន្ថយពន្ធ បន្ធូរ​សេវាអគ្គិសនី សេវាទឹក ភ្លើងជាដើម ដើម្បីជាចំណែកផ្តល់ការលើកទឹកចិត្ត និងសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ​​ដែល​មានជីវភាពក្រីក្រ។

អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានលើកឡើងថា គ្រួសារងាយ​រងគ្រោះជាច្រើនដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ និង​គ្រោះទឹកជំនន់ បានកាត់បន្ថយរបបអាហារប្រចាំ​ថ្ងៃរបស់ពួកគាត់ ខណៈគ្រួសារខ្លះលក់ទ្រព្យសម្បត្តិ​និងខ្ចីបំណុលគេកាន់តែច្រើន ដើម្បីយកមកដោះស្រាយជីវភាព ដែលជាតម្រូវការចាំបាច់របស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ