ភ្ញៀវ​ទេសចរ​ជាង​ ៣៣ ​ម៉ឺន​នាក់​បាន​ដើរ​លេង​កម្សាន្ត​ នៅ​ថ្ងៃទីពីរ​នៃ​បុណ្យ​អុំទូក​

ទិដ្ឋភាព​ភ្ញៀវទេសចរ​ជាតិ ​និង​បរទេស​ផ្ទៃក្នុង​បាន​ដើរ​លេង​កម្សាន្ត​នៅ​មុខ​ព្រះបរមរាជវាំង​ នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដែល​ត្រូវ​នឹង​ថ្ងៃទីពីរ​នៃ​ព្រះរាជពិធីបុណ្យ​អុំទូក។ (រូបភាព៖​ ក្រសួង​ទេសចរណ៍)​

យ៉ាង​ហោចណាស់​មាន​ភ្ញៀវ​ទេសចរ​ជាង ៣៣ ​ម៉ឺននាក់ (៣៣២ ៨៧៥នាក់) បាន​ចេញ​ដើរ​លេង​កម្សាន្ត​នៅ​ថ្ងៃទីពីរ​នាឱកាស​ថ្ងៃឈប់​សម្រាក​នៃ​ព្រះរាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះព្រះខែ អកអំបុក ត្រូវ​នឹង​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ នៅថ្ងៃទីពីរ​នៃ​ពិធី​បុណ្យ​អុំទូក ទូទាំងប្រទេស​ទទួល​បាន​ភ្ញៀវទេសចរ​សរុប​មាន​ចំនួន ៣៣២ ៨៧៥ នាក់ ក្នុងនោះ​ភ្ញៀវជាតិ​មានចំនួន ៣២៨ ៤១២ នាក់ និង​ភ្ញៀវបរទេស​ផ្ទៃក្នុង ៤ ៤៦៣ នាក់។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន បាន​ឱ្យដឹង​តាម​រយៈរបាយការណ៍​នេះ​ថា ដូចការ​រំពឹង​ទុក ចរន្តភ្ញៀវទេសចរ​នាថ្ងៃឈប់​សម្រាកទី២​នេះ មានការ​កើនឡើង​ខ្លាំង ពោល​គឺកើន​ឡើង ១៥២.១៥% បើធៀប​នឹង​ថ្ងៃទី១ ខណៈរាជធានី​ភ្នំពេញ​ជា​គោលដៅ​ទេសចរច្រើន​ជាង​គេ។ ដូច្នេះ​សរុបរយៈពេល​ពីរ​ថ្ងៃ​នេះ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ចេញដើរ​លេង​កម្សាន្ត​នៅក្នុង​ឱកាស​ឈប់សម្រាក​បុណ្យអុំទូក​នេះ មានចំនួន​សរុប​ជាង ៤៦ម៉ឺននាក់​ (៤៦៤ ៨៨៨នាក់)។

លោក ថោង ខុន បន្ត​ថា ការ​ចល័ត​របស់​ភ្ញៀវ​ទេសចរ​ពី​ខេត្តមួយ​ទៅខេត្តមួយ​នឹង​នៅ​តែមាន​សន្ទុះខ្លាំង​រហូត​ដល់​ចុង​សប្តាហ៍នេះ ស្របពេល​ដែល​ការ​កក់​បន្ទប់​សណ្ឋាគារ​នៅ​តាមគោលដៅ​សំខាន់ៗ ដូចជា ខេត្តព្រះសីហនុ កែប កំពត សៀមរាប មណ្ឌលគិរី និងរតនគិរី គឺ​នៅតែមាន​កម្រិត​ខ្ពស់ គឺ​ស្ថិត​នៅ​ចន្លោះ​ពី ៨០ ទៅ ៩០%។

លោក​បាន​កត់សម្គាល់​ថា សកម្មភាព​ពេល​រាត្រី​នៅតាម​បណ្តាទីរួមខេត្ត រាជធានី និងទីប្រជុំជន​នានា​មាន​ភាព​អ៊ូអរ បន្ទាប់ពី​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យសកម្មភាព​កម្សាន្ត បាន​បើកដំណើរ​ការ​ឡើង​វិញ។ ដោយ​ឡែក​នៅថ្ងៃទីបី​នេះ ក្រសួង​នៅមិនទាន់​បូក​សរុប​របាយការណ៍​នៅ​ឡើយ​ទេ គិតត្រឹម​រសៀល​ថ្ងៃទី២០ ខែវិច្ឆិកា នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ