អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជាលើកឡើងថា អំពើហិង្សាលើស្ត្រីបានបង្កប៉ះពាល់ដល់គ្រប់ផ្នែកនៃជីវិតរបស់មនុស្ស ហើយជះឥទ្ធិពលអវិជ្ជមានដល់ស្ត្រី និងក្មេងស្រី ព្រមទាំងប៉ះពាល់អាក្រក់ទៅលើសុខភាពសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផងដែរ។
អង្គការសហប្រជាជាតិប្រចាំកម្ពុជាកាលពីថ្ងៃពុធ ម្សិលមិញនេះបានបង្ហោះនៅលើទំព័រហ្វេសប៊ុកថា ការលុបបំបាត់អំពើហិង្សាចាប់ផ្តើមដោយជឿលើជនរងគ្រោះ ផ្តល់ដំណោះស្រាយលើដើមចមនៃបញ្ហា ព្រមទាំងផ្លាស់ប្តូរបរិបទសង្គមដែលមានគ្រោះថ្នាក់ និងផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។
UN ប្រចាំកម្ពុជាបញ្ជាក់ថា ៖«អំពើហិង្សាលើស្ត្រីប៉ះពាល់ដល់គ្រប់ផ្នែកនៃជីវិតរបស់យើង ហើយជះឥទ្ធិពលអវិជ្ជមានដល់ស្ត្រី និងក្មេងស្រី សុខភាពសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមទាំងមូល»។
ប្រធានអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី Pauline Tamesis មានប្រសាសន៍ថា អំពើហិង្សាមានច្រើនទម្រង់ដូចជា ផ្លូវភេទ ផ្លូវកាយ អារម្មណ៍ និងសេដ្ឋកិច្ច។ លោកស្រីថា ភស្តុតាងជាសកលបានបង្ហាញថា ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ អំពើហិង្សាផ្អែកលើយេនឌ័របានកើនឡើង។
ការគូសបញ្ជាក់របស់លោកស្រីយ៉ាងដូច្នេះ ធ្វើឡើងនាឱកាសបើកយុទ្ធនាការប្រារព្ធ «ទិវា១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តីឆ្នាំ២០២១»។
តាមរយៈសន្ទរកថាជាង ៣ទំព័រជាភាសាអង់គ្លេស លោកស្រី Pauline Tamesis ថា៖ «ការលុបបំបាត់អំពើហិង្សាចាប់ផ្តើមដោយជឿលើជនរងគ្រោះ ប្រើប្រាស់វិធីសាស្រ្តនានាដែលមានលក្ខណទូលំទូលាយ និងបរិយាប័ន្ន ផ្តល់ដំណោះស្រាយលើដើមចមនៃបញ្ហា ព្រមទាំងផ្លាស់ប្តូរបរិបទសង្គមដែលមានគ្រោះថ្នាក់ និងផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី»។
ប្រធាន UN ប្រចាំនៅកម្ពុជារូបនេះ បានលើកឡើងនូវរបាយការណ៍ថ្មីពី UN Women ដោយផ្អែកលើទិន្នន័យពីប្រទេសចំនួន ១៣ ក្នុងនោះរកឃើញថា ស្ត្រី ២នាក់ ក្នុងចំណោម ៣ នាក់បានរាយការណ៍ថាពួកគេខ្លួនឯង ឬស្ត្រីម្នាក់ដែលពួកគេស្គាល់បានជួបប្រទះនូវអំពើហិង្សាមួយចំនួន ហើយទំនងជាប្រឈមមុខនឹងអសន្តិសុខស្បៀង ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ-១៩។ បន្ថែមពីនេះ មានស្ត្រីតែម្នាក់ប៉ុណ្ណោះក្នុងចំណោម ១០នាក់ បាននិយាយថា ជនរងគ្រោះនឹងទៅប្តឹងសមត្ថកិច្ចដើម្បីសុំជំនួយ។
ចំណែកអង្គការទស្សនៈពិភពលោក (World Vision) ប្រចាំកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកនាទិវាពិភពលោកប្រឆាំងនឹងអំពើហិង្សាលើស្ត្រីភេទ ២០២១ថា អំពើហិង្សាលើស្រ្តីភេទ និងកុមារី គឺជាទម្រង់នៃការរំលោភបំពានលើផ្លូវកាយ និងផ្លូវចិត្ត ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ សុខភាពផ្លូវកាយ របួសរាងកាយ វិបត្តិផ្លូវចិត្ត និងប្រាជ្ញាផងដែរ។
World Vision ប្រចាំកម្ពុជា សរសេរថា៖ «ការប្រើប្រាស់អំពើហិង្សា ក៏ជះឥទ្ធិពលអវិជ្ជមានដល់កុមារ ដូចជាបាត់បង់ទំនាក់ទំនងល្អក្នុងសង្គម និងមានភាពភ័យខ្លាចជាដើម។ ចូលរួមលុបបំបាត់ការប្រើប្រាស់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ដើម្បីឱ្យពួកគេទទួលបានការថែទាំពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់»។
ចំណែកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាCCHR កាលពីម្សិលមិញបានលើកឡើងថា ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ គឺជាទិវាអន្តរជាតិដើម្បីបំបាត់អំពើហិង្សាទៅលើស្ត្រី។ សកម្មភាព១៦ថ្ងៃ ដើម្បីបញ្ចប់អំពើហិង្សាផ្អែកទៅលើយេនឌ័រនេះ ចាប់ផ្តើមពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។
CCHR បន្តថា ការចូលរួមក្នុងយុទ្ធនាការនេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិស្ត្រី និងផលប៉ះពាល់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅក្នុងសហគមន៍ និងអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការឱ្យបានច្បាស់លាស់និងទាន់ពេលវេលា ដើម្បីបញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សរសេរថា៖ «អំពើហិង្សាទៅលើស្ត្រីគឺជាការរំលោភបំពានមួយនៃការរំលោភសិទ្ធិមនុស្ស ដែលកើតមានធ្ងន់ធ្ងរបំផុតក្នុងពិភពលោកនៅពេលបច្ចុប្បន្ន ហើយក៏ជាបញ្ហាប្រឈមសម្រាប់កម្ពុជាផងដែរ។ តាមការប៉ាន់ស្មាន មានស្ត្រីខ្មែរមួយនាក់ក្នុងចំណោមប្រាំនាក់ ទទួលរងអំពើហិង្សាពីដៃគូរបស់ពួកគេ ដែលចំនួននេះត្រូវបានគេជឿជាក់ថាបានកើនឡើងចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩»។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព លើកឡើងថា ស្ថាប័នពាក់ព័ន្ធត្រូវតែធានាថាខ្លួនបានចូលរួមក្នុងការដោះស្រាយពេលណាមានករណីអំពើហិង្សាទៅលើស្រ្តី ដោយមិនត្រូវរង់ចាំថាទាល់តែស្រ្តីជាជនរងគ្រោះ ឬក្រុមគ្រួសារ ចេញមុខដាក់ពាក្យប្តឹង ទើបមន្ត្រីអើពើនឹងកិច្ចការងារទាំងនោះឡើយ។
លោកស្រី ចក់ សុភាព ថា៖ «នៅក្នុងនីតិវិធីច្បាប់ គឺអាជ្ញាធរមានសមត្ថកិច្ចអាចធ្វើកិច្ចការងារហ្នឹងបាន ដោយមិនចាំបាច់ថាទាល់តែជនរងគ្រោះចេញមុខទេ ព្រោះឃើញហើយក្នុងព្រឹត្តិការណ៍ចាប់រំលោភ បំពាន ឬក៏ការប្រើប្រាស់ហិង្សាលើស្រ្តីនេះ គឺជាបទឧក្រិដ្ឋផង។ និងទី២ស្រ្តីទាំងឡាយដែលគាត់ក្លាយជាជនរងគ្រោះ គាត់ត្រូវការគាំពារពីយើង មិនមែនគាត់កំពុងតក់ស្លុតភ័យខ្លាច រង់ចាំទាល់តែគាត់ចេញមុខទៀត។ ចឹងយើងមិនបានផ្តល់កិច្ចគាំពារគ្រប់គ្រាន់ទៅដល់ពួកគាត់ទេ»។
អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារី លោកស្រី ញាណ សុចិត្រា ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី២៥ ខែវិច្ឆិកានេះថា យុទ្ធនាការ១៦ថ្ងៃនេះ ជាយុទ្ធនាការរបស់ពិភពលោកដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងក្មេងស្រីនៅទូទាំងពិភពលោក ហើយសម្រាប់កម្ពុជា ក្រសួងកិច្ចការនារីក៏ចូលរួមក្នុងយុទ្ធនាការនេះដែរ។ លោកស្រីបន្តថា ការចូលរួមយុទ្ធនាការនេះ គឺដើម្បីសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ ព្រមទាំងសង្គមស៊ីវិលក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រីនៅកម្ពុជា។
លោកស្រីគូសបញ្ជាក់ថា៖ «ទាក់ទងនឹងបញ្ហាអំពើហិង្សាលើស្ត្រី និងក្មេងស្រីនេះ រួមទាំងអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាលើដៃគូស្និតស្នាល វាកើតមាននៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក ទាំងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រ ហើយនៅក្នុងប្រទេសកម្ពុជាយើងក៏មានដូចគ្នាអ៊ីចឹងដែរ។ ហើយបច្ចុប្បន្នបញ្ហាអំពើហិង្សាលើស្ត្រី និងក្មេងស្រីនៅតែបន្តកើតមាន។ ហើយនៅកម្ពុជាយើង យើងមានផែនការសកម្មភាពស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៣»។
កាលពីខែកញ្ញា ឆ្នាំ២០២១ អង្គការសហប្រជាជាតិ (UN) រកឃើញថា នៅកម្ពុជាស្ត្រីម្នាក់ ក្នុងចំណោមស្រ្តី៥នាក់ រងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ ទាំងផ្លូវកាយនិងផ្លូវភេទ ពីដៃគូស្និតស្នាល នាអំឡុងពេលជួបវិបត្តិកូវីដ-១៩ ដោយសាររឹតត្បិតការធ្វើដំណើរ ដែលធ្វើឱ្យស្ត្រីមានការលំបាកក្នុងការស្វែងរកសេវានិងជំនួយផ្លូវច្បាប់ ។
អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានឱ្យដឹងដែរថា ដើមចមដែលនាំឱ្យមានអំពើហិង្សាលើស្ត្រី ដោយសារកត្តាបិទខ្ទប់ ការធ្វើការងារពីផ្ទះ ឬបាត់បង់ប្រាក់ចំណូល ព្រមទាំងវិធានការរឹតត្បិតការធ្វើដំណើរ និងការជួបជុំជាដើម៕