របាយការណ៍​មួយ​ថា ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា​នៅ​តែ​ទន់ខ្សោយ

ACU អង្គភាពប្រឆាំង​អំពើពុក​រលួយ។

អង្គការ​តម្លាភាព​កម្ពុជា (TI) និង​អង្គការ​សម្ព័ន្ធសង្គម​ស៊ីវិល (UNCAC) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ កាល​ពី​ថ្ងៃទី២៤ ខែវិច្ឆិកា​ថា ការ​អនុវត្តច្បាប់​ប្រឆាំង​អំពើពុក​រលួយ​នៅ​កម្ពុជា នៅ​តែ​ទន់​ខ្សោយ។

របាយការណ៍​ដែល​មាន​កម្រាស់​៧៦​ទំព័រ​នេះ​ បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​បាន​អនុម័តច្បាប់​ប្រឆាំង​អំពើពុករលួយ​ដ៏ទូលំទូលាយ (ច្បាប់​ប្រឆាំង​អំពើពុករលួយ) និង​បាន​បង្កើតផែនការ​យុទ្ធសាស្រ្តជាតិ​ប្រឆាំង​អំពើពុករលួយ​ចំនួន​បី រួមជា​មួយ​នឹង​គោល​នយោបាយប្រឆាំង​អំពើពុករលួយ​ផ្សេង​ទៀត។ ប៉ុន្តែទោះ​ជា​យ៉ាង​នេះ​ក្តី ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នេះ​នៅតែ​ទន់ខ្សោយ ខណៈអ្នក​សង្កេតការណ៍​មួយ​ចំនួន​បាន​សម្តែង​ការ​ព្រួយ​បារម្ភថា ច្បាប់នេះ​ត្រូវបាន​អនុវត្ត​ដោយ​រើសអើង។ មិន​មាន​ភ័ស្តុតាង​ណាមួយ​ដែល​បង្ហាញ​ថាដំណើរការ​ពិគ្រោះយោបល់​ផ្លូវការ​ប្រកប​ដោយ​តម្លាភាព និង​មាន​អត្ថន័យ​ក្នុងការ​អភិវឌ្ឍគោលនយោបាយ និង​ការ​អនុវត្ត​ការប្រឆាំង​អំពើពុករលួយ​បានកើត​ឡើង​នោះ​ទេ។ រី​ឯ​ឯកសារ​ប្រឆាំង​អំពើ​ពុករលួយ​សំខាន់ៗ ក៏​មិន​អាច​ចូលយក​បាន​ជា​សាធារណៈ​នោះទេ។

របាយការណ៍​បន្ត​ថា ច្បាប់​ប្រឆាំង​អំពើពុករលួយ​បាន​បង្កើត​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ (ACI) ដែល​មាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ដែល​មាន​ភារកិច្ច​អនុវត្ត​វិធានការ​ច្បាប់ និង​ក្រុមប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ (NCAC) ដែល​ជា​ស្ថាប័ន​ប្រឹក្សា។

របាយការណ៍​បន្ត​ថា នៅក្នុងការ​អនុវត្ត ពេល​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ដោះស្រាយ​បញ្ហា​ រួម​ទាំង​បុគ្គលិក​ខ្មោច ដែល​ជា​បុគ្គលិក​រដ្ឋាភិបាល​ដែល​គ្មាន​ប្រាក់បៀវត្សរ៍កន្លង​មក ប៉ុន្តែវា​កម្រ​នឹង​ស៊ើបអង្កេត​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​កាន់អំណាច ​បើទោះបី​ជា​មាន​ការ​ចោទ​ប្រកាន់​យ៉ាងទូលំទូលាយ​អំពីអំពើពុករលួយ​នៅថ្នាក់ខ្ពស់​របស់​រដ្ឋាភិបាល​ក៏​ដោយ។ របាយការណ៍​បាន​ផ្តល់​អនុសាសន៍​ជាច្រើន​ដើម្បី​ធ្វើការ​កែលំអរ ជាពិសេស​ការ​ពង្រឹង​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) តាម​មាត្រា ១៣ នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើពុករលួយ។

នៅមិន​ទាន់មាន​ប្រតិកម្មតប​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នៅឡើយទេ ទាក់ទង​នឹង​របាយការណ៍​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ