នាយក​រដ្ឋ​មន្ត្រី​បញ្ជា​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ចេញ​សារ​ភាព​ជា​ថ្នូរ​ការ​សម្រាល​ទោស

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនទាំងឡាយដែលជាប់ពាក់ព័ន្ធបទល្មើសកាប់ទន្ទ្រានដីព្រៃលិចទឹក ពិសេសនៅតំបន់បឹងទន្លេសាប ចេញមុខសារភាពចំពោះទង្វើល្មើសច្បាប់របស់​ខ្លួន ជាថ្នូរនឹងការទទួលបានសម្រាលទោស ឬបន្ធូរបន្ថយទោស។

សារព្រមាននេះ ធ្វើឡើងក្រោយមានរបាយការណ៍ស្រាវជ្រាវពីរាជបណ្ឌិតសភាកម្ពុជា ដឹកនាំដោយលោក សុខ ទូច ដែលបានបញ្ជូនទៅដល់ដៃនាយករដ្ឋមន្ត្រី ដោយរកឃើញមានការកាប់ទន្ទ្រានដីព្រៃលិចទឹកជាច្រើនពាន់ហិកតា ​នៅតាមបណ្តាខេត្តនានាជាប់បឹងទន្លេសាប។

ក្នុងសារជាសំឡេងជាង២៣នាទី នៅរសៀលថ្ងៃអាទិត្យនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានធ្ងន់ៗ ដោយថានឹងចាត់វិធានការច្បាប់ចំពោះអ្នកពាក់ព័ន្ធការទន្ទ្រានព្រៃលិចទឹក ពិសេសនៅតំបន់បឹងទន្លេសាប ហើយលោកទទួលស្គាល់ថាមានមន្ត្រីមួយចំនួនទាំងអាជ្ញាធរថ្នាក់ខេត្ត ថ្នាក់ស្រុកក៏កំពុងជាប់ពាក់ព័ន្ធផងដែរ។ លោកក្នុងនោះ លោកបានលើកឡើងថា អតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ចាន់ឌឿន មានជាប់ព័ន្ធការកាប់ទន្ទ្រានដីព្រៃលិ​ចទឹកនៅតំបន់បឹងទន្លេសាបជាង២០០០ហិកតា ថែមទៀតផង។

លោកបញ្ជាក់ថា៖ «​ខ្ញុំបានបញ្ជាក់ហើយថា មានតែផ្លូវច្បាប់ប៉ុណ្ណោះ ដែលអាចដោះស្រាយបាននូវបញ្ហាពួកអ្នកទាំងនេះ។ យើងបានអប់រំគេរាប់សិបឆ្នាំរួចមកហើយ អំពីផលវិបាកលើបញ្ហានេះ។ ហេតុអ្វីក៏នៅមានមន្ត្រីបែបនេះតទៅទៀត ហើយខ្ញុំក៏សូមប្រាប់ទៅមន្ត្រីទាំងឡាយដែលបានអនុវត្តខុសបើសិនជាចង់បន្ធូរបន្ថយទោស ក៏ត្រូវទៅសារភាពជាបន្ទាន់។ ចេញសារភាពជាបន្ទាន់ បើសិនមិនចេញសារភាពជាបន្ទាន់ ខ្ញុំសូមឱ្យអ្នកទៅអនុវត្ត ចាត់វិធានការឱ្យម៉ឹងម៉ាត់បំផុត គឺការចាប់ខ្លួនតែម្តង សម្រាប់ផ្តន្ទាទោសតាមច្បាប់»។

បឹងទន្លេសាប គ្របដណ្តប់ជាប់ខេត្តចំនួន៥នៅកម្ពុជា រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប កំពង់ធំ និងបាត់ដំបង។

មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ការបញ្ជាឱ្យមន្ត្រីចេញមុខសារភាពទោសកំហុសជារឿងម្យ៉ាង ប៉ុន្តែការបន្ធូរបន្ថយទោសបែបណានោះ ជាការសម្រេចរបស់ស្ថាប័នតុលាការ ឬ ទៅតាមច្បាប់។

មន្ត្រីសង្គមស៊ីវិលរូបនេះ មើលឃើញថាការព្រមានចាត់វិធានការច្បាប់ទៅលើមន្ត្រី និងជនដែលពាក់ព័ន្ធការរំលភទន្ទ្រានដីព្រៃលិចទឹកនោតំបន់បឹងទន្លេសាប គឺជារឿងហួសពេល ត្បិតព្រៃលិចទឹកនៅតំបន់វាលទំនាបរបស់កម្ពុជាមួយនេះបានឈានដល់កម្រិតប្រកាសអាសន្នរួចទៅហើយ។

លោកមានប្រសាសន៍ថា៖ «បាទយឺតពេល ពីព្រោះយើងឃើញថានៅជុំវិញបឹងទន្លេសាបវាក្លាយទៅជាសញ្ញាមួយដែលហៅថាសញ្ញាប្រកាសអាសន្ន។ អីចឹងណា ព្រោះក្នុងនោះខ្ញុំឃើញថាលោកបណ្ឌិតខាងនោះ[បណ្ឌិត សុខ ទូច] គាត់បានចុះមើលហើយ គាត់បានរាយការណ៍ថាមានសភាពការណ៍វាធ្ងន់ ហើយយើងឃើញក៏អីចឹងដែរ។ យើងឃើញថា ដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបស្ទើរតែអស់ហើយ បើយើងនិយាយទៅ។ អីចឹងវា យឺត វាយឺតហើយ ចូលដល់លក្ខណៈប្រកាសអាសន្ន ហើយវាធ្វើឱ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិ ហើយប៉ះពាល់ដល់បឹងទន្លេសាបដែលវាគោករាក់អីហ្នឹង»។

មន្ត្រីសង្គមស៊ីវិលដដែល​ ជំរុញឱ្យការអនុវត្តវិធានការចេញមុខសារភាពអំពីបទល្មើសរបស់ខ្លួននេះត្រូវធ្វើឡើងជាសាធារណៈ ហើយវិធានការច្បាប់ទៅលើក្រុមជនល្មើសដែលកាប់ទន្ទ្រានដីព្រៃលិចទឹក ព្រមទាំងធនធានធម្មជាតិទាំងឡាយត្រូវធ្វើឡើងឱ្យបានទូលំទូលាយ គ្មានការរើសអើង។

លោកបន្ថែមថាបទល្មើសធនធានធម្មជាតិទាំងនោះ បានកើតឡើងស្ទើរគ្រប់កន្លែងនៅកម្ពុជាដូចជានៅតំបន់ឆ្នេរ តំបន់វាលទំនាប ខ្ពស់រាប តំបន់ភ្នំ តំបន់ភូមិភាគឦសាន្តជាដើម ហើយបទល្មើសធំៗ ការទន្ទ្រានដីរដ្ឋរាប់រយរាប់ពាន់ហិកតា ដែលអាចធ្វើទៅបាន គឺទាល់តែជាអ្នកមានអំណាច​ តួយ៉ាងដូចជាករណីអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ចាន់ឌឿន ជាឧទាហរណ៍ពេលនេះស្រាប់៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ