លោក កឹម សុខា បញ្ជាក់​ជា​ថ្មី​ថា អ្វី​ដែល​លោក​និយាយ គឺ​មិន​មាន​ការ​គំរាមកំហែង​នោះ​ទេ

លោក កឹម សុខា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅផ្ទះលោក មុនទៅចូលរួមសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០។ (សាញ់ ប៊ុនហឿន)

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​មក​បញ្ជាក់​បន្ថែម​ថា អ្វីដែល​លោក​បាន​សរសេរ​នៅលើ​ទំព័រហ្វេសប៊ុក​កាលពី​ពេល​ថ្មីៗ​នេះ គឺ​ជា​ឆន្ទៈពិត​របស់លោកដោយ​មិន​មាន​ការបង្ខិតបង្ខំ ឬ​រង​ការ​គំរាមកំហែង​ណាមួយ​នោះ​ទេ។

លោក កឹម សុខា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅថ្ងៃទី០១ ខែធ្នូ​នេះ​ថា ការ​បង្ហាញ​ជំហរ​របស់​លោក តាម​រយៈទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក កាលពីថ្ងៃទី២៨ ខែវិច្ឆិកា គឺធ្វើ​ឡើង​ដោយ​ឆន្ទៈពិតប្រាកដ​របស់​លោក និង​មិនមែន​ធ្វើតាម​អ្នកណា​គំរាម ឬ​បង្ខំលោក​នោះ​ទេ។

លោកបាន​គូស​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំធ្វើអ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ទៅ​តាម​លទ្ធភាព កាលៈទេសៈ និង​ដោយ​ឆន្ទៈពិត​របស់​ខ្ញុំ មិន​ធ្វើតាម​អ្នកណា​គំរាមបង្ខំ​ខ្ញុំ​ឡើយ ជាពិសេស​អ្វីដែល​ខ្ញុំផ្សព្វផ្សាយ​ក្នុង​ផេក​[facebook page] ផ្លូវ​ការ​របស់​ខ្ញុំ»។

ការចេញ​មក​បញ្ជាក់​របស់ លោក កឹម សុខា នៅ​ពេល​នេះ គឺ​បាន​ឆ្លើយតប​ទៅកាន់​លោក សម រង្ស៊ី ដែល​ធ្លាប់​បាន​ចាត់ទុក​ការ​បង្ហោះ​សារ​នយោបាយ​របស់​លោក កឹម សុខា កាល​ពីថ្ងៃទី២៨ ខែវិច្ឆិកា នោះ​ថា​ធ្វើ​ឡើង​ក្រោម​ការ​គំរាមកំហែងពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា លោក កឹម សុខា បាន​លើក​ឡើង​នៅលើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក​ថា សកម្ម​ភាព​របស់ លោក សម រង្ស៊ី និង​សហការី​របស់​ខ្លួន​កន្លង​មក ជា​ពិសេស​សកម្មភាពថ្មីៗនេះ​ បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា លោក សម រង្ស៊ី និងលោក​​ កឹម សុខា មិនមែន​ជា​មនុស្ស​តែ​មួយ​ទេ ព្រោះ​សកម្មភាព​ទាំងអស់​នោះ​មិនមានការ​គាំទ្រ ឬ​ជា​ជំហររបស់​លោក​នោះ​ឡើយ។

កាលពី​ថ្ងៃម្សិលមិញ កូនស្រី​ទាំងពីរ​របស់​លោក កឹម សុខា ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ដូចគ្នានេះ​ដែរ។ កញ្ញា កឹម មនោវិទ្យា ដែល​ជាកូនស្រី​ច្បង​របស់​លោក កឹម សុខា បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម (Twitter)​ ថា ឪពុក​របស់ខ្លួន​មាន​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ ដើម្បី​ប្រាប់​ដៃគូ​របស់​លោក​ឱ្យ​បញ្ឈប់​ការកេងចំណេញ​និង​បោកប្រាស់​សាធារណជន​តទៅ​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ