លោក ហ៊ុន សែន ប្រកាសពីការត្រៀមខ្លួនជាស្រេច ដើម្បីធ្វើដំណើរទៅមីយ៉ាន់ម៉ា

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បាន​ប្រកាស​ពីការ​ត្រៀម​ខ្លួនជា​ស្រេច ដើម្បីធ្វើដំណើរ​ទៅ​ប្រទេសមីយ៉ាន់ម៉ាក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជា ដោយ​មិនដាក់លក្ខខណ្ឌទុកជាមុន ដើម្បីស្វែង​រកប្រក្រតី​ភាព​មេដឹកនាំ​រដ្ឋប្រហារយោធាមីយ៉ាន់ម៉ាក្នុងនាមសមាជិកអាស៊ានឡើងវិញ។

ការប្រកាសនេះបាន​ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ​៣៧ខ្សែ នៅ​ខេត្តព្រះសីហនុ នាថ្ងៃទី២ ខែ​ធ្នូ ឆ្នាំ​២០២១។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាសថា នឹងអញ្ជើញ​រដ្ឋមន្ត្រីការបរទេសរបស់មី​យ៉ាន់ម៉ា​មក​​កាន់​កម្ពុជា​ នៅថ្ងៃទី៦ និងថ្ងៃទី៧ ខែធ្នូ ​ឆ្នាំ២០២១ ខាង​មុខ​នេះ​ ដើម្បីជជែកពិភាក្សាលើបញ្ហាមួយចំនួន។

លោកលើកឡើងថា៖ «បើអាស៊ានតែ៩[ប្រទេស] ម៉េចបានហៅថាអាស៊ានទៅកើត? អាស៊ាន​ត្រូវមានកុងសង់ស៊ីស បើកុងសង់ស៊ីស វាទាល់តែ១០។ ធម្មនុញ្ញអាស៊ានអត់មាន​តម្រូវឱ្យ​ដេញ​សមាជិក​ណាមួយចេញទេ»។ ​

លោកបន្តថា៖ «តើយើងគួរពង្រឹងផ្ទះខ្លួនឯង? ផ្ទះវាមានជើងសសរ១០ ឥលូវសសរ​មួយបាក់ តើទុកឱ្យវាបាក់អ៊ីចឹង​ ដើម្បីបំពេញចិត្តដៃគូខាងក្រៅ? ឬក៏ត្រូវរៀបចំផ្ទះខ្លួនឯង? បើផ្ទះ​ខ្លួនឯង​រៀបចំ​មិនបាន តើអ្វីទៅ​ដែល​ហៅថាសាមគ្គីភាពអាស៊ាន ឬមជ្ឈភាពរបស់អាស៊ាន?»

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានបង្ហាញពីបទពិសោធន៍នៃការចរចាពីអតីត ក្នុងន័យផ្សារភ្ជាប់នឹងករណី​មីយ៉ាន់ម៉ា​​បច្ចុប្បន្ន​ថា លោកបានចរចាបញ្ហានានាពេញមួយជីវិតរបស់លោកទៅហើយ តែ​ការធ្វើការងារលើតុ គឺ​មិន​ដែលបានការទេ គ្រាន់តែប្រថាប់ត្រាប៉ុណ្ណោះ។ លោកថា ផ្ទុយទៅវិញ គេធ្វើការក្រោមតុត្រូវរ៉ូវគ្នា​ហើយ​ ទើបបានគេយកមកដាក់លើតុ ដើម្បីប្រថាប់ត្រាជាក្រោយ។

​នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ថ្លែងសាទរចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ដែលថានឹងធ្វើដំណើរទៅមីយ៉ាន់ម៉ា ដោយសារកម្ពុជា​នឹង​ក្លាយជាប្រធាន​អាស៊ាន​ ដែលទាមទារ​ឱ្យសម្របសម្រួលដោះ​ស្រាយបញ្ហាសេសសល់​ចំពោះមុខ ជាក់ស្ដែងដូច​​បញ្ហារបស់​សមាជិកអាស៊ាន​ ដូចជា មីយ៉ានម៉ា ជាដើម។

លោកគូសបញ្ជាក់ថា៖ «អ្វីដែលខ្ញុំអាចសន្និដ្ឋានបាន គឺយើងគួរតែសម្លឹងមើលតើអនាគតរបស់មីយ៉ាន់ម៉ាដែលសម្ដេចនាយករដ្ឋមន្ត្រីនឹងទៅ តើគាត់នឹងមានវិធីសាស្ត្រអីដើម្បីសម្របសម្រួលបញ្ហាហ្នឹង! ក៏ប៉ុន្តែរឿងដែលចាំបាច់ យើងត្រូវតែមើលថាតើការសម្រេចនោះ​វាស្ថិតនៅក្នុងកាលៈទេសៈមួយដែលសហគមន៍អាស៊ានទាំង១០ប្រទេសនេះអាចទទួលយកបានដែរអត់»។

លោកបន្ត​ថា៖ «មេដឹកនាំអាស៊ានត្រូវជំរុញឱ្យមេដឹកនាំមីយ៉ាន់ម៉ាទទួលស្គាល់សំឡេងភាគច្រើននៃប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនៅក្នុងប្រទេសមីយ៉ាន់ម៉ាហ្នឹង ទើបអាចធ្វើឱ្យស្ថានភាពល្អប្រសើរឡើងវិញ»។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។ កម្ពុជាបានចូលជាសមាជិកអាស៊ានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ហើយមកទល់ពេលបច្ចុប្បន្ន​ កម្ពុជា​បានក្លាយជាប្រធានអាស៊ានចំនួន៣លើក​ ពោលគឺនៅឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ២០២២ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ