ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ចិន​ កើន​ឡើង​ជិត​ ៩ ពាន់​លាន​ដុល្លា ក្នុង​រយៈពេល ១០ ខែ​ឆ្នាំ​២០២១

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាលោក ឈួន ដារ៉ា ធ្វើបទបង្ហាញទាក់ទាញអ្នកវិនិយោគនៅប្រទេសចិនថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៩(រូបពីក្រសួងពាណិជ្ជកម្ម)

គិតត្រឹម​រយៈពេល​ ១០​ ខែ​ដើម​ឆ្នាំ​នេះ កម្ពុជា​បាន​នាំ​ចេញ​ទៅ​ចិន​ប្រមាណ ១,២ ពាន់លានដុល្លារ ខណៈប្រទេស​ចិន​នាំទំនិញ​ចូល​មក​កម្ពុជា​ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៧,៧ ពាន់លានដុល្លារ​អាមេរិក។

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០២១ បាន​ឱ្យដឹង​ថា ទំហំ​ពាណិជ្ជកម្មទ្វេភាគី​រវាងចិន​និង​កម្ពុជា បាន​កើន​ទឹក​ប្រាក់​រហូត​ដល់ ៨ ៩៣១ លាន​ដុល្លារ​អាមេរិក ពោល​គឺ​មាន​កំណើន ៣៨.៥៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ២០២០។

ប្រភព​ដដែល​បាន​លើក​ឡើង​ថា ទំហំ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ មានចំនួន​ប្រមាណ ១ ២២២ លាន​ដុល្លារ​អាមេរិក មាន​កំណើន ៤៩% ខណៈទំហំ​នៃ​ការ​នាំ​ចូលពី​ប្រទេស​ចិន​មក​កាន់​កម្ពុជា​វិញ​មាន​ចំនួន​ប្រហែល ៧ ៧០៩ លាន​ដុល្លារ​អាមេរិក​ មានកំណើន ៣៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ២០២០។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ស៊ាង ថៃ មាន​ប្រសាសន៍​ថា ទោះបី​ជាបច្ចុប្បន្ន ជញ្ជីង​ពាណិជ្ជកម្ម​របស់​កម្ពុជា​ទាប​ជាង​ប្រទេស​ចិន​ក៏ដោយ តែ​លោក​សង្ឃឹម​ថានៅថ្ងៃ​អនាគត​តួលេខ​នាំ​ចេញ​ពី​កម្ពុជា​នឹង​កើន​ឡើង​ជាង​នេះ។

លោកលើក​ឡើង​ថា៖ «ដើម្បី​ឲ្យតួលេខ​នាំចេញ​ពី​កម្ពុជា​កើន​ឡើង យើង​ត្រូវ​បំពេញ​ការងារ​ជាច្រើន ដូចជា​ពង្រីក​ផលិតកម្ម លើកកំពស់​គុណភាព​ទំនិញ អនាម័យ ភូតគាម​អនាម័យ កែ​សម្រួល​ប្រព័ន្ធឡូជីស្ទិក និង​ជំរុញការ​នាំចេញ​ជាដើម»

ការកើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ចិន​នេះ បាន​កើត​ឡើង​ស្របពេល​ដែល​កម្ពុជា​ចិន បាន​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី (ATF) ជាផ្លូវការ​កាលពី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ហើយ​កិច្ចព្រមព្រៀង​នេះនឹង​ត្រូវ​ចូលជា​ធរមាន​នៅ​ខែមករា ឆ្នាំ២០២២ ខាង​មុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ