រដ្ឋបាល​ជលផល​ប្រាប់​ឱ្យ​ពលរដ្ឋ​ត្រៀម​ធ្វើ​ប្រហុក​ ផ្អក​ ​ដោយ​អ្នក​នេសាទ​នឹង​រក​ត្រី​បាន​ច្រើន​រយៈ​ពេល​៥​ថ្ងៃ

រដ្ឋបាលជលផល បានប្រាប់ដល់ប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីប្រឡាក់ ឬត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ អាចរកទិញត្រីនៅតាមផ្សារត្រីនានា ក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ ដោយសារជារដូវត្រីត្រូវ ឬ អ្នកនេសាទនឹងរកត្រីបានច្រើន។

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា នៅរដូវនេសាទឆ្នាំ២០២១-២០២២ កម្ពស់ទឹកដែលហូរចេញពីទន្លេសាបបង្ហាញថា​ គន្លងដាយនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ អាចនេសាទត្រីបានច្រើនចាប់ពីខែមិគសិរនេះពីថ្ងៃទី៨កើត រហូតដល់ថ្ងៃ១២កើត ដែលត្រូវនឹងថ្ងៃទី១២ ខែធ្នូ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។

ប្រភពដដែលបន្តថា ជាមួយគ្នានេះអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រីបានដោយរលូនតាមការគួរ។

​កាលពីឆ្នាំមុនរដូវត្រីត្រូវ ឬ ការនេសាទត្រីបានច្រើន គឺមានរយៈពេល១សប្តាហ៍ ដោយគិត​ចាប់​ពីថ្ងៃទី១៤ ដល់​ទី២០ ខែធ្នូ។

យ៉ាងណា ពលរដ្ឋមួយចំនួនដែលសម្រុកទៅទិញត្រីធ្វើប្រហុក ផ្អក ត្រីឆ្អើរជាដើម សម្រាប់បរិភោគប្រចាំឆ្នាំមួយចំនួនបានប្រាប់វីអូឌីកាលពីខែធ្នូឆ្នាំ២០២០ថា ត្បិតតែជារដូវនេសាទត្រីបានច្រើនពិតមែន ប៉ុន្តែតម្លៃត្រីពេលនោះ បានឡើងថ្លៃខុសពីឆ្នាំមុនៗ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ