គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិរបស់គណបក្សភ្លើងទៀន ដែលបើកផ្លូវឱ្យតំណាងគណបក្សនៅថ្នាក់ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ អាចប្រើប្រាស់សិទ្ធិក្នុងការចុះហត្ថលេខាដាក់ឈ្មោះបេក្ខភាពមេឃុំ-ចៅសង្កាត់ និងគណបក្សនយោបាយរបស់ខ្លួនបាន ដោយមិនចាំបាច់ត្រូវឆ្លងយោបល់ពីប្រធានគណបក្ស។
ការឯកភាពរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោតនេះ នៅក្រោយពេលដែលគណបក្សភ្លើងទៀនបានជូនដំណឹងជាផ្លូវការទៅ គ.ជ.ប កាលពីថ្ងៃទី៧ ខែកុម្ភៈ។
លិខិតឆ្លើយតបរបស់ គ.ជ.ប ដែលចេញកាលពីថ្ងៃទី១២ ខែកុម្ភៈ ដែលវីអូឌីទើបទទួលបាននៅថ្ងៃនេះ បង្ហាញថា គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ត្រូវអនុវត្តនិងផ្សព្វផ្សាយឱ្យបានដល់គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោតឱ្យបានទូលំទូលាយនិងមានប្រសិទ្ធភាព។
លិខិតបន្តថា មូលហេតុដែលនាំឱ្យ គ.ជ.ប សម្រេចបែបនេះ ដោយសារគណបក្សភ្លើងទៀនបានដាក់លិខិតឱ្យ គ.ជ.ប ជាផ្លូវការស្ដីពីការផ្ទេរសិទ្ធិជាប្រធានក្រុមការងារបណ្ដោះអាសន្នដល់គ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ នៅទូទាំងប្រទេស ដើម្បីធ្វើជាតំណាងស្របច្បាប់នៃគណបក្សភ្លើងទៀន ក្នុងការចុះហត្ថលេខាលើ «ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដើម្បីអង្កេតពីដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត» បម្រើឱ្យការបោះឆ្នោតឃុំ-សង្កាត់ដែលនឹងប្រព្រឹត្តទៅក្នុងពេលខាងមុខនេះ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បញ្ជាក់ថា មកដល់ពេលនេះ គណបក្សពុំមានឧបសគ្គណាមួយដែលកើតចេញពីការផ្ទេរសិទ្ធិនេះ នៅថ្នាក់មូលដ្ឋានទេ។ ប៉ុន្តែលោកថា អ្វីដែលជាបញ្ហាស្មុគស្មាញនោះ គឺនៅត្រង់បរិយាកាសនយោបាយដែលនៅមិនទាន់មានភាពល្អប្រសើរតែប៉ុណ្ណោះ។
លោក ថាច់ សេដ្ឋា អះអាងថា គិតមកដល់ពេលនេះ គណបក្សបានរៀបចំសមាជិក ដើម្បីឱ្យឈរឈ្មោះជាបេក្ខភាពមេឃុំ-ចៅសង្កាត់បានជាង៨០ភាគរយហើយ។
លោកបន្តថា៖ «ហ្នឹងហើយ! យើង១ ៦៥២ឃុំហ្នឹង! យើងបានជិតគ្រប់អស់ហើយ នៅសល់មិនដល់២០ភាគរយទៀតទេ។ ឥលូវនេះ យើងកំពុងតែជំរុញឱ្យគ្រប់១០០ភាគរយនៅចុងខែនេះ យើងដឹងហើយ»។
បើតាមលោក ថាច់ សេដ្ឋា មេឃុំ-ចៅសង្កាត់របស់គណបក្សភ្លើងទៀនដែលត្រូវឈរឈ្មោះនៅក្នុងអាណត្តិនេះ អ្នកខ្លះមកពីអតីតមេឃុំ-ចៅសង្កាត់នៃគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ហើយបេក្ខភាពមេឃុំ-ចៅសង្កាត់ខ្លះក៏មានមកពីគណបក្សផ្សេងដែរ។ អ្នកនាំពាក្យរូបនេះមានជំនឿថា គណបក្សភ្លើងទៀន នឹងទទួលបានការគាំទ្រពីអង្គបោះឆ្នោតច្រើនសម្រាប់ការប្រកួតប្រជែងនៅក្នុងអាណត្តិទី៥នេះ។
ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន វិញ យល់ឃើញថា ការដែលប៉ាន់ប្រមាណទុកមុនពីលទ្ធផលបែបនេះ មានន័យថាជាការមិនគោរពសិទ្ធិអ្នកបោះឆ្នោត។ ម្យ៉ាងវិញទៀត នេះគ្រាន់តែជាការបង្ហាញសាច់ដុំនៅមុនការប្រកួតតែប៉ុណ្ណោះ។ លោកបន្តថា បើធៀបនឹងគណបក្សប្រជាជនកម្ពុជាដែលបានត្រៀមបេក្ខភាពមេឃុំ-ចៅសង្កាត់រួចហើយនេះ វាមិនមែនជាការគំរាមកំហែងចំពោះលទ្ធផលឆ្នោតនាពេលខាងមុខណាមួយនោះឡើយ។
លោកបន្តថា៖ «អាហ្នឹងយើងមិនអាចថាមុនទេ កាលណាថាមុន ការបោះឆ្នោតដែលសម្ដែងឆន្ទៈដោយប្រជាពលរដ្ឋ វាជាការប្រមាថឆន្ទៈប្រជាពលរដ្ឋហើយ។ អត់មានអីទេ! ១ ៦៥២ឃុំសង្កាត់ គឺគណបក្សប្រជាជនបានត្រៀមលក្ខណៈគ្រប់គ្រាន់អស់ហើយ។ បេក្ខជនប្រមាណជាង៤ម៉ឺននាក់ យើងបានដាក់បេក្ខភាពមេឃុំ-ចៅសង្កាត់នៅទូទាំងប្រទេស»។
នៅស្របពេលដែលគណបក្សក្រៅរដ្ឋាភិបាលត្អូញត្អែរពីបញ្ហាមិនអំណោយផលខ្លះៗនៅមុនការបោះឆ្នោតនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្កបរិយាកាសឱ្យបានល្អប្រសើរដល់គ្រប់គណបក្សនយោបាយ។ ជាងនេះទៀត លោកប្ដេជ្ញាថា នឹងមិនឱ្យកើតមានអំពើហិង្សារហូតដល់មានអ្នកស្លាប់ឬរបួសដែលកើតចេញពីការបោះឆ្នោតនាពេលខាងមុខនេះទៀតឡើយ។
កាលពីឆ្នាំ២០២០ កម្ពុជាមានឃុំ-សង្កាត់ចំនួន១ ៦៤៦ ប៉ុន្តែតួលេខនេះបានកើនឡើង១ ៦៥២ឃុំ-សង្កាត់ គិតត្រឹមឆ្នាំ២០២១។ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលចេញកាលពីខែសីហា ឆ្នាំ២០២១ ស្ដីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២។ ការបង្កើនឃុំ-សង្កាត់បន្ថែមចំនួន៦ទៀតនេះ គឺរដ្ឋាភិបាលផ្អែកលើកត្តាប្រជាសាស្រ្ត និងភូមិសាស្រ្ត។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា ការរៀបចំខ្លួនបានលឿនក្នុងរយៈពេលខ្លីបែបនេះ បង្ហាញឱ្យឃើញពីភាពខ្លាំងរបស់គណបក្សភ្លើងទៀន។ លោកបន្តថា ការបង្កើនសមត្ថភាពបានរហ័សរបស់គណបក្សភ្លើងទៀន អាចបញ្ជាក់បានថា គណបក្សមួយនេះនឹងអាចក្លាយជាដៃគូប្រកួតប្រជែងដ៏ស្វិតស្វាញក្នុងសមរភូមិនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅក្នុងអាណត្តិនេះ។
លោកបន្តថា៖ «ព័ត៌មាននេះក៏វាឆ្លុះបញ្ចាំងពីការវិវត្តជាវិជ្ជមានមួយដែរ ដែលឃើញថា គណបក្សភ្លើងទៀនមានសមត្ថភាពនិងលទ្ធភាពនៅក្នុងការកៀរគរនិងការគាំទ្របេក្ខជន ដើម្បីទៅឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅថ្ងៃខាងមុខនេះ»។
បើតាមលោកបណ្ឌិត ប៉ា ចន្ទរឿន ដើម្បីអាចធានាបាននូវការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្រប់ភាគីពាក់ព័ន្ធត្រូវប្រកាន់ខ្ជាប់ និងគោរពឱ្យនូវបានច្បាប់ស្ដីពីការបោះឆ្នោត និងច្បាប់ស្ដីពីគណបក្សនយោបាយ នៅពេលនោះហើយបញ្ហាប្រឈមនិងឧបសគ្គអាចនឹងត្រូវបានកាត់បន្ថយទាំងមុននិងក្រោយការបោះឆ្នោត។ កម្ពុជាឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០២។ នៅពេលនោះ កម្ពុជាមានឃុំ-សង្កាត់ត្រឹមតែ១ ៦២១ឃុំសង្កាត់ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២២នេះ ឃុំ-សង្កាត់មានកំណើនរហូតដល់១ ៦៥២ឃុំសង្កាត់៕