គ.ជ.ប ទទួល​បាន​បណ្ដឹង​២​ករណី​ប្រឆាំង​គណបក្ស​ភ្លើងទៀន​អំពី​សមាសភាព​មេឃុំ​ចៅសង្កាត់

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ (ហ្វេសប៊ុក គ.ជ.ប)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ខ្លួនទទួលបានបណ្ដឹង២ករណីប្រឆាំង​គណ​​បក្ស​​​​​ភ្លើងទៀន អំពីសមាសភាពមេឃុំចៅសង្កាត់ដែល​មិន​គ្រប់​លក្ខ​ន្តិកៈ​កំណត់​​​ដោយ​ច្បាប់​​​ស្ដីពី​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ហើយត្រូវបាន​​ប្រជា​​ពល​​រដ្ឋ​ប្ដឹង​ជំទាស់។

អ្នកនាំពាក្យគណៈកម្មាធិការ​​ជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បញ្ជាក់ថា ចាប់តាំងពីថ្ងៃ​​ប្រកាស​​បញ្ជី​​បេក្ខភាពមេឃុំចៅសង្កាត់ កាលពីថ្ងៃទី១២ ខែ​មីនា​មក គ.ជ.ប ទើបទទួលបាន​​បណ្ដឹង​​​២ករ​​​ណីប៉ុណ្ណោះ ​ដែល​ប្រឆាំងគណបក្សភ្លើងទៀន។ លោកបន្តថា រាល់​បណ្ដឹង គឺ​ត្រូវ​ដោះ​ស្រាយ​ក្នុង​កម្រិត​គណៈ​​កម្មការ​​​ឃុំ​​សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ប៉ុន្តែ២សំណុំរឿងនេះអាច​លើស​ពី​សមត្ថ​ភាពដែល គឃ.សប ដោះស្រាយ ទើបត្រូវបញ្ជូនបន្តមក គ.ជ.ប ថ្នាក់ជាតិ។

ប្រភពដដែល​​បន្តថា ទាំង២សំណុំរឿងនេះសុទ្ធតែរងការចោទប្រកាន់ពីពលរដ្ឋ​ថា បេក្ខភាព​មេ​​ឃុំ​ចៅ​​​សង្កាត់របស់​គណបក្សភ្លើងទៀន​អសមត្ថភាព និងមិន​គ្រប់លក្ខន្តិកៈដែលកំណត់ដោយ គ.ជ.ប។

លោកបន្តថា៖ «ដើមបណ្ដឹងហ្នឹងមានសមាសភាព៥នាក់ដែលប្ដឹងចោទប្រកាន់ថា បេក្ខភាព​​មិន​​គ្រប់​​លក្ខខណ្ឌធ្វើជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ ដោយសារគាត់អត់ចេះអក្សរ»។

បើតាមលោក ហង្ស ពុទ្ធា សំណុំរឿងទាំង២ដែលប្រជាពលរដ្ឋប្ដឹងនោះ គឺមួយករណីនៅឃុំ​​ឫស្សី​ជ្រុំ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ហើយមួយករណីទៀត ស្ថិតនៅសង្កាត់ផ្សារដេប៉ូ២ រាជធា​​នី​​ភ្នំ​ពេញ។

វីអូឌី ពុំអាចសុំការបំភ្លឺបានទេពីអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា។

ប៉ុន្តែ​​មន្រ្តី​​របស់គណបក្សនេះដែលចុះទៅមូលដ្ឋាន​នៃស្រុកថ្មបាំង ខេត្តកោះកុង បាន​បង្ហោះ​សារ​នៅ​​​​លើ​​​បណ្ដាញ​​​ទំនាក់​​​ទំ​​នង​​សង្គមហ្វេសប៊ុកថា គណបក្សរបស់ខ្លួននឹងស្វែងរកបេក្ខជនថ្មីមក​ជំនួស ​​ប៉ុន្តែ​​​ក៏ព្រមានពីការ​រៀបចំបណ្ដឹងប្ដឹងប្រឆាំងភាគីម្ខាងទៀត​ ដែលតែងតែយាយីនិង​ធ្វើ​ទុក្ខ​បុក​​ម្នេញ​រាល់​សកម្ម​​​ភា​ពរបស់គណបក្សភ្លើងទៀនវិញដែរ។

យ៉ាងនេះក្ដី លោក កន សាវាង្ស មន្រ្តីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្រ្វែល យល់​ឃើញ​ថា បើ​ផ្អែកលើច្បាប់ស្ដីពីការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មានន័យថា​​ បេក្ខ​​​ភាព​​​មេឃុំចៅសង្កាត់ដែលស្នើឡើងដោយគណបក្សភ្លើងទៀន ពិត​ជា​មិនទាន់មាន​​លក្ខ​​​ណៈ​សម្បត្តិ​គ្រប់​គ្រាន់អាចឈរជាមេឃុំចៅសង្កាត់បានមែន។

លោកបន្តថា៖ «នៅក្នុងលក្ខខណ្ឌ គឺកំណត់​បែប​ហ្នឹង​! ប្រសិន​បើ​អត់​បាន​បំពេញ​លក្ខខណ្ឌ​ គឺ​ចាំបាច់​ណាស់ គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោតឃុំសង្កាត់​​ ត្រូវបដិសេធហើយ​​។ នៅក្នុង​មាត្រា​​​​​នៃ​​​ច្បាប់ មិនមានចំណុចណាថាលក្ខខណ្ឌមិនគ្រប់គ្រាន់ ត្រូវយកអីមកយោងឬ​ក៏​ដោះ​ដូរ គឺ​អត់​​​​បាន​​​លើក​​ឡើងអំពីបញ្ហាហ្នឹងទេ»។

មាត្រា​៣៥ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ បានកំណត់ថា ប្រជាពលរដ្ឋ​​ទាំងពីរភេទដែលមានបំណងឈរឈ្មោះជាបេក្ខភាពមេឃុំចៅសង្កាត់ ត្រូវបំពេញលក្ខ​ខណ្ឌ ដូច​​ជា មាន​សញ្ជាតិ​ខ្មែរពីកំណើត ចេះអាន​និងសរសេរអក្សរខ្មែរពីកំណើត​បាន ចុះឈ្មោះ​​ក្នុង​​បញ្ជី​​បោះឆ្នោតឃុំសង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះ និងមានអាយុយ៉ាងតិច២៥​ឆ្នាំ គិត​​មក​​ដល់​​ថ្ងៃ​​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់។

នៅថ្ងៃទី១៤ ខែមីនា​នេះ ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីជូន​​ដំណឹង​​ពី​​កិច្ច​​ប្រជុំ​​ផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធតាមអនឡាញ ដែលគ្រោងដំណើរការនៅថ្ងៃទី១៧ ខែមីនា​ខាង​​មុខ​​​នេះ​។ ​​តាម​​រយៈសេចក្ដីជូនដំណឹងរបស់ខ្លួន គ.ជ.ប បញ្ជាក់ថា កិច្ចប្រជុំនេះផ្ដោតសំខាន់ទៅលើការ​​បិទ​​ផ្សាយ​​ទៅលើបញ្ជីបេក្ខជនដំបូង ការដាក់និង​ការទទួល និងដោះស្រាយ​​ពាក្យ​​​បណ្ដឹង​​ជំ​​ទាស់​​​លើ​​បញ្ជី​​បេក្ខជនដំបូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ