គ.ជ.ប លុប​ឈ្មោះ​បេក្ខភាព​ចំនួន​១១រូប ចេញ​ពី​បញ្ជី​បោះឆ្នោត​ដែល​ឈរ​ជា​មេ​ឃុំ​ចៅ​សង្កាត់​​

កិច្ចប្រជុំរបស់ គ.ជ.ប ទៅលើការចុះឈ្មោះបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រេច​លុប​ឈ្មោះ​បេក្ខជន​១១​រូប មក​​​ពី​​​គណបក្ស​​​នយោបាយ​​ចំនួន២ ចេញពីបញ្ជីឈ្មោះបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា​​ឃុំ​​សង្កា​​ត់​ សម្រាប់​នីតិកាលទី៥ ឆ្នាំ២០២២នេះ។

ស្ថាប័នជាតិរៀចំការបោះឆ្នោត បានចេញសេចក្តីសម្រេច​នៅថ្ងៃទី​១៨ ខែមីនា​នេះ ដោយ​​​បង្ហា​ញ​​​​ថា បេក្ខជនទាំង ១១រូប ​ដែល​ត្រូវ​បាន គ.ជ.ប លុប​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០២២​នេះ គឺ​មក​​ពីគណបក្សភ្លើងទៀន និង​​គណបក្សឆន្ទៈខ្មែរ។

សេចក្តីសម្រេចដដែលនេះ បន្តថា សម្រាប់បេក្ខភាពមកពីគណបក្សភ្លើងទៀន មាន៧រូប ដែល​ត្រូវបានលុបចេញនោះ គឺមានម្នាក់​​​​​នៅ​​​សង្កាត់​ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង​បេក្ខភាព ៦នាក់ទៀត ​​មក​​ពី​​ឃុំជំនាប់ ស្រុកថ្ម​​បាំង ខេត្តកោះកុង។ ដោយឡែក បេក្ខភាព៤រូបផ្សេងទៀត នៅសង្កាត់​​វត្ត​​ភ្នំ​​ពេញ ខណ្ឌដូនពេញ មកពីគណបក្សឆន្ទៈខ្មែរ។

បើតាមសេចក្តីសម្រេច​របស់ គ.ជ.ប ដើមបណ្តឹងដែលប្តឹងសុំឱ្យស្ថាប័ន​​ជាតិ​​រៀប​​ចំ​​​ការ​​បោះ​ឆ្នោត​លុប​ឈ្មោះ​បេក្ខភាព ចេញ​ពីបញ្ជីឈ្មោះបោះឆ្នោតនេះ ​ជា​​​ប្រ​ជា​ពលរដ្ឋ រួមមាន ឈ្មោះ អ៊ុំ ចន្ទ​ដារ៉ា សៀង វាសនា និងឈ្មោះ កែវ ប៊ុន​ធឿន។ 

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីដើមបណ្តឹងទាំង៣រូបបាន​ទេ នៅថ្ងៃសុក្រនេះ។

ប៉ុន្តែ​នៅ​​​​​​ក្នុង​សេចក្តីសម្រេច​របស់ គ.ជ.ប ដែលធ្វើឡើង​តាមរយៈ​សវនាការ​សង្ខេប កាល​ពី​ថ្ងៃទី ១៧ ខែ​មីនា បង្ហាញ​ថា ភស្តុតាងដាក់បន្ទុករបស់ដើមបណ្តឹងទាំងនោះ មានភាពរឹង​​ម៉ាំ​​តា​ម​​​ផ្លូវ​​​​​ច្បាប់ ហើយ​ចម្លើយ​សារភាព​របស់បេ​ក្ខភាពនីមួយៗ ក៏​បាន​បញ្ជាក់​​ថា ខ្លួនពិតជា​​មិន​​ចេះ​​អាន និង​សរសេរខ្មែរដែរ។ បន្ថែមពីលើនេះ បេក្ខភាពទាំងនោះ មិនបានបំពេញប្រវត្តិរូប និង​​ការ​​ប្រកាស​យល់​ព្រម​ឈរ​ឈ្មោះ ជាបេក្ខជនផ្ទាល់របស់ពួកគេដែរ។ 

ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា បង្ហាញការភ្ញាក់ផ្អើល​​នៅពេលទទួល​​បាន​​ដំ​​ណឹ​ង​ពីការ​សម្រេចរបស់​ គ.ជ.ប ប្រឆាំងបេក្ខភាពរបស់គណបក្ស​ក្រៅរដ្ឋាភិបាលមួយនេះ​​ ដោយ​សារ​កន្លងមក គណបក្ស​នេះបាន​ជ្រើស​រើស​បេក្ខភាពដែលឈរឈ្មោះទាំងនោះដោយ​បាន​សិក្សា​ពីប្រវត្តិច្បាស់លាស់​។​ 

តែយ៉ាងណា លោក​​ថា ខាងគណបក្ស​នឹងចុះអង្កេតរឿងនេះដោយម៉ត់ចត់។ បើតាម​លោក គង់ មុនីកា រូបភាពនេះអាចជារឿង​គំរាមកំហែង និង​ជាចេតនានយោបាយ ពីភាគី​ណាមួយ​ប្រឆាំង​គណបក្ស​ក្រៅរដ្ឋាភិបាលច្រើនជាង។

លោកបន្តថា៖ «យើងនឹងចាត់ចែងក្រុមការងារគណបក្សឆន្ទៈខ្មែរ ដើម្បីទៅជាមួយនិងបេក្ខជនឡើងវិញ ហើយ​ដើម្បី​សួរ​​​​​នាំ​អំ​​​ពីបញ្ហានេះ ព្រោះអីយើង​ព្រួយ​បារម្ភថា​មានការ​ពាក់ព័ន្ធទៅនឹងការបំភិត​បំភ័យរបស់​​​អាជ្ញាធ​រ​មូល​ដ្ឋាន​ទៅ​បេក្ខជន​របស់​យើង​​ផង​ដែរ»។

ដោយឡែក មន្រ្តីនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឱ្យដឹងថា គណបក្ស​​ចាស់​​វស្សាមួយនេះ មិនជំទាស់ទៅនឹងសេចក្តីសម្រេច​ដែលចេញដោយ គ.ជ.បទេ។ ប៉ុន្តែអ្វី​​ដែល​​លោក​​ហួសចិត្តនៅពេលនេះ គឺ៤អាណត្តិមកហើយ ដែលមានការបោះឆ្នោតឃុំសង្កាត់ មិន​ដែល​មាន​បណ្តឹង​ប្រ​​ឆាំងបេក្ខភាពមេឃុំចៅសង្កាត់​ច្រើន​បែបនេះឡើយ។

លោកបន្តថា៖ «​វាជារឿងចម្លែកមួយដែរ ព្រោះកន្លងមក​​វាអត់ដែលមានការប្តឹងផ្តល់​​ជា​​បេក្ខ​​​​ជន​​បិទបញ្ជីបែបហ្នឹងទេ ឥឡូវ​ហ្នឹង​មាន​ការប្តឹងផ្តល់រហូតទៅ​​ដល់ច្រើនកន្លែង​​។ ម្ខាង​​ទៀត​​​មានតាំងពីមេធាវីមេអីទៀត វាដូចជាសម្បើមដៃដែរ»។

បើតាមលោក ថាច់ សេដ្ឋា ការបន្តុចបង្អាក់ និងរំខានពីសកម្មភាព​រ​បស់គណបក្សភ្លើងទៀន ស្ទើរគ្រប់ឃុំសង្កាត់នេះ ជារូបភាព​នៃការគំរាមកំហែង និងធ្វើទុក្ខ​បុកម្នេញ​​ផ្នែក​​​នយោ​​​បាយ​​ទៅ​លើ​គណបក្សភ្លើងទៀ​ន។ ប្រភពដដែល​បន្តថា សម្រាប់​គណបក្សនេះ នឹងមិនរក​​បេក្ខភាព​​ថ្មី​មក​ជំនួស​ទៀត​ទេ ព្រោះមានបេក្ខជនបម្រុងនៅក្នុងបញ្ជីបោះឆ្នោត​ដែល​ឈរ​​លេខ​​​រៀង​​បន្ទាប់​​រួច​ហើយ។

នាយកប្រតិបត្តិអង្គការនិចហ្វិច(Nicfec) លោក សំ គន្ធាមី សង្កេតឃើញថា រូបភាព​នៃ​​​ការ​​​យាយី និង​ហិង្សាផ្នែកនយោបាយ នៅក្នុងនីតិកាលទី៥នេះ ហាក់ដូចមានស្ថានភាពធ្ងន់ធ្ងរ បើ​ធៀប​នឹង​ដំណើរ​ការ​នៃការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​អាណត្តិមុនៗ​​។​​​

បើ​​តាមអ្ន​កជំនាញកិច្ចការបោះឆ្នោតរូបនេះ ប្រសិនបើរកឃើញថា សវនាការដែល​សម្រេច​​លុប​​ឈ្មោះ​នេះ មានភាពមិនត្រឹមត្រូវ គណបក្សនយោបាយសាម៉ី​​គួរប្តឹងតវ៉ា​ប្រឆាំងនឹង​សេចក្តី​​សម្រេ​​​ច​​នេះ ដោយផ្អែកទៅតាមនីវិធី និងបទបញ្ញត្តិដែលមានជាធរមាន។

លោកបន្តថា៖ «វាប៉ះពាល់ដល់សិទ្ធិនយោបាយ ព្រោះគេមានសិទ្ធិធ្វើនយោបាយ​​ដែលឈរ​​ជា​​បេក្ខជន​​សម្រាប់​ឱ្យគេ​បោះ​ឆ្នោត។ គណ​​បក្សនយោបាយ​ គេមាន​សិទ្ធិរៀបចំ​​​បេក្ខភាព​ដើម្បី​ចូល​​​រួម​​​​​​ការ​​បោះ​ឆ្នោត​ខាង​មុខ​នេះ​ទៀត។ កាល​ពី​បោះ​ឆ្នោត​លើក​មុនៗ មិនមាន​ហេតុការណ៍​​កើត​​ឡើង​​​​​​​ដូចលើកនេះទេ»។ 

គណបក្សនយោបាយចំនួន ១៧​គណបក្ស ដែលត្រូវបានដាក់បញ្ជីបេក្ខភាពរបស់ខ្លួន ចូល​​រួម​កា​​រ​​​បោះ​​​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ឆ្នាំ២០២២។ ដោយឡែក ពេល​វេលានៃ​​ការ​​​​ចុះ​​បញ្ជី​​​របស់គណបក្សនយោបាយវិញ ត្រូវបាន គ.ជ.ប កំ​​ណត់​​ប្រើ​​​រយៈពេល ៣ថ្ងៃ ដោ​​​យ​​​​​​​ចាប់​​អនុវត្ត​​ពី​​ថ្ងៃ​​ទី​៤ ដល់ថ្ងៃទី៦ ខែមីនា។

ចំពោះ​​ប្រតិទិន​​ដែល​​បាន​​​​កំណត់​​រួច​​ហើយ អំពីថ្ងៃបោះឆ្នោត​​ជ្រើស​​រើស​មេឃុំចៅសង្កាត់ នឹង​​​ប្រ​​ព្រឹត្តិ​​ទៅ​​នៅ​​ថ្ងៃ​​អា​​ទិត្យ ទី៥ ខែ​មិថុនាខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ