គ.ជ.ប សម្រេច​លុបចោល​បញ្ជីឈ្មោះ​បេក្ខជន​នៃ​គណបក្សភ្លើងទៀន​ក្នុង​សង្កាត់​ទួលស្វាយព្រៃទី១

គ.ជ.ប បើកសវនាការជាសាធារណៈលើបណ្ដឹង​សុំបដិសេធ​បញ្ជីបេក្ខជនគណបក្សនយោបាយរបស់គណបក្សភ្លើងទៀន នៃសង្កាត់ទួលស្វាយព្រៃទី១ នៅទីស្ដីការ គ.ជ.ប ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស​ម្រេច​លុបចោល​បញ្ជីបេ​ក្ខជន​ទាំងអស់​​នៃគណបក្សភ្លើងទៀន​ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ដោយ​សារ​​រក​ឃើញ​​ថា មានភាពមិនប្រក្រតី​នៃដំណើរការចុះឈ្មោះ​​​​បេក្ខ​ជន​សម្រាប់​​ការ​បោះឆ្នោត​ជ្រើសរើ​សក្រុមប្រឹ​ក្សាឃុំ-សង្កាត់។

ការសម្រេចនេះបាន​ធ្វើឡើង​បន្ទាប់ពី គ.ជ.ប បើកសវនាការជាសាធារណៈលើបណ្ដឹង​សុំបដិសេធ​បញ្ជីបេក្ខជនគណបក្សនយោបាយរបស់គណបក្សភ្លើងទៀន នៃសង្កាត់ទួលស្វាយព្រៃទី១ នៅទីស្ដីការ គ.ជ.ប នៅថ្ងៃអង្គារនេះ។

ក្រោយពីសួរដេញដោល និងស្ដាប់ការធ្វើសេចក្ដីសន្និដ្ឋានរបស់មេធាវីដើម​បណ្ដឹង និង​មេធាវីការ​ពារ​ក្ដីឱ្យ​គណបក្ស​ភ្លើង​ទៀនរួចមក ​ប្រធាន​​ក្រុ​ម​ប្រឹក្សាជំនុំ​ជម្រះ ​នៃ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បាន​សម្រេចលុបបញ្ជីឈរឈ្មោះ​របស់បេក្ខជនទាំងអស់​​​មកពី​គណបក្ស​​ភ្លើង​​ទៀន​​​ ក្នុង​​​សង្កាត់ទួលស្វាយព្រៃទី១ ចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ក្រោយពីរកឃើញមានភាពមិនប្រក្រតីក្នុងការចុះឈ្មោះនាពេលកន្លងមក​។

ចុងចម្លើយ និងមេធាវីតំណាងគណបក្សភ្លើងទៀន ចូលរួមសវនាការជាសាធារណៈលើបណ្ដឹង​សុំបដិសេធ​បញ្ជីបេក្ខជនគណបក្សនយោបាយរបស់គណបក្សភ្លើងទៀន នៃសង្កាត់ទួលស្វាយព្រៃទី១ នៅទីស្ដីការ គ.ជ.ប ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។
ចុងចម្លើយ និងមេធាវីតំណាងគណបក្សភ្លើងទៀន ចូលរួមសវនាការជាសាធារណៈលើបណ្ដឹង​សុំបដិសេធ​បញ្ជីបេក្ខជនគណបក្សនយោបាយរបស់គណបក្សភ្លើងទៀន នៃសង្កាត់ទួលស្វាយព្រៃទី១ នៅទីស្ដីការ គ.ជ.ប ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

លោកប្រកាសដូច្នេះថា៖ «សម្រេចមួយ ទទួលពាក្យបណ្ដឹងរបស់លោក ម៉ៅ មុន្នី ចុះថ្ងៃ១៩ ខែមីនា ឆ្នាំ២០២២ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទទួលនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ទុកជាត្រឹមត្រូវតាមទម្រង់ និងគតិច្បាប់។ សេចក្ដីសម្រេចនេះ ជំនុំជម្រះ និងប្រកាសជាសាធារណៈនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅចំពោះមុខគូភាគី និងមេធាវីតំណាង ជាសេចក្ដីសម្រេច​ស្ថាពរ បិទផ្លូវតវ៉ា»។

ក្នុងបន្ទប់សវនាការ លោក ទៀង វុទ្ធា ជាមេធាវីការពារក្ដីឱ្យដើមបណ្ដឹង ​ឈ្មោះ​ ម៉ៅ មុន្នី ដែល​ជាបេក្ខជន​ឈរ​ឈ្មោះមកពី​​បក្សកាន់អំណាច លើកឡើង​ថា ដើម​ចម​ដែល​នាំឱ្យកូនក្ដីរបស់លោកប្ដឹង​​​ទៅ​​ គ.ជ.ប ឱ្យ​​លុប​ឈ្មោះ​បេក្ខជន​​នៃ​គណបក្ស​ភ្លើង​ទៀន ចេញពីបញ្ជីឈរឈ្មោះ​​​​​​បោះឆ្នោ​ត​​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ​ ដោយសារ​តែក្នុង​ចំណោម​បេក្ខជន​ទាំង​​១៨នាក់​​នោះ គឺ​មានបេក្ខ​ជន​​​​៤នាក់​បាន​ក្លែងបន្លំឯកសារ ដូចជា លួចបំពេញប្រវត្តិរូប លួច​ចុះហ​ត្ថលេខា និង​ផ្ដិតស្នាមមេដៃ​ជំនួស​បេក្ខជនផ្សេង​​។

បេក្ខជនទាំង៤នាក់ដែលលោក ទៀង វុទ្ធា អះអាងថា​បានប្រព្រឹត្តខុសពីនីតិវិធីរបស់ គ.ជ.ប នោះ មាន​ឈ្មោះ ស សេរីវុទ្ធី, លឹម គឹមងួន, គាង ខេង និងអ្នកស្រី ជា ឡេង

លោកមានប្រសាសន៍​ថា៖ «កូនក្ដីខ្ញុំបានប្ដឹងបដិសេធបញ្ជីឈ្មោះបេក្ខជននៃគណបក្សភ្លើងទៀន បានស្នើសុំឱ្យមានការច្រានចោលបញ្ជីឈ្មោះគណបក្សភ្លើងទៀនតាមផ្លូវច្បាប់ ដែលមិនបានបំពេញតាមលក្ខខណ្ឌ និងមិនបានត្រឹមត្រូវ»។

លោក យ៉ែម សារ៉ាក់ តំណាង​ឱ្យគណបក្សភ្លើងទៀន ប្រចាំនៅ​ខណ្ឌ​បឹង​កេង​កង រៀប​រាប់​ថា ដោយ​សារ​តែ​មាន​ការ​ទុកចិត្តគ្នារវាងអ្នកជិតខាង និងអ្នកគាំទ្របក្សជាមួយគ្នា ទើប​ពួកគេបានប្រគល់រូបថត និង​​អត្តសញ្ញាណ​បណ្ណ​ ឱ្យក្រុមការងារបក្សជួយបំពេញ​ឈ្មោះពួកគេ​​ចំនួន​​៤នាក់ ដើម្បី​ត្រៀម​ចុះក្នុង​បញ្ជី​ឈរឈ្មោះបោះឆ្នោ​​ត​ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ប៉ុន្តែក្រោយពីចុះឈ្មោះរួច ស្រាប់​តែ​សាម៉ី​ខ្លួន​ដាក់​ពាក្យ​បណ្ដឹង​ទៅ គ.ជ.ប សុំ​ដកឈ្មោះបេក្ខជនសរុប១៨នាក់ចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតវិញ។

មេធាវី​ការពារក្ដីឱ្យបេក្ខជន​គណបក្សភ្លើងទៀន លោក កើត ឃី មានប្រសាសន៍ថា បេក្ខជនដែលធ្វើខុសនីតិវិធីមានតែ៤នាក់តែប៉ុណ្ណោះ ខណៈ១៤នាក់​ទៀតបានបំពេញ​តាម​ទម្រង់លក្ខខណ្ឌរបស់​ គ.ជ.ប ដែលបានកំណត់។ ប៉ុន្តែ​ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប បែរ​ជាសម្រេច​លុបចោល​បញ្ជីបេក្ខ​ជន​គណបក្សភ្លើងទៀន​ក្នុងសង្កាត់ទួលស្វាយព្រៃទី១ទាំងអស់​ទៅ​​វិញ​។ លោកចាត់ទុក​ការសម្រេច​នោះ​​ថា​ ជារឿងអយុត្តិធម៌ដល់អ្នកដែលមិន​បាន​ធ្វើ​ខុស​ច្បាប់​។

លោក កើត ឃី ថ្លែង​ថា៖ «បើយើងគិតពីផ្លូវច្បាប់ គ្រួសារមួយមិនអាចបុគ្គលណាមួយក្នុងគ្រួសារធ្វើ​ខុស ត្រូវមានទោស​​មួយគ្រួសារ គឺអត់អីចឹង​ទេ! គឺ​គេ​ត្រូវ​យក​តែ​បុគ្គល​ដែល​ធ្វើខុស​ហ្នឹង​ចេញ​ទេ។ ដោយ​ឡែក​នេះ ការ​សម្រេច​លុប​បញ្ជី​របស់​គណបក្សភ្លើងទៀនចោល គឺធ្វើឱ្យអ្នកត្រឹមត្រូវទាំង១៤នាក់ទៀតខកខានមិនបានឈរ​ជាបេក្ខជនមួយអាណត្តិទៀតហើយ ៥ឆ្នាំ គឺយើងមានការសោកស្ដាយ»។

នៅថ្ងៃនេះ គណបក្សភ្លើងទៀន ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ​ ដោយបង្ហាញការសោកស្ដាយ​​ចំពោះការសម្រេច​របស់ គ.ជ.ប ។ គណបក្សនេះ បាន​អំពាវនាវទៅ គ.ជ.ប ពិចារណា​ឡើង​វិញ និង​រក្សាជំ​ហអព្យាក្រឹត មិនលម្អៀង ដើម្បី​ធានាដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌​។

នាយកប្រតិបត្តិអង្គការនិកហ្វិច លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា ការ​លុបឈ្មោះ​បេក្ខ​ជន​ពី​បញ្ជី គួរ​តែ​លុប​​​តែ​ឈ្មោះ​បេក្ខជនណាដែលធ្វើខុសពីនីតិវិធី ដោយ​​មិនត្រូវលុបបេក្ខជនដែល​មិនមាន​កំហុស​នោះ​ទេ ព្រោះការ​ធ្វើបែបនេះនឹងប៉ះពាល់មួយផ្នែកដល់ដំណើរការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​។

លោកមានប្រសាសន៍ថា៖ «គ.ជ.ប កំហុសប៉ុណ្ណឹង មិនគួរសម្រេចធ្ងន់ធ្ងររហូតដល់លុបឈ្មោះបេក្ខ​ជន​ចេញ​ពីសង្កាត់ទាំងមូលទេ ព្រោះកំហុសតែ៣ទៅ៤នាក់អ៊ីចឹង​ បើ​លុប​ទាំងអស់ វា​ប៉ះពាល់​ដល់សិទ្ធិ​បោះឆ្នោ​ត​ទៀត ពីព្រោះគណបក្សដែលគេមានជម្រើស គេគាំទ្រ»។

លោបន្ថែមថា៖ «នេះជាផ្នែកមួយនៃដំណើរការបោះឆ្នោតដែរ វាមិនមែនដល់ថ្នាក់ប៉ះពាល់​ដល់ដំណើរ​ការ​បោះឆ្នោតទាំងជាង១ ៦៥០​ឃុំ ប៉ុន្តែវាជា​ការ​រឹតត្បិត​សេរីភាព​របស់​គណបក្សនយោ​បាយ​ដែល​បាន​ដាក់​ពង្រាយ​បេក្ខជន»។

កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ គ.ជ.ប បានបើកឱ្យគណបក្ស​នយោបាយ​​ចុះ​ឈ្មោះ​បេក្ខជន​របស់​ខ្លួន សម្រាប់ឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ក្នុង​នោះ​មាន​​​គណបក្សនយោបាយចំនួន​១៧​ដែលបានដាក់បញ្ជីបេក្ខភាពរបស់ខ្លួន​។

បើតាម​​​ប្រតិទិន​​របស់​ គ.ជ.ប ការបោះឆ្នោត​​ជ្រើស​​រើសក្រុមប្រឹក្សា​ឃុំ​សង្កាត់ នឹង​​​ប្រ​​ព្រឹត្តទៅ​​នៅ​​ថ្ងៃ​​អា​​ទិត្យ ទី៥ ខែ​មិថុនា ឆ្នាំ២០២២​ ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ