មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន បានអះអាងថា មានស្លាកគណបក្សរបស់ខ្លួននៅតាមបណ្តាខេត្តមួយចំនួន ត្រូវបានជនអនាមិកកាប់បំផ្លាញ និងផ្តួលរំលំ នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ចូលមកដល់ ខណៈបណ្តឹងសុំកិច្ចអន្តរាគមន៍របស់គណបក្សទៅនគរបាលយុត្តិធម៌ និងអាជ្ញាធរមូលដ្ឋាន តែនៅមិនទទួលបានលទ្ធផល។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឱ្យដឹងនៅថ្ងៃទី៣១ មីនា នេះថា សកម្មភាព នៃការបំផ្លាញស្លាកគណបក្ស ក្រៅរដ្ឋាភិបាលនេះ នៅតែបន្តកើតមានស្ទើរគ្រប់ រាជធានី ខេត្តក្រុងទូទាំងប្រទេសនៅមុនការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់មកដល់។ លោកបន្តថា រូបភាពនេះ វាបានកើតឡើង ក្រោយពីគណបក្សភ្លើងទៀន ចាប់ផ្តើមធ្វើសកម្មភាព ដាក់ស្លាកសញ្ញាគណបក្សនៅតាមគោលដៅ បន្ទាប់ពីគណបក្សសម្រេចថា នឹងចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅខែមិថុនាខាងមុខនេះ។
លោក ថាច់ សេដ្ឋា បញ្ជាក់ថា មកដល់ពេលនេះទៅហើយ សកម្មភាពនៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ តាមរយៈការបំផ្លាញស្លាកគណបក្សនេះ នៅតែបន្តកើតមាន ដោយជនមិនស្គាល់អត្តសញ្ញាណនៅឡើយ។
លោកបន្តថា៖ «យើងឱ្យគេរកវែកមុខឱ្យឃើញតែគេរកមិនឃើញ។ បើនៅខេត្តកំពង់ចាម គេដឹងតាំងទៅម៉ោង៨យប់មានគ្នាមួយក្រុមផងទៅកាប់ និងទៅកាច់ផ្តួលស្លាកអីចឹងទៅ តែគេនៅតែរកមិនឃើញ»។
សកម្មជនគណបក្សភ្លើងទៀន បានបន្តបង្ហោះរូបភាព ជាច្រើនសន្លឹកនៅលើបណ្តាញសង្គម នៅថ្ងៃព្រហស្បត្តិ៍នេះ អំពីស្លាកគណបក្ស ដែលត្រូវបានគេផ្តួលរំលំ ហើយកន្លែងខ្លះទៀត ត្រូវបានកាប់បំផ្លាញ ហើយមានដុតចោលថែមទៀតផង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា គណបក្សសាម៉ីដែលចាត់ទុកខ្លួនជាអ្នករងគ្រោះ គួររក្សាភស្តុតាងទុក និងប្តឹងប្រឆាំងការយាយីនេះ ទៅនគរបាលយុត្តិធម៌នៅក្នុងមូលដ្ឋាន ប្រសិនបើពិតជាកើតឡើងបែបនេះមែន។ លោកបន្តថា អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ រីករាយ និងស្វាគមន៍ជានិច្ច ប្រសិនបើមានបណ្តឹង ប្រឆាំងការធ្វើទុក្ខបុកម្នេញនេះ។
លោកបន្តថា«បើគាត់មានឯកសារថតរូបបាន ឬក៏គាត់មានឯកសារអីពាក់ព័ន្ធឱ្យគាត់រាយការណ៍ឱ្យច្បាស់ទៅដល់អាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យគេចាត់វិធានការ ពីព្រោះអាជ្ញាធរមូលដ្ឋានគេរង់ចាំតែសហការជាមួយគណបក្សដែលពាក់ព័ន្ធនឹងទេ។ គេមិនរើសអើងជាមួយអ្នកណាទាំងអស់ »។
ឆ្លើយតបរឿងនេះ លោក ថាច់ សេដ្ឋា អះអាងថា រាល់ករណីដែលបានកើតឡើង គណបក្សភ្លើងទៀន ប្តឹងសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរឃុំ-សង្កាត់ និងនគរបាលយុត្តិធម៌ ប៉ុន្តែមិនដែលទទួលបានការឆ្លើយតបមកវិញទេ គ្រប់ករណីទៅហើយ។
បើទោះជាបែបណា គេសង្កេតឃើញថា ការអនុវត្តសិទ្ធិនយោបាយនេះ ហាក់មានភាពខុសគ្នា រវាងគណបក្សគ្រប់គ្រងអំណាច និងគណបក្សក្រៅរដ្ឋាភិបាល។ កាលពីចុងខែមិថុនា ឆ្នាំ២០១៧ សាលាដំបូងខេត្តកំពង់ស្ពឺ បានផ្តន្ទាទោសចំនួន២លើក ប្រឆាំងអ្នកស្រី សំ សុខា អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ដាក់ពន្ធនាគារសរុប ៤ឆ្នាំ និងពិន័យលុយ ១០លានរៀល ក្រោមបទចោទ «ជេរប្រមាថ និងញុះញង់ឱ្យមានការរើសអើង»។
ការផ្តន្ទាទោសនេះ បន្ទាប់ពីអ្នកស្រី បានយកស្បែកជើងគប់ស្លាកគណបក្សប្រជាជនកម្ពុជា ដែលមានរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភា កាលពីដើមខែមេសា ឆ្នាំ២០១៧ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ប៉ុន្តែ សម្រាប់សំណុំរឿងដែលកើតឡើងទៅលើអ្នកនយោបាយក្រៅរដ្ឋាភិបាលវិញ គេកម្រឃើញចាប់បានជនល្មើសដើម្បីយកទៅផ្តន្ទាទោសណាស់។
ក្នុងដំណាក់កាល នៃការដាក់បញ្ជីបេក្ខភាព ដែលឈរជាមេឃុំចៅសង្កាត់ សម្រាប់នីតិកាលទី៥នេះ គេសង្កេតឃើញ មានស្លាកគណបក្សភ្លើងទៀន ត្រូវបានគេផ្តួលរំលំ និងដុតបំផ្លាញចោល ដូចជានៅខេត្តព្រះសីហនុ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន និងស្វាយរៀងជាដើម ប៉ុន្តែអ្នកប្រព្រឹត្តបទល្មើស ពេលរកឃើញ ហើយដាក់បណ្តឹង ត្រូវបានសមត្ថកិច្ចច្រានចោល ដោយអះអាងថា អ្នកប្រឹព្រឹត្តបទល្មើសនោះ ជាជនមានស្មារតីមិនប្រក្រតីជាដើម។
យ៉ាងនេះក្តី សម្រាប់អ្នកជំនាញកិច្ចការបោះឆ្នោត លោក សំ គន្ធាមី ចាត់ទុកថា នេះជាការរើសអើងផ្នែកនយោបាយ ហើយវាជារូបភាពមួយ ដែលមិនឆ្លុះបញ្ចាំងពីដំណើរការ សេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ។ មួយវិញទៀត គណបក្សនយោបាយ ដែលរងគ្រោះដោយការរើសអើង ផ្នែកនយោបាយ លោកសង្កេតឃើញថា ជាបក្សមួយតែងទទួលបានការគាំទ្រ ពីម្ចាស់ឆ្នោត បើទោះជាស្ថិតក្នុងលំហនយោបាយរួមតូចយ៉ាងណាក្តី។
លោកបន្តថា«បើយើងអត់ស្មើភាពគ្នានេះ។ វាមានចំណុចវិជ្ជមាន និងអវិជ្ជមានដែរ។ ចំណុចវិជ្ជមានគឺធ្វើឱ្យអ្នកគាំទ្រគេកាន់តែអាណិត។គេឃើញបែបហ្នឹងគេកាន់តែស្រលាញ់គណបក្សដែលរងគ្រោះថែមទៀតផង»។
នៅក្នុងការបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នីតិកាលទី៥ ឆ្នាំ២០២២នេះ គេសង្កេតឃើញថា រូបភាពនៃការប្តឹងផ្តល់ រឿងបេក្ខភាពមេឃុំចៅសង្កាត់ របស់គណបក្សភ្លើងទៀន និងបក្សនយោបាយផ្សេងទៀត ហាក់មានសកម្មភាពផុសផុល បើធៀបនិងការបោះឆ្នោតឃុំ-សង្កាត់ ៤អាណត្តិកន្លងទៅ។
តាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានកំណត់យកថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នីតិកាលទី៥៕