គ.ជ.ប សម្រេច​​លុបបញ្ជីបេក្ខជ​នដំបូងនៃ​​​បក្សភ្លើងទៀននៅសង្កាត់ចំនួន៣ ក្នុងរាជធានីភ្នំពេញ

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ (ហ្វេសប៊ុក គ.ជ.ប)

ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបឈ្មោះ​បេក្ខជនជិត ៦០នាក់​​​នៅសង្កាត់ចំនួន​៣ ​មកពី​គណបក្សភ្លើងទៀន ចេញពី​បញ្ជី​ឈរ​ឈ្មោះ​​ក្នុងការ​បោះឆ្នោត​ជ្រើស​​​​​រើ​ស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​​ ក្រោយ​រកឃើញភាពមិនប្រក្រតីក្នុងដំណើរ​​​​​ការដាក់​បេក្ខ​ជន​នាពេល​កន្លង​មក។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពី​ដើមបណ្តឹងបាន​ដាក់បណ្តឹង​​ស្នើ​សុំលុប​ឈ្មោះ​​បេក្ខជន​ដំបូងនៃគណបក្សភ្លើង​ទៀន ស្ថិតនៅក្នុង ​សង្កាត់ព្រែកលៀប សង្កាត់ផ្សារដើមគរ និងសង្កាត់មនោរម្យ  រាជ​ធានីភ្នំពេញ​។

ក្រុមមេធាវីដើមបណ្តឹង រួមមាន លោក ឈន ពេជ្យអរុណរះ លោក សួស ព័រ និង​លោក  វង់ បាយ័ន បាន​លើកឡើងក្នុង​បន្ទប់​សវនាការ​នាព្រឹកថ្ងៃព្រហស្បតិ៍នេះប្រហាក់ប្រហែលគ្នា​ថា ការ​ស្នើ​សុំ​​លុ​ប​ឈ្មោះបេក្ខជន​ឈរឈ្មោះបោះឆ្នោត​​ឱ្យគណបក្សភ្លើងទៀនទាំង ៣សង្កាត់​នេះ ដោយ​​សារ​​តែបេក្ខ​​ជន​​ខ្លះ​​​ឱ្យ​​គេ​​បំពេញឯកសារ​ជំនួស និង​បេក្ខជនខ្លះទៀត​ មិនចេះសរសេរនិង​អាន​អក្សរ មិន​បាន​ចុះ​ហត្ថលេខា​និង​ផ្តិតមេដៃលើឯកសារ​ជាដើម ដែលទង្វើទាំងនេះផ្ទុយនឹងច្បាប់។

ចំណែក លោក សំ សុគង់ ដែលជាមេធាវីការពារក្តីឱ្យ​​ចុងចម្លើយដែលជាបេក្ខជន​មក​ពី​គណបក្ស​ភ្លើង​ទៀន បានទទួលស្គាល់ថា មានបេក្ខជនតិចតួច​ប៉ុណ្ណោះ​ដែល​​មិនបានបំពេញគ្រប់លក្ខខណ្ឌ​  ប៉ុន្តែ​គណបក្ស​នេះ​បាន​ដាក់បេក្ខជនបម្រុង​​ជំនួសរួចហើយ។ ករណីនេះ លោកបានស្នើ​ដល់​ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះ ពិចារណា​ក្នុ​ងការ​លុបតែឈ្មោះបេក្ខជនណាដែលរកឃើញថាមានកំហុស​ ចំណែកបេក្ខជនផ្សេងទៀត គួររក្សា​ទុកនៅដដែល។

តែយ៉ាងណា​ ក្រោយ​ពីស្តាប់ការបកស្រាយ​​ពីមេធាវីដើមបណ្តឹង និង​មេធាវីចុងចម្លើយ​រួច​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះនៃគណកម្មាធិការជាតិរៀបចំការ​បោះឆ្នោត និងជាប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ បានសម្រេច​លុបបញ្ជីបេក្ខជន​ដំបូង​របស់​គណបក្សភ្លើងទៀនក្នុងសង្កាត់ព្រែកលៀប សង្កាត់មនោរម្យ និងសង្កាត់ផ្សារដើមគរ រាជធានីភ្នំពេញ  ដែល​ជាសេចក្តីសម្រេចស្ថាពរ​បិទផ្លូវតវ៉ា។

បេក្ខជនពេញសិទ្ធិ និងបេក្ខជនបំរ៉ុងទាំង៣សង្កាត់ ដែលត្រូវប្រធានក្រុមប្រឹក្សាសម្រេចលុបបញ្ជីបោះឆ្នោតទាំងអស់សរុប៥៨រូប រួមមាន  សង្កាត់ព្រែកលៀបបេក្ខជនពេញសិទ្ធិ៩រូប  និងបេក្ខជនបំរ៉ុង៩រូប , សង្កាត់មនោរម្យបេក្ខជនពេញសិទ្ធិ៩រូប  និងបេក្ខជនបំរ៉ុង៩រូប និងសង្កាត់ផ្សារដើមគរបេក្ខជនពេញសិទ្ធិ១១នាក់ និងបេក្ខជនបំរ៉ុង១១នាក់ ។

លោកមេធាវី  សំ សុគង់ ចាត់ទុការសម្រេចរបស់ប្រធានក្រុមប្រឹក្សា គ.ជ.ប ថា ជារឿងអយុត្តិធម៌ និង​​ជា​រឿងនយោបាយច្រើនជាងការ​អនុវត្តតាម​វិធាន​ច្បាប់​ដែល​បាន​ចែង។ លោកថា នៅក្នុង​បញ្ជីបេក្ខជនឈរ​ឈ្មោះដំបូងរបស់គណបក្សភ្លើងទៀន មាន​​​សំណុំរឿង​ក្នុង​សង្កាត់​ខ្លះ​​មាន​កំហុស​២នាក់ ក្នុងចំណោម១៩នាក់ និងខ្លះទៀត មានកំហុស៣នាក់ ក្នុងចំណោម​២២នាក់ ប៉ុន្តែបែរជា​ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប ​សម្រេចលុប​បញ្ជីបេក្ខជន​ចោលទាំងអស់ ទាំងអ្នកដែលមិនបានប្រព្រឹត្ត​កំហុស។

តែយ៉ាងណា​ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​​ថា គ.ជ.ប សម្រេចសេចក្តីឈរ​លើ​មូល​ដ្ឋាន​ច្បាប់​​​ជា​​គោល ដោយ​មិនទំនោរទៅគណបក្សនយោបាយណាមួយឡើយ ។

លោកមានប្រសាសន៍ថា៖ «លោកបានបំពានលើបទបញ្ញត្តិច្បាប់ លោកបានបំពានទៅលើការយល់​ដឹង ដែលដឹងថា បញ្ជីបេក្ខជនត្រូវតែចេះអក្សរ បេក្ខជនត្រូវតែសរសេរសំណុំ​បែបបទ​ដោយខ្លួន​ឯង នៅពេលដែលតំណាងគណបក្សប្រចាំមូលដ្ឋាន​គាត់​ដឹង​ច្បាស់ ហើយគាត់នៅតែជួយ​សរសេរ​ទៀត នោះ​ឈានទៅដល់ការលុបបញ្ជីបេក្ខជននៃគណបក្សនយោបាយនោះឯង»។

នាយកប្រតិបត្តិអង្គការនិចហ្វិច លោក សំ គន្ធាមី មានប្រសាសន៍ថា តាម​ច្បាប់ បើសិនជាបេក្ខជនរបស់​គណបក្សនយោបាយណាមួយ ចុះឈ្មោះជាបេក្ខជន​ដោយមិនបានគោរពតាមលក្ខខណ្ឌ និងច្បាប់ នោះគ.ជ.ប អាច​សម្រេចលុបឈ្មោះបេក្ខជននោះបាន។ ផ្ទុយទៅវិញ បើសិនជាក្នុងបញ្ជីឈ្មោះបេក្ខជន​មាន​ច្រើន​នាក់ ហើយ​មាន​បេក្ខជន​ឈរ​ឈ្មោះតែម្នា​ក់ឬពីរនាក់ មិនបានបំពេញតាមលក្ខខណ្ឌច្បាប់ ហើយ គ.ជ.ប សម្រេច​លុបបញ្ជីបោះឆ្នោត​ក្នុងឃុំសង្កាត់នោះទាំងមូល​នោះ​ លោកថា ​ជាការដាក់សម្ពាធទៅគណបក្សនយោបាយនោះ និង​ធ្វើឱ្យការ​បោះឆ្នោត មិន​មាន​តម្លាភាព សេរី និងយុត្តិធម៌នោះទេ។

លោកមានប្រសាសន៍ថា៖ «វាធ្ងន់ធ្ងរពេលហើយ ការសម្រេចនេះ វាប៉ះពាល់ដល់ដំណើរការបោះឆ្នោត​យើង​ដែរ ទីពីរ អវត្ត​មាន [បេក្ខជនឈឈ្មោះ] ក្នុងឃុំសង្កាត់ វាប៉ះពាល់ដល់អ្នកគាំទ្របេក្ខជន ពីព្រោះបេក្ខជនគេអត់ខុសក្នុងចំណោមបេក្ខដែលគេបានបំពេញបែបបទត្រឹមត្រូវ ព្រោះការដោះស្រាយ​វិវាទ​ទាមទារឱ្យមានតម្លាភាព បើខុសតែម្នាក់ពីរនាក់ ហើយ​យើងមោឃភាពទាំងអស់ វាប៉ះពាល់ដល់អ្នកដែលរៀបចំឯកសារត្រឹមតូវ»។

បើតាម​​​ប្រតិទិន​​របស់​ គ.ជ.ប ការបោះឆ្នោត​​ជ្រើស​​រើសក្រុមប្រឹក្សា​ឃុំ​សង្កាត់ នឹង​​​ប្រ​​ព្រឹត្តទៅ​​នៅ​​ថ្ងៃ​​អា​​ទិត្យ ទី៥ ខែ​មិថុនា ឆ្នាំ២០២២​ ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ