គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចបដិសេធបណ្តឹងសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ខណៈអនុប្រធានគណបក្សនេះចាត់ទុកសេចក្តីសម្រេចនេះថា ជារឿងនយោបាយ។
ការបដិសេធនេះបានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានសមាសភាព ៩រូប ដឹកនាំដោយ លោក ប្រាជ្ញ ចន្ទ បានបើកសវនាការជាសាធារណៈនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យដឹងថា ការបើកសវនាការជំនុំជម្រះនេះ ធ្វើឡើងតាមបណ្តឹងរបស់លោក ស ឡុងដេត ដែលជាតំណាងគណបក្សភ្លើងទៀន ប្ដឹងតវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលបានបដិសេធការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។
គ.ជ.ប ដដែលថា ក្រោយពីបានពិនិត្យកំណត់ហេតុសាកសួរដើមបណ្តឹង និងបានពិភាក្សាស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នោះ ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានសម្រេចតម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីដោយមិនចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់ អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញនោះទេ។
អំឡុងពេលសវនាការ គ.ជ.ប ថា មិនមានវត្តមានដើមបណ្តឹង មេធាវីដើមបណ្តឹង រួមនឹងបេក្ខជន ១៨នាក់ ពាក់ព័ន្ធសំណុំរឿងនេះទេ ខណៈការប្រកាសសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះកំបាំងមុខដើមបណ្តឹង និងមេធាវីតំណាងដើមបណ្តឹង ប៉ុន្តែចាត់ទុកជាសេចក្ដីសម្រេចស្ថាពរនិងបិទផ្លូវតវ៉ា។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា គិតមកដល់ថ្ងៃសៅរ៍នេះ បេក្ខជនដែលត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធសរុប ១៣ ឃុំសង្កាត់ហើយ ដោយក្នុងនោះ មាននៅខេត្តពោធិ៍សាត់មួយ, ខេត្តកំពង់ចាមចំនួន ២ រួមទាំងនៅរាជធានីភ្នំពេញចំនួន ១០។ លោកចាត់ទុកសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ជារឿងនយោបាយ មិនមែនជាការអនុវត្តច្បាប់នោះទេ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន១៧ចូលរួម។ ប៉ុន្តែក្នុងចំណោមគណបក្សទាំង១៧នោះ គឺមានតែគណបក្សប្រជាជនកម្ពុជាដែលដាក់បេក្ខភាពឈរឈ្មោះនៅទូទាំងប្រទេស ខណៈគណបក្សភ្លើងដាក់បេក្ខភាពឈរឈ្មោះស្ទើតែគ្រប់ទូទាំងប្រទេស៕