គ.ជ.ប បញ្ជាក់​ជាថ្មី​​ពី​​ភាព​រឹង​មាំ​ផ្លូវ​ច្បាប់​ចំពោះ​ការ​លុប​បញ្ជី​បេក្ខ​ភាព​​មេឃុំ​ចៅ​សង្កាត់​បក្ស​ភ្លើង​ទៀន

គ.ជ.ប ធ្វើសន្និសីទកាសែតបញ្ជាក់ពីជំហររំលាយបេក្ខភាពគណបក្សភ្លើងទៀននៃសង្កាត់ទួលស្វាយព្រៃ១ នៅទីស្ដីការ គ.ជ.ប ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។ (ម៉ម មុនីរតន៍)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ជាថ្មីទៀត ពីមូលហេតុផ្លូវច្បាប់​រឹង​ម៉ាំ​​​ដែលឈាន​​ទៅ​​ដល់​​ការ​​​លុប​​​​​បញ្ជី​​​​បេក្ខ​​ជន​​​ឈរឈ្មោះ​ជាមេឃុំចៅសង្កាត់​មកពី​គណបក្សភ្លើងទៀន នៅក្នុ​ងសង្កាត់ខ្លះ។

គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានមួយ​នៅថ្ងៃទី​៤ ខែមេសា  ឆ្នាំ​២០២២នេះ ​ដោយ​បញ្ជាក់​​​ថា ការ​លុប​បញ្ជីឈ្មោះនេះ គឺ គ.ជ.ប ផ្អែក​លើអង្គហេតុ និងអង្គច្បាប់រឹងម៉ាំ និងច្បាស់លាស់​ពោល​មិន​មែន​ចេះ​តែនឹកឃើញធ្វើតាមអារម្មណ៍ ឬកាត់ក្តីដោយលម្អៀងផ្នែកនយោបាយទេ។  សេច​ក្តី​ប្រកាស​ព័ត៌​មាន​​នេះ ជាឆ្លើយតបទៅនឹងគណបក្សភ្លើងទៀន ដែលនៅតែបន្តប្រតិកម្ម ប្រឆាំង​សេចក្តី​​​សម្រេច​​របស់ គ.ជ.ប អំពីការលុបបញ្ជីបេក្ខជនរបស់​គណបក្ស​ក្រៅរដ្ឋាភិបាល​មួយ​នេះ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល​ ស្ថាប័នជាតិរៀបចំការបោះឆ្នោត បាន​លើក​យក​មាត្រា​មួយ​ចំនួន​នៃច្បា​ប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងអង្គហេតុ ព្រម​ទាំង​របាយ​ការណ៍​នៃ​​​ការ​​​ស្រាវជ្រាវ មកការពារ ពីការលុបបញ្ជីបេក្ខជននេះមកជាមួយផង។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រតិកម្មដោយចាត់ទុក​ការលុប​បញ្ជី​​បេក្ខជន​​ដោយ គ.ជ.ប នៅ​ពេលនេះថា នៅតែមិនមានភាពច្បាស់លាស់ និងមិនផ្អែកលើគោលការណ៍ តម្លា​​ភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ។ លោកបន្តថា នៅក្នុងច្បាប់ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ពាក់ព័ន្ធនឹង​​​ទោស​ប្បញត្តិ គឺមិនមានចែងពីការលុបបញ្ជីបេក្ខជនទេ។

​​លោក​​ ថាច់ សេដ្ឋា បន្ថែ​មថា វិធានការរបស់​ស្ថាប័ន​ជាតិ​រៀបចំការបោះឆ្នោតនេះ ពិត​ជាឆ្លុះបញ្ចាំង​​ពី​​​​ភាព​​​​​​លម្អៀងផ្នែកនយោបាយ។

លោកបន្តថា៖ «វាអត់មាននីតិវិធីណាដែល​ថា​​កំហុស​កម្រិត​ណា​រំលាយ​​បញ្ជី ហើយកំហុស​​កម្រិត​​ណា​​ត្រូវរំលាយបេក្ខជន ​ដូច្នេះបើបេក្ខជនមិនបាន​បំពេញតាមលក្ខណៈ​ត្រឹម​ត្រូវ អាហ្នឹងលុប​​ចុះ​​វា​​អត់​អីទេ។ ក៏ប៉ុន្តែបញ្ជីចុះរួចហើយនៅក្នុងស្ថាប័ន គ.ជ.ប ត្រឹម​ត្រូវ​នេះ ហេតុអីត្រូវលុបវាដែរ»។

បើតាម​លោក ថាច់ សេដ្ឋា អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺប្រធានគណៈកម្មាធិការជាតិ​​រៀប​​ចំ​​ការ​​បោះឆ្នោត លោក ប្រាជ្ញ ចន្ទ ជាតួអង្គថ្មី ដែលធ្លាប់ជាចៅហ្វាយខេត្តបាត់ដំបង និងខេត្តត្បូង​​ឃ្មុំ​​ផង ហើយ​​ក៏​​ធ្លាប់​​ជានាយករដ្ឋបាល​នៃក្រសួងមហាផ្ទៃ របស់គណបក្សប្រជា​​ជនកម្ពុជា។ តាមរយៈ​​អតីតភាព​​​ការងារ និងជាសមាជិកគណ​​បក្ស​​កាន់អំណាចទៀតនោះ​ ត្រូវបាន​លោក ថាច់ សេដ្ឋា អះ​អាង​​ថា នេះអាចជាមូលហេតុ ដែលនាំឱ្យមានការលុបបញ្ជីឈ្មោះបេក្ខជន​ច្រើន​សម្រាប់​អាណត្តិ​នេះ។

បើទោះជាបែប​ណា គ.ជ.ប បញ្ជាក់ថា ការសម្រេចលុបបញ្ជីបេក្ខជននេះ ស្ថាប័នជាតិរៀបចំការ​​បោះ​​ឆ្នោតមួយនេះ រកឃើញ​គណបក្សភ្លើងទៀន​រើសបេក្ខជន​មិន​ចេះ​ទាំង​អាន និង​សរ​សេរ​អក្សរ​ខ្មែរ។ ​​ជាងនេះ​​ទៀត​ សាម៉ីខ្លួនដែលត្រូវបក្សជ្រើសរើស គឺពុំបានដឹងខ្លួន ហើយ​ក៏មិន​មាន​ឆន្ទៈ​ឈរ​ឈ្មោះ​ជា​បេក្ខ​​ជន មេឃុំ​ចៅសង្កាត់​ទៀត​ផង។

បន្ថែមលើសេចក្តីប្រកាសព័ត៌មាន​នេះ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ច្រាន​ចោល​ការលើក​​ឡើង​​របស់​​គណ​​បក្ស​​​​ភ្លើង​​ទៀន ដោយ​អះអាងថា ការងារដែល​​ស្ថាប័នជាតិ​​រៀបចំ​​ការបោះ​​ឆ្នោ​​​តធ្វើ គឺអនុវត្តជា​​​សមូ​​ហ​​ភាព​​ មិនមែនសម្រេចជាឯកតោភាគីណាមួយទេ។

លោកបន្តថា៖ «ខ្ញុំសូមបដិសេធការលើកឡើងរបស់​តំណាងគណបក្សភ្លើងទៀន ដោយសារ គ.ជ.ប ធ្វើការងារជាក្រុម។ ការងារដែលចេញ គឺមិនមែន​ជា​ការ​ងារ​ដែល​ធ្វើដោយ​អត្ត​នោម័តិ​នោះ​ទេ ហើ​​យ​​​អ្វីៗ​​​ប្រព្រឹត្តទៅផ្អែកតាមច្បាប់ »។

ប្រតិទិនដែលចេញដោយ គ.ជ.ប បង្ហាញថា ការបិទបញ្ជីបេក្ខជនផ្លូវការ នឹងត្រូវផ្សព្វផ្សាយនៅថ្ងៃទី ២៨ ខែមេសា ខាងមុខនេះ។

ប៉ុន្តែ អគ្គលេខាធិការរង គ.ជ.ប លោក សោម សូរីដា បញ្ជាក់​កាល​​ពីថ្ងៃ​​ទី​៤ ខែមេសា ថា គណៈ​កម្ម​ការឃុំ​សង្កាត់​រៀបចំការបោះឆ្នោត បាន​បិទ​បញ្ជីបេក្ខជន​ផ្លូវការ​ក្នុង​​កម្រិ​​ត​​គណៈកម្មការឃុំសង្កាត់ រៀបចំ​ការ​បោះ​ឆ្នោត កាលពីថ្ងៃសៅរ៍​ចុង​សប្តាហ៍​មុន​នេះ។

នាយកប្រតិបត្តិអង្គការ​និចហ្វិកលោក សំ គន្ធាមី យល់ឃើញថា រឿងបេក្ខភាពប្រធាន គ.ជ.ប ចេញ​​​​​​ពី​​ប្រភពណានោះ មិន​សំខាន់ទេ អ្វីដែលចាំបាច់គឺការបំពេញការងារ​ដោយ​ត្រឹម​ត្រូវ និង​ឯករាជ្យ ដូច​​​មាន​​​​កំណត់​នៅក្នុងបទបញ្ជាផ្ទៃក្នុង និង​លក្ខខន្តិកៈ​របស់ គ.ជ.ប ទៅបាន​​ហើយ​។

លោកបន្តថា៖ «ខ្ញុំអត់ចង់និយាយពី Background គាត់ទេ។ គាត់ធ្លាប់ទៅធ្វើចៅហ្វាយ​​ខេត្តបាត់​​ដំ​បង ទៅធ្វើតំណាងរាស្រ្តស្អីៗចឹងហ្អា។ អាហ្នឹងវាជារឿង​មួយ ហើយ​ក៏ជា CV របស់​គាត់​ទេ។ ខ្ញុំគ្រាន់​​តែ​​​ថា​​កា​រងារ​​របស់គាត់ ត្រូវប្រកាន់ការងារដោយឯករាជ្យសម្រាប់ គ.ជ.ប ទី១ ហើយទី២ ធ្វើអី​​ត្រូវ​ធ្វើ​​​ទៅ​​តាមច្បាប់ដែលមានស្រាប់ »។

អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ឱ្យដឹងថា គិតមកដល់ពេលនេះ បេក្ខជន​​ដែល​​ឈ​​រ​​​ជាមេ​​ឃុំ​​​ចៅ​​សង្កាត់គណបក្សភ្លើងទៀន ដែល​ត្រូវ គ.ជ.ប លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​​នោះ មាន​​​​ចំនួ​​ន​ ២​​​៩ឃុំសង្កាត់ ដែលនាំឱ្យ​​គណបក្ស​ក្រៅរដ្ឋាភិបាល​មួយ​នេះ នៅ​​​សល់​​​​​បេក្ខ​​ជន​មេឃុំចៅ​សង្កាត់ចំនួន​ ១ ៦២៣​ឃុំសង្កាត់ ក្នុងចំណោមឃុំសង្កាត់សរុប ១ ៦៥២​ឃុំ​​សង្កាត់ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​​​​​៕ម៉ម មុនីរតន៍  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ