គណបក្សភ្លើងទៀន​ដាក់​លិខិត​ទៅ គ.ជ.ប ដើម្បី​ពិគ្រោះ​ទៅលើ​បញ្ហា​បេក្ខជន​មេឃុំ​ចៅសង្កាត់

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។ (ហេង វិចិត្រ)

គណបក្សភ្លើងទៀន បានដាក់លិខិតទៅស្ថាប័នជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីស្នើសុំ​​​ពិ​​គ្រោះ​​​​​​យោ​​ប​​ល់អំពីបេក្ខ​​ភាពមេឃុំចៅសង្កាត់ ដែលគណបក្សក្រៅរដ្ឋាភិបាលនេះហៅថា «កំពុង​​រងការយាយី និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ» ពីសំណាក់អាជ្ញាធរមូលដ្ឋាន នៅអំឡុងពេលយុទ្ធនា​​ការ​​ដាក់​​បញ្ជី​​​​បេក្ខភាពមេឃុំចៅសង្កាត់នេះ។

ប្រាប់វីអូឌីនៅព្រហស្បតិ៍នេះ អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឱ្យដឹងថា គណ​​​បក្ស​ក្រៅរដ្ឋាភិបាលមួយនេះបានដាក់លិខិតទៅស្ថាប័ន គ.ជ.ប រួចហើយ។ លោកបន្តថា ការ​ដាក់​​លិ​​ខិត​​​​ទៅ គ.ជ.ប នេះ ក្នុងគោលបំណងដើម្បីពិគ្រោះនិងពិភាក្សា​ទៅលើបញ្ហាដែលកំពុងកើតឡើង នៅ​​ចំ​​ពោះ​​​​មុខ​​​​​។ បញ្ហាប្រឈម​ដែលលោក ថាច់ សេដ្ឋា លើកឡើង គឺបេក្ខជនដែលឈរ​​ជា​​មេ​​ឃុំ​​ចៅសង្កាត់ឱ្យគណបក្សភ្លើងទៀន នៅតែបន្តរងការគំរាមកំហែង ប្ដឹងផ្ដល់ទៅតុលាការ។

លោកបន្តថា៖ «ទាក់ទិននឹង គ.ជ.ប ហើយបញ្ហាដែលបានកើតឡើងបច្ចុប្បន្ន​​ ធ្វើម៉េចឱ្យការប្រកួត​​ប្រ​​ជែ​​ង​​​មួ​​យដែលយើងថាមានការខ្វះចន្លោះអី ដែលយើងអាចផ្ដល់យោបល់ឱ្យគ្នាទៅវិញទៅមក ដើ​​ម្បី​​កែ​​​​​លម្អឱ្យបានវាប្រពឹ្រត្តទៅល្អប្រសើរ»។

ផ្ដើមចេញពីបញ្ហានេះ គណបក្សភ្លើងទៀន ក៏ធ្លាប់បានដាក់លិខិតដូចគ្នាដែរទៅក្រសួងមហាផ្ទៃ​។ ​​តាម​​រយៈលិខិតដែលបានបញ្ជូនទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ គណ​​បក្ស​​ភ្លើងទៀន បានលើកឡើងនៅចំពោះមុខក្រសួងមហាផ្ទៃ ពីបញ្ហា​ប្រឈមទៅលើសកម្មជន និ​​​ង​​បញ្ជី​​បេក្ខ​​​ភាពបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងអាណត្តិទី៥នេះ។

អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ លោក សោម សូរីដា បញ្ជាក់ថា គ.ជ.ប បានត្រៀមក្រុមការងារ ដើម្បីជួបតំណាងគណបក្សភ្លើងទៀនរួចហើយ នៅថ្ងៃទី១១ ខែមេសា ខាង​​មុខនេះ។

លោកបន្តថា៖ «ពីព្រឹកមិញនេះ ក៏បានជជែកគ្នាពីសមាសភាពដើម្បីជួបជាមួយនឹងតំណាងគណបក្សភ្លើងទៀន ក្នុងនោះមានឯកឧត្ដម អគ្គលេខាធិការ មានខ្ញុំ ហើយនិងមានឯកឧត្ដមអគ្គនាយកសេវា​​កម្ម​ច្បាប់និងបច្ចេកទេស រួមទាំងប្រធាននាយកដ្ឋានជំនាញមួយចំនួនទៀត។ បាទ! តាមអ្វីដែល​​បាន​​ជជែកគ្នាហ្នឹង គឺគ្រោងជួបនៅថ្ងៃចន្ទ វេលាម៉ោង៩ព្រឹក សប្ដាហ៍ក្រោយនេះ»។

នៅក្នុងលិខិតវីអូឌីទទួលបាន ដែលគណបក្សភ្លើងទៀនផ្ញើទៅក្រសួងមហាផ្ទៃ បង្ហាញថា បើទោះជាកន្លងទៅ ទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ស ខេង បានអំពាវនាវឱ្យមាន​​ការ​​អត់ធ្មត់ខ្ពស់ និងបញ្ចៀសឱ្យបាន​ពីហិង្សា​​ន​​យោ​​​​បាយនៅពេលបោះឆ្នោត ប៉ុន្តែសកម្មភាពនៃ​​កា​​​រ​​យាយីនេះ នៅតែកើតមានមិនឈប់ឈរ។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងជាសាធារណៈជាថ្មីទៀតកាលពីម្សិលមិញ ដោយលើកឡើងថា គណបក្សភ្លើងទៀន គួរផ្ដល់ព័ត៌មានជាក់លាក់ទៅលើបញ្ហាដែល​​កើត​​ឡើង​​។​​ បើតាមលោក ស ខេង មានតែការធ្វើដូច្នេះទេ ទើបអាចដោះស្រាយបញ្ហាបាន ហើយបើគ្រាន់​​តែ​​​​លើកយកបញ្ហារួមនិងមិនច្បាស់លាស់ទៀត វាពិបាកនឹងឈានទៅរកដំណោះស្រាយណាស់។

លោកបន្តថា៖ «មូលហេតុអីគេដកបណ្ណក្រីក្រ? មូលហេតុគាត់ឈរឈ្មោះ​​បេក្ខជនឱ្យ​​គណបក្សភ្លើ​ងទៀន ឬមួយក៏មូលហេតុណាមួយផ្សេងទៀត យើងក៏អត់ដឹងដែរ។ ប៉ុន្តែអំឡុងពេលហ្នឹង ជាពេល​​បោះ​​​​ឆ្នោតអ៊ីចឹងទៅ ក្រែងលោព័ត៌មានហ្នឹងវាចេះតែមកអ៊ីចឹងទៅ តើវាពិតកម្រិតណា​​? អ៊ីចឹង​យើង​ខ្ញុំ​​សូមស្វាគមន៍ព័ត៌មានដែលពិត»។

ឆ្លើយតបរឿងនេះ អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា អះអាងថា គណបក្ស​នឹងប្រមូលបញ្ហាឱ្យបានលម្អិតបន្ថែម​ មុននឹងដាក់​​ទៅក្រសួងមហា​​ផ្ទៃជា​​ថ្មី​​ទៀត​​។ យ៉ាងណា សម្រាប់អ្នកនយោបាយចាស់វស្សារូបនេះយល់ឃើញថា ការបើកផ្លូវពីលោក ស ខេង នេះ ហិង្សាផ្នែកនយោបាយនៅមុនថ្ងៃបោះឆ្នោត និងក្នុងដំណាក់កាលបោះឆ្នោត អាចនឹង​​ត្រូវបាន​​កាត់​​បន្ថយ។

នាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី យល់ឃើញថា តាមរយៈជំនួបទ្វេភាគីដែល​​​នឹង​​​​​កើតឡើងនាពេលខាងមុខនេះ លោកមានជំនឿថា លទ្ធផលដែលនឹងទទួលបានអាចស្ថិត​​ក្នុង​​​​កម្រិតមួយមិនដូចការរំពឹងទុកដូចដែលគណបក្សក្រៅរដ្ឋាភិបាលនេះចង់ឃើញនោះទេ។

លោកបន្តថា៖ «ខ្ញុំជឿថាមានចំណុចវិជ្ជមានហើយ ប៉ុន្តែបានតិចតួច។​​ វាមិនបានដូចអ្វី​​ដែល​​គណ​​បក្ស​​​​ភ្លើងទៀនសំណូមពរទេ។ វាបាន តែតិចតួចប៉ុណ្ណោះ»។

បើតាមអ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ ដើម្បីធានាឱ្យការបោះឆ្នោតមួយ គ្រប់ភាគីនយោបាយ​​ទ​ទួល​​យកបានតាមគោលការណ៍​សេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺស្ថាប័នជាតិរៀបចំការបោះឆ្នោត គួរ​ពង្រឹងនិង​​ជំរុញ​​​ឱ្យ​ភាគីពាក់ព័ន្ធត្រូវ​​គោ​​​រព​ឱ្យ​​បាន​នូវបទបញ្ជានិងនីតិវិធី រួមទាំងច្បាប់ផ្សេងទៀតដែលមានស្រាប់ ឱ្យមានប្រសិទ្ធភាព។ លោក សំ គន្ធាមី បញ្ជាក់ថា មានតែការអនុវត្តបែបនេះទេ ទើប​​ធា​នា​បាននូវសុក្រឹត្យភាពនៃដំណើរការបោះឆ្នោត​។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០​​២២ ខាងមុខ។ សម្រាប់ការបោះឆ្នោតឃុំសង្កាត់ លើកទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចុះឈ្មោះចូលរួមបោះឆ្នោត ក្នុងចំណោមគណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃចំនួន៤៥គណបក្សនយោបាយ។

ដោយឡែក គណបក្សភ្លើងទៀន អាចនិយាយបានថាជាគណបក្សឈរលំដាប់លេខរៀងទី២ បន្ទាប់ពី​​គ​​ណ​​​បក្សប្រជាជនកម្ពុជា ដែលបានដាក់បេក្ខជនឈរជាមេឃុំចៅសង្កាត់បានច្រើនជាង​​គេ។ ​​គិត​​មកដល់ថ្ងៃបិទបញ្ជីបេក្ខជន​ផ្លូវការ ត្រឹមកម្រិតគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត​ គ​​ណ​​​បក្សភ្លើងទៀន ​បញ្ជាក់ថា មាន១១ឃុំសង្កាត់ហើយ ត្រូវបាន គ.ជ.ប លុប​​ចេញពីបញ្ជី​​​បោះ​ឆ្នោត​។ ឃុំសង្កាត់ដែលត្រូវបានស្ថាប័នជាតិរៀបចំ​​ការបោះឆ្នោតលុបទាំង១១​នោះ មាន៨​​សង្កាត់ នៅភ្នំពេញ និង៣ឃុំសង្កាត់ផ្សេងទៀត នៅខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ