គណបក្សភ្លើងទៀនបង្ហាញការខកចិត្តអំពីជំនួបជាមួយ ​គ.ជ.ប ទាក់ទិនការលុបបញ្ជីបោះឆ្នោត

លោក សុន ឆ័យ និងមន្ត្រីតំណាងគណបក្សភ្លើងទៀន ចូលរួមកិច្ចប្រជុំ ស្ដីពីដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។ (គ.ជ.ប)

មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន បង្ហាញការមិនពេញចិត្តចំពោះជំនួបទ្វេភាគីជាមួយតំ​ណាង​​​​​​​ភាគី គ.ជ.ប ក្រោយ​ស្ថាប័នមួយនេះនៅរក្សា​ជំហរ​លុប​បញ្ជី​ឈ្មោះ​បេក្ខភាព​ឈរ​ជា​មេឃុំចៅ​សង្កាត់​​​របស់​គណបក្សក្រៅរដ្ឋា​​ភិបាល​នេះ​​​មួយ​​​ចំនួន​ ខណៈគណបក្ស​នេះនៅតែអះអាងថា ការ​លុប​បញ្ជីឈ្មោះ​នោះមិន​​មា​​ន​​​​​​កំ​ណត់នៅក្នុងច្បាប់សស្ដីពីការបោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។

អនុប្រធានគណបក្សភ្លើង​ទៀន លោក សុន ឆ័យ​ បញ្ជាក់ថា លោក​ហាក់មិនមាន​ការ​ពេញចិត្ត​ទេ ក្នុង​​ជំនួបទ្វេភាគី​ដែល​​ប្រ​​ព្រឹត្ត​​​ទៅ​នៅ​ទីស្ដីការ គ.ជ.ប នៅ​ព្រឹកថ្ងៃទី១១ ខែមេសា​នេះ ព្រោះ​​​​ចម្លើយ​ដែល​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ផ្ដល់ឱ្យមកវិញ​នេះ នៅ​​តែមិន​​អាច​រកច្រកចេញបាន ចំពោះ​​​បញ្ជី​ឈ្មោះ​បេក្ខភាពមេឃុំចៅសង្កាត់ដែល​ត្រូវបានលុបចេញហើយនោះ។

លោកបន្តថា៖ «បើនិយាយថា​​ពេញចិត្ត​​អត់ ​ពេញ​ចិត្តអត់​កើត​ទេ ពីព្រោះការសម្រេចចិត្តលុបបញ្ជី​​​គណ​បក្សភ្លើងទៀនហ្នឹង គឺធ្វើទៅដោយមិនយុត្តិធម៌ ហើយសូម្បីកុំ​​ថាឡើយគណបក្ស​​ភ្លើងទៀនថា​​​មិន​​យុត្តិធម៌ សូម្បីប្រជារាស្រ្តក៏លោក​ថាមិនយុត្តិធម៌ដែរ។ ​​​យើងមិនអាចឱ្យគណបក្ស​ដែលប្រជែង​​គ្នា​​នៅក្នុងសង្កាត់ដែលឈរ​ឈ្មោះពី​សមាជិក​គណបក្ស​កាន់​អំណាច ​ប្ដឹង​រំលាយ​បញ្ជី​ទាំង​មូល​របស់​គណបក្ស​ភ្លើង​ទៀន ហើយទុក​ខ្លួនឯងតែម្នាក់ឯងបែបនេះទេ»។

បើតាមអ្នកនយោបាយចាស់វស្សារូបនេះ បាន​ប្រាប់នៅចំពោះមុខតំណាង គ.ជ.ប ថា ដូចករណី​​រំ​​លាយ​បញ្ជីឈ្មោះទាំងមូលនៅសង្កាត់ទួលស្វាយព្រៃទី១ ជាជម្រើសល្អ ដើម្បីកុំឱ្យស្ថាប័ន គ.ជ.ប ចំ​​ណាយលុយលើក្រដាសសន្លឹកឆ្នោតឥតប្រយោជន៍ សង្កាត់មួយនេះគួរតែប្រកាសពីជ័យជម្នះ​រប​​​ស់​​​​​​​គណបក្ស​​​ប្រ​​ជា​ជនកម្ពុជាតែម្តងទៅ ល្អជាង។

បើតាមលោក សុន ឆ័យ បើទោះជាតំណាង គ.ជ.ប លោក ទេព នីថា លើកពីមាត្រាច្បាប់មួយ​​ចំ​​​​នួ​​ន មកការពារ​ចំពោះការរំលាយបញ្ជីឈ្មោះទាំងមូលនៅតាមឃុំសង្កាត់ខ្លះក្តី ប៉ុន្តែ​​លោក​​អះអាង​ថា តំ​​​​​​ណាង​​ គ.ជ.ប មើលទៅហាក់មានភាពស្ទាក់ស្ទើរក្នុងការពន្យល់ពីហេតុផលផ្លូវច្បាប់ ចំពោះ​​ការ​​សម្រេច​ចិត្ត​នៃការរំលាយនេះ។

បើទោះជាបែបណា សេចក្តីប្រកាសព័ត៌មាន​ដែលចេញដោយស្ថាប័នជាតិ​​រៀបចំការបោះ​​ឆ្នោត​​(គ.ជ.ប) នៅ​​​​​ថ្ងៃទី​១១ ខែមេសា​នេះដែរ បង្ហាញថា​ បញ្ជីបេក្ខជនគណបក្សនយោបាយដែលឈ​រ​​ឈ្មោះ​​​​បោះ​​ឆ្នោត និងបញ្ជីបេក្ខជនដំបូង​នៃគណបក្សនយោបាយ ត្រូវបានដោះស្រាយ​​ចប់សព្វ​​គ្រប់​​​​​អស់​​​ហើ​​យ​​​​​​។ មិនតែប៉ុណ្ណោះ ដំណោះស្រាយដែលបានបិទបញ្ចប់ហើយនេះ នឹងមិន​​មានអ្វីកែ​​ប្រែ​​​​ទៀត​​ឡើ​​យ ព្រោះការបញ្ចប់វិវាទផ្នែកនយោបាយនេះ គឺ គ.ជ.ប ផ្អែកលើមូលដ្ឋានច្បាប់។

បន្ថែមលើសេចក្តីប្រកាសព័ត៌មាននេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ លោ​​ក ហង្ស ពុទ្ធា ឯកភាពថា ថ្វីត្បិតជំនួបទ្វេភាគីនេះ លទ្ធផលមិនដូចការរំពឹងទុក ប៉ុន្តែយ៉ាង​​ណា​​​​នេះ​​​អាចនិយាយបានថា កិច្ចពិគ្រោះយោបល់នេះ ភាគីទាំងពីរយល់គ្នាបានច្រើន ហើយ​​តទៅទៀត អាច​នឹងឈានទៅបញ្ចប់​ការនិយាយដើមគ្នាពីក្រោយខ្នងបានថែមទៀតផង។

សម្រាប់លោក ហង្ស ពុទ្ធា មានសុទិដ្ឋិនិយមថា បើទោះជាការ​បោះឆ្នោតពេលនេះមានបញ្ហាខ្លះ ដែលមិនចុះសម្រុងនឹងគ្នា តែ​​សម្រាប់ដំណើរការបោះឆ្នោត​នៅអាណត្តិបន្ទាប់ឆ្នាំ២០២៣ គ.ជ.ប នឹងកែលម្អឱ្យល្អប្រសើរ។

​​ក្នុង​​ន័យ​នេះ លោកថា បញ្ហាដែលនៅសេសសល់ពីភាគីពាក់​​ព័ន្ធ រួម​​​ទាំង​គណ​​​​បក្សនយោបាយផង នឹង​ដាក់ស្នើមក គ.ជ.ប ហើយកង្វល់នេះ​​នឹងត្រូវអនុម័តតាមរយៈ​​សេ​​​ច​​ក្តី​​​សម្រេច​ចិត្ត​​ដោយ​សមូហភាព។

លោកបន្តថា៖ «ជាដំណើរការល្អ ត្រង់ដែលថាគូភាគីមានការជួបគ្នា ចៀសវាងការ[មិនយល់]អំពីគ្នាទៅវិញទៅ ហើយរាល់បញ្ហានឹងត្រូវបានដោះស្រាយ នៅពេលដែលរៀបចំនីតិវិធីថ្មី ឧទាហរណ៍ថាការការ​បោះ​​ឆ្នោត​​នៅឆ្នាំ២០២៣ នោះនីតិវិធីនឹងមានការចែក ហើយនិងដាក់ឱ្យភាគីពាក់ព័ន្ធ និងគណ​បក្ស​​​ន​​​យោ​​​​​បាយលោកចូលរួមជាមតិយោបល់។ ហើយពេលនោះ តំណាងគណបក្សនយោ​​បាយ លោក​អា​​ច​​​​​ស្នើសុំ​​​យ៉ាងណា គឺស្ថិតនៅលើ​​​មតិភាគច្រើន ថាតើនីតិវិធី​​​គួរចែងរបៀបណា​​​ដើម្បីឱ្យដំ​ណើរ​​ការ​បោះឆ្នោត ប្រព្រឹត្តទៅបានល្អប្រសើរ»។

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ក៏ឯកភាពដែរថា នៅក្នុងជំនួបទ្វេភាគី នៅ​​​​ព្រឹក​​​ថ្ងៃ​​ចន្ទ​នេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ក៏​សន្យាថានឹងធ្វើវិសោធនកម្មឡើងវិញ នូវ​មា​ត្រា​​​ច្បាប់មួយចំនួន ជាពិសេសច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កុំឱ្យ​​មាន​​​ភាព​​ស្រពេចស្រពិលដូចសព្វថ្ងៃនេះ។

ទាំងគណបក្សនយោបាយ និងអ្នកឃ្លាំមើលពីបញ្ហាសង្គម យល់ឃើញថា ការប្តឹងផ្តល់គ្នារឿង​​បញ្ជី​​បេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ ទើបតែកើត​មាន​ឡើង​​ជាលើកដំបូង ក្រោយ​ពីកម្ពុជាធ្លាប់​ឆ្លង​កាត់ការ​​បោះឆ្នោតឃុំសង្កាត់នេះតាំងពីឆ្នាំ២០០២​មក។

ចំណែក នាយកប្រតិបត្តិ​អង្គការនិកហ្វិច លោក សំ គន្ធាមី យល់ថា ការសន្យាទុកមុននេះ មិន​មែន​ទើប​តែ​​មាន​នៅ​​អាណត្តិ​​​នេះទេ។​ ​ប្រភពដ​​​ដែ​ល​​​​បន្តថា ដើម្បី​​ឱ្យ​​​ការបោះឆ្នោតមួយប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និងតម្លាភាព មាន​​តែ​​ការ​អនុ​​​វត្ត​​​ច្បាប់​​​​ជា​មូល​​ដ្ឋាន​​​ទេ ទើប​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​បាន។

លោកបន្តថា៖ «ការសន្យា យើងមិន​អាចទុកចិត្តបាន។ យើងធម្មតា​កាលណាស្ថា​ប័ន​រៀបចំ​ការ​បោះ​ឆ្នោត​យើង​ធ្វើអីឱ្យមាន​ភាព​សុក្រឹត្យ ហើយមិនមែននិយាយតែ​​មាត់ហើយអត់ធ្វើ។ វាបាត់​​បង់ជំនឿ​​ពី​​​គណ​​​បក្សនយោបាយ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ខ្ញុំចង់និយាយអ៊ីចឹងណាបាទ»។

អ្នកនាំពាក្យ​​​គណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឱ្យដឹងថា បញ្ជី​បេក្ខជន​​ដែល​​​​ឈ​​រ​​​ជាមេ​​ឃុំ​​​ចៅ​​សង្កាត់ គណបក្សភ្លើងទៀន ត្រូវបាន គ.ជ.ប លុបចេញទាំងមូលពីបញ្ជីបោះឆ្នោត​​អស់​​​ចំនួ​​ន​២​​​៩​​ឃុំ​​​សង្កាត់ នៅ​​ទូ​​ទាំង​​ប្រទេស។

លោក​ថា បច្ចុប្បន្ន គណបក្ស​​ក្រៅរដ្ឋាភិបាល​​មួយ​​នេះនៅ​​សល់​​​​បេក្ខ​​ជន​​​មេ​ឃុំ​​ចៅ​​​​ស​​ង្កា​​​ត់ចំនួន១ ៦២៣ ឃុំសង្កាត់ទៀត ក្នុងចំណោមឃុំសង្កាត់សរុប១​ ៦​​​៥២ឃុំ​​សង្កាត់ ក្នុង​​​​ក្រប​ខណ្ឌ​​ទូ​​​ទាំង​​​ប្រ​ទេស​​​​​។ ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥នេះ នឹងប្រព្រឹត្តទៅ​នៅថ្ងៃ​​អា​​ទិ​​ត្យ ទី៥ ខែ​មិថុនា ឆ្នាំ​២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ