មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា​​អាមេរិក​សម្តែង​កង្វល់​ពី​ស្ថានភាព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

លោក កឹម សុខា បាន​ជួប​មន្ត្រី​ជាន់ខ្ពស់​នៃព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លោក Paul Grove នៅគេហដ្ឋានរបស់លោកកាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។ (រូប៖ ហ្វេសប៊ុកលោក កឹម សុខា)

មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លោក Paul Grove បាន​សម្តែង​នូវ​កង្វល់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​នៅ​កម្ពុជា។

ក្តីកង្វល់នេះ បានលើកឡើងនៅក្នុងជំនួបជាមួយលោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​នៅ​ឯ​គេហដ្ឋាន​របស់​លោក កឹម សុខា ស្ថិត​នៅក្នុង​រាជធានី​ភ្នំពេញ នៅព្រឹក​ថ្ងៃសៅរ៍​នេះ។

បើតាមលោក កឹម សុខា ភាគីទាំងពីរបានពិភាក្សាគ្នាដោយផ្តោតលើបញ្ហាជាច្រើន ដូចជា បញ្ហាទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក កន្លងមក បច្ចុប្បន្ន និងទៅអនាគត ក៏ដូចជាបញ្ហាតំបន់ និងក្នុងពិភពលោកផងដែរ។ ជាពិសេសលោកបានសម្តែងនូវកង្វល់អំពីស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យបច្ចុប្បន្ន​នៅកម្ពុជា និងបានពិភាក្សាអំពីដំណើរការសវនាការករណីនៃការចោទប្រកាន់មកលើរូបលោក ពីបទឃុបឃឹតជាមួយអង្គការ ឬ រដ្ឋបរទេស ដែលក្នុងនោះ​មានសហរដ្ឋអាមេរិកផងដែរ។

លោក Paul Grove គឺជាមន្ត្រីជំនាញក្នុងគណៈកម្មាធិការត្រួតពិនិត្យ (Appropriation commitee) នៃព្រឹទ្ធសភា ស.រ.អា ដ៏មានឥទ្ធិពល ក្នុង​កិច្ចការ​គ្រប់គ្រងធនធានថវិកាក៏ដូចជាជំនួយរបស់ស.រ.អា កំពុងបំពេញបេសកម្មនៅក្នុងប្រទេសកម្ពុ។ ថ្មីៗនេះ លោកក៏បានជួបជាមួយលោក ហ៊ុន ម៉ាណែត បេក្ខជន​អនាគតនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជា និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនផងដែរ។

លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរបស់លោកជាមួយរដ្ឋបរទេស ជាពិសេស​ជាមួយសហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៩៣ មក គឺដើម្បីឧត្តមប្រយោជន៍រួមរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍ ខណៈដែលប្រទេសទាំងនោះជាមិត្តរបស់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ