ក្រសួង​កំណត់​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​ណាហ្គាវើលដ៍​ជាថ្មី ក្រោយ​កិច្ច​ប្រជុំ​លើក​ទី​៨​បាន​បរាជ័យ

កូដករណាហ្គាវើលដ៍ ធ្វើកូដកម្មដោយអង្គុយធ្វើសមាធិ ដើម្បីទាមទារដំណោះស្រាយការងារ និងទាមទារដោះលែងតំណាងសហជីព ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)

ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​កំណត់​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​នៅក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ជា​ថ្មី​នៅ​រសៀល​ថ្ងៃពុធ ទី៤ ខែឧសភា ខាង​មុខ​នេះ បន្ទាប់​ពី​កិច្ចប្រជុំ​លើកទី៨ កាល​ពី​ថ្ងៃទី២២ ខែមេសា នៅមិនទាន់​ឈាន​ដល់​ចំណុច​ព្រមព្រៀង​គ្នា​នៅ​ឡើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី២២ ខែមេសា បានឱ្យដឹងថា កិច្ចប្រជុំដោះស្រាយវិវាទរួម​នៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍កាលពីថ្ងៃទី២២ ខែមេសា នៅមិនទាន់ទទួលបានលទ្ធផលនោះទេ ដោយសារភាគីក្រុមហ៊ុននៅតែរក្សាជំហរដដែល ដោយមិនទទួលយកបុគ្គលិកជិត ២០០នាក់ ដែលក្រុមហ៊ុនបានបញ្ឈប់នោះ ឱ្យចូលធ្វើការងារវិញនោះឡើយ។

កិច្ចប្រជុំដោះស្រាយវិវាទនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍កាលពីថ្ងៃទី២២ ខែមេសា ម្សិលមិញនេះ គឺជាកិច្ចប្រជុំលើកទី៨ ដោយមានការចូលរួមពីលោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប និងដោយមានការចូលរួមពីតំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី ឈឹម សុខន លោកស្រី រី សុវណ្ណឌី លោកស្រី សុន ស្រីពេជ្រ និងលោកស្រី ហៃ សុភាព ខណៈកញ្ញា ឈឹម ស៊ីថរ បានអវត្តមាន។ ចំណែកតំណាងភាគីនិយោជក រួមមាន លោក ហាយ វលាភ លោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង ខណៈអវត្តមានលោក Hein Dames ដែលមានធុរៈចាំបាច់។

យ៉ាងណាក្តី កិច្ចប្រជុំលើកទី៨នេះ នៅតែមិនអាចបញ្ចប់វិវាទបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បានឡើយ ដោយសារភាគីបុគ្គលិកដែលត្រូវបញ្ឈប់ពី​ការងារបានស្នើឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកជិត ២០០នាក់ឱ្យចូលធ្វើការងារឡើងវិញ ដោយភាគីក្រុមហ៊ុនមានជម្រើសដោះដូជាមួយបុគ្គលិកជិត ៣០០នាក់​ដែល​ស្ម័គ្រចិត្តលាឈប់។ ប៉ុន្តែតំណាងភាគីក្រុមហ៊ុននៅតែអះអាងថា មិនទទួលយកម្មករនិយោជិតចំនួន ២០០ នាក់នោះចូលធ្វើការងារវិញឡើយ។

ភាគីតំណាងក្រុមហ៊ុនបានះអាងថា ទោះបីជាមានបុគ្គលិកជិត ៥០០នាក់ដែលបន្តអវត្តមានពីកន្លែងការងារដើម្បីចូលរួមធ្វើកូដកម្មកន្លងមកនេះក្តី ក៏មិនប៉ះពាល់​ដល់​ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនដែរ ខណៈបុគ្គលិកដែលកំពុងបំពេញការងារសព្វថ្ងៃ នៅមិនទាន់មានការងារធ្វើពេញលេញនៅឡើយដែរ។

យ៉ាងណាក្តី ក្រសួងការងារបានកំណត់ឱ្យភាគីទាំងពីរជួបប្រជុំគ្នាជាថ្មីនៅរសៀលថ្ងៃពុធ ទី៤ ខែឧសភា ខាងមុខនេះ ដើម្បីទុកឱកាសឱ្យភាគីទាំងពីរ​ពិចារណា​ឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះបាន។

គួរជម្រាបជូនថា នៅក្នុងកិច្ចប្រជុំដោះស្រាយវិវាទការងារនេះ ភាគីបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ក៏បានស្នើតាមរយៈក្រសួងការងារ ឱ្យតុលាការទម្លាក់ចោល​ការ​ចោទ​ប្រកាន់មកលើតំណាងកម្មករនិយោជិតទាំងអស់, ស្នើសុំបើកការិយាល័យសហជីពឡើងវិញ និងស្នើសុំយកទូរស័ព្ទ កុំព្យូទ័រ និងសម្ភារផ្សេងៗទៀតមក​ប្រើប្រាស់ ដើម្បីធ្វើការទំនាក់ទំនងការងារឡើងវិញ។ បន្ថែមពីនេះ ស្នើសុំឱ្យក្រុមហ៊ុនផ្តល់ជម្រើសឱ្យមកខាងភាគីកម្មករនិយោជិត ដើម្បីឱ្យមានភាពយុត្តិធម៌​ស្មើៗគ្នា។

វិវាទការងារនៅក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បានកើតឡើងអស់រយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីភាគីក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកចំនួន១ ៣២៩​ នាក់ ក្នុង​ចំណោម​បុគ្គលិក​សរុប​ជាង​ ៨ ០០០​នាក់ ដោយ​លើកហេតុផល​ថា ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុដោយ​សារ​តែ​វិបត្តិ​ជំងឺ​កូវីដ-១៩​។​ ក៏ប៉ុន្តែ​តំណាង​សហជីព​ប្រចាំនៅក្នុង​កាស៊ីណូ​យល់​ថា ផែនការ​បញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​នេះ គឺជាការ​គាស់​រំលើង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ ចេញពី​ក្រុមហ៊ុន​នេះ ព្រោះ​បុគ្គលិក​ដែល​បញ្ឈប់​ភាគ​ច្រើន គឺ​ជា​សមាជិក និង​ថ្នាក់ដឹកនាំ​សហជីព។

វិវាទនេះនៅតែគ្មានដំណោះស្រាយមកទល់នឹងបច្ចុប្បន្ននេះ ខណៈថ្នាក់​ដឹកនាំសហជីពចំនួន ៨ នាក់ ត្រូវបានចោទប្រកាន់ពីបទពីបទ “ញុះញង់ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍” តាមមាត្រា៤៩៤ និង៤៩៥ នៃក្រម​ព្រហ្មទណ្ឌកម្ពុជាក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ