របាយការណ៍​ថា ​លំហ​នៃ​ការ​អនុវត្ត​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា​នៅ​តែ​រង​ការរឹតត្បិត

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

របាយការណ៍ឃ្លាំមើលសេរីភាពមូលដ្ឋានឆ្នាំទី៦ របស់អង្គការសង្គមស៊ីវិលចំនួន៣ បានបង្ហាញថា លំហនៃការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋាននៅកម្ពុជា នៅតែរងការរឹតត្បិត។

របាយការណ៍ឃ្លាំមើលសេរីភាពមូលដ្ឋានឆ្នាំទី៦នោះ ត្រូវបានរៀបចំឡើងដោយសមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងមជ្ឈមណ្ឌលសាមគ្គីភាពដោយមានការសហការពីមជ្ឈមណ្ឌលអន្តរជាតិដើម្បីច្បាប់ដោយមិនយកកម្រៃដែលបានចេញផ្សាយនៅល្ងាចថ្ងៃទី២៧ ខែមេសានេះ ដោយបានប្រមូលទិន្នន័យចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ (ឆ្នាំទី៦) បានបង្ហាញថា លំហនៃការអនុវត្តសេរីភាពមូលដ្ឋាននៅតែមានកម្រិតនៅឡើយ។

របាយការណ៍បន្តថា ជាញឹកញាប់ទង្វើរបស់អាជ្ញាធរត្រូវបានចាត់ទុកជាការរឹតត្បិតសិទ្ធិសេរីភាពមូលដ្ឋានដោយហេតុថា ច្បាប់មិនបានអនុញ្ញាត ខណៈដែលក្របខណ្ឌច្បាប់របស់កម្ពុជាបានរារាំងបន្ថែមទៀត ដល់ការអនុវត្តសេរីភាពមូលដ្ឋាន ហើយមានសាធារណជនតិចតួចប៉ុណ្ណោះ បានរាយការណ៍ថា មានសេរីភាពក្នុងការអនុវត្តសិទ្ធិទាំងនេះ។

ប្រភពដដែលលើកឡើងថា មានរបកគំហើញសំខាន់ៗចំនួន៥ ដែលគាំទ្រដល់ការសន្និដ្ឋាននេះ ទី១ គឺការកែប្រែក្របខណ្ឌច្បាប់របស់កម្ពុជា ដែលរារាំងដល់ការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់បុគ្គលម្នាក់ៗ។ ដោយឡែកទី២ គឺក្រុមនយោបាយជំទាស់ត្រូវបានកំណត់ជាមុខសញ្ញា ហើយទី៣ ជាការជាប់ពាក់ព័ន្ធរបស់អាជ្ញាធរក្នុងការជ្រៀតជ្រែកតាមទំនើងចិត្តលើការជួបប្រជុំ។ រីឯចំណុចទី៤ គឺការរឹតត្បិតលើការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិតមានការកើនឡើង និងរបកគំហើញទី៥ គឺបុគ្គលម្នាក់ៗនៅតែមិនមានសេរីភាពពេញលេញក្នុងការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន។

រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានចាត់ទុកការលើកឡើងថា លំហសេរីភាព និងប្រជាធិបតេយ្យមានការរឹតត្បិត គឺសម្រាប់តែក្រុមមួយដែលតែងតែធ្វើសកម្មភាពបំពានច្បាប់ បង្កភាពចលាចល និងមានរបៀបវារៈនយោបាយនៅពីក្រោយតែប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋភាគច្រើនកំពុងរស់នៅដោយសន្តិភាព។

គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន បានពិនិត្យទៅលើស្ថានភាពនៃសេរីភាពមូលដ្ឋានសំខាន់ៗចំនួន៣ គឺសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ