ប្រធាន​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្តប៉ៃលិន​រក្សា​ជំហរ​ប្ដឹង​ជនបង្ក ខណៈ​សមត្ថកិច្ច​កោះហៅ​លោក​ទៅ​រំលត់​រឿងក្ដី

លោក ខឹម មុនីកុសល ទៅយកដីការបណ្តេញចេញពីក្របខ័ណ្ឌមន្រ្តីរាជការ នៅការិយាល័យរដ្ឋបាលមន្ទីរសុខាភិបាលខេត្តប៉ៃលិន ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Khem Monykosal)

ប្រធានក្រុមការងារ​គណបក្សភ្លើងទៀន​ប្រចាំខេត្តប៉ៃលិន លោក ខឹម មុនីកុសល បញ្ជាក់​​ជំហរ​​ថា ខ្លួន​នឹង​នៅ​​​បន្ត​ប្ដឹង​​​​អ្នក​​ព្យា​​​​​​​យាម​​ធ្វើ​​ឃា​ត​​លោក តាមរយៈការប្រើប្រាស់ទោចក្រយានយន្ត ឬម៉ូតូ ជា​​មធ្យោបាយ​​ក្នុងកា​​​រ​បង្ក​​ហេតុជាគ្រោះថ្នាក់ចរាចរណ៍​ ខ​​​ណៈ​​​​​​អ​​ធិ​​​​​​​​ការនគរ​បាល​ក្រុងកោះ​ហៅ​រូប​លោក​​ទៅដោះស្រាយ​​ដើម្បី​​រំលត់​​បណ្ដឹង​​នេះ។

លោក ខឹម មុនីកុសល បាន​​ប្រាប់​វីអូឌី​​ថា សមត្ថកិច្ច​ជំនាញនៃ​អធិការ​នគរបាល​ក្រុង​ប៉ៃលិន បាន​​​កោះ​ហៅ​​​​​​រូបលោក​​នៅ​ព្រឹកថ្ងៃព្រហស្បតិ៍​នេះ ដើម្បីឱ្យបញ្ចប់វិវាទ ប៉ុន្តែលោក​ប្ដេជ្ញា​ថានឹង​បន្តសំណុំរឿង​នេះទៅមុខ​ទៀត​​ ដោយ​មិន​បញ្ចប់​ ត្រឹម​សម្អាង​ហេតុ​ថា នៅថ្ងៃកើត​ហេតុ​ ជនបង្ក​មាន​​​​ជា​តិ​​​​​​អាល់កុល​​​ក្នុង​​​ខ្លួន ហើយបាត់បង់ម្ចាស់ការក្នុងការបើកបរម៉ូតូ ទើបនាំឱ្យហេតុការណ៍គ្រោះថ្នាក់​​​នេះ​កើត​​​ឡើងទេ​​។

លោកបន្តថា៖ «ប៉ូលិសគេបានសួរខ្ញុំ ថាតើយើងអាចបញ្ចប់និងសម្របសម្រួលគ្នាត្រឹមហ្នឹង​​បាន​អត់? ​​ប៉ុន្តែ​ខ្ញុំបានឆ្លើយតបទៅវិញថា មិនមែនខ្ញុំថាមិនចង់បញ្ចប់ទេ តែថាករណីនេះ​​ វាមិន​មែន​ងាយ​​​​ដូច​​​​ការនិយាយអ៊ីចឹងទេ។ ហេតុការណ៍ដែលវាកើតឡើង វាមិនមែនជារឿងចៃដន្យ ពីព្រោះ​ទ​ង្វើ​​​ដែល​ធ្វើ​​ហ្នឹង​ វាមិនសមតែម្ដង វាមិនមែនបុកយើងតែម្ដង​ហើយចប់ហើយ គឺវាច្រើន​​ដង»។

នៅលើ​បណ្ដាញសង្គមហ្វេសប៊ុក លោក ខឹម មុនីកុសល បានបង្ហោះសារ​កាលពីថ្ងៃទី​១៣ ខែ​មេសា ថានគរបាល​​ប៉ុស្តិ៍សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ព្យា​​យាម​ផ្សះផ្សា និងសម្រប​​​សម្រួ​ល ដើម្បីឈាន​​ទៅ​​បញ្ច​​ប់​​​​​សំ​​​​ណុំ​​រឿងជាមួយគូទំនាស់ឈ្មោះ ទ្រី ធា ក្រោយពីលោក​បាន​ដាក់ពាក្យ​បណ្ដឹង​នៅទីនោះ។

ទាក់ទងរឿងក្ដីនេះ លោក ខឹម មុនីកុសល ឱ្យដឹងថា អង្គហេតុនេះកើតឡើង​កាលពីថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២២ ដោយ​​ជន​បង្ក​ឈ្មោះ ទ្រី ធា អាយុ៣៩​ឆ្នាំ ​បា​នព្យា​យាម​បើកបរ​​ម៉ូតូ​ជិះ​​កៀរ និង​បំបុក​រូប​លោក​តាម​​​​ដង​ផ្លូវ​ម្ដង​​​ហើយ​​ម្ដង​​ទៀតក្នុងថ្ងៃតែមួយ តែ​​មិន​​បាន​​សម្រេច។

នៅក្នុង​អង្គហេតុតែមួយនេះដែរ លោក ខឹម មុនីកុសល ក៏​បានដាក់ពាក្យ​ប្ដឹង​ឈ្មោះ ទ្រី ធា ទៅ​​​​អយ្យ​​ការ​​​​អម​សាលាដំបូងខេត្តប៉ៃលិន ដោយ​ចោទប្រកាន់​ពីបទ «ប៉ុនប៉ងមនុស្សឃាតដោយចេតនា»។

តាមរយៈ​ការសម្របសម្រួលនៅ​ព្រឹក​ថ្ងៃទី​​២៨ ខែ​មេសា​​នេះ អធិការនគរបាលក្រុងប៉ៃលិនលើ​​ក​ឡើង​ថា ឈ្មោះ ទ្រី ធា ដែលរង​ការចោទប្រកាន់នេះ មាន​ជាតិស្រវឹងក្នុងខ្លួន ហើយមិនមាន​​ចេត​​នា​​ណា​​មួយដែលឈានទៅដល់ការប៉ុនប៉ងមនុស្សឃាតទេ។

បើតាមលោក ខឹម មុនីកុសល នគរ​បាល​​ក្រុងបាន​ស្នើឱ្យរូប​លោកបញ្ចប់សំណុំរឿងនេះ ប៉ុន្តែ​លោក​បាន​ច្រាន​ចោល ដោយលោក​​​អះអាងថា នឹងបន្តរឿង​​​ក្ដីនេះ​ទៅមុខ​ទៀត ដោយ​សារ​ជន​បង្ក​មាន​គម្រោង​ផែន​ការ​ច្បាស់​លាស់ និង​​​​មាន​​​​​ចេត​​នា​​​​​​​ប៉ុ​ន​​ប៉ង​មនុស្សឃាតគិតទុកជាមុន។ លោកថា រឿងនេះ​អាច​​មាន​​ជនសមគំនិត ឬអ្នកនៅពីក្រោយ​ថែមទៀត។

វីអូឌី មិនអាចសុំការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ត្រី សួន ពិសិដ្ឋ នាយផ្នែក​​​ព្រហ្ម​​​ទណ្ឌ នៃ​អធិការ​នគរបាល​ក្រុង​ប៉ៃលិន ​​បាន​ទេ នៅថ្ងៃព្រហស្បតិ៍​នេះ។

បើទោះជាបែបណា នាយប៉ុស្តិ៍នគរបាលរដ្ឋបាល​សង្កាត់អូរតាវ៉ៅ លោក ជា សូត្រា អះអាងថា បញ្ហា​​នេះមិនមែនជារឿងឃាតកម្ម​ដូចការចោទប្រកាន់របស់ដើមបណ្ដឹងទេ។ លោកបន្តថា ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​នេះគ្រាន់​តែ​ជាជន​ពិការ​ភ្នែក ហើយ​តែង​មាន​បញ្ហា​បែប​នេះជា​​រឿយ​ៗ​មក​ហើយ​ដែរ។

លោកបន្តថា៖ «គាត់អត់ព្រមសម្របសម្រួល គាត់ប្រកាន់។ [ជនបង្ក]គាត់ស្រវឹងមែន គាត់ងងឹងភ្នែក​​ហ្នឹង!​​ ​​ភ្នែក​​​​គាត់ពីរ តែគាត់មើលឃើញតែម្ខាងទេ។ គាត់ដូចជាពិការតាំងពីកំណើតមកម៉្លេះ។ គាត់​​តែ​​​ងតែអ៊ី​​ចឹង​ឯង គាត់​តែងតែបែបហ្នឹងឯង។ តែបង កុសល គាត់អត់ព្រម គាត់ប្រកាន់»។

ចំណែក អ្នកសម្របសម្រួលផ្នែកឃ្លាំមើលសិទ្ធិមនុស្ស​នៃអង្គការលីកាដូ​ប្រចាំខេត្តបាត់ដំបង ​​លោក អ៊ិន គង់​​ជិត យល់ឃើញ​ថា បើ​ពិនិត្យ​ទៅ​លើអង្គ​ហេតុ ករណីនេះអាចជាចេតនាប៉ុនប៉ង​​ក្នុង​ហេតុ​ផល​​អ្វី​​មួយ​​​មែន។ លោកថា ករណីនេះពុំមែន​ជារឿង​ចៃដន្យ​ដោយ​សារ​ជាតិ​ស្រវឹង​ក្នុង​ខ្លួន ឬ​ដោយ​​បញ្ហា​​ដទៃ​ទៀត​ទេ។

លោកបន្តថា៖ «សមត្ថកិច្ច​នគរបាល​ធ្វើការ​យឺត​យ៉ាវ។ ករណី​ហ្នឹង​ បើគាត់​ [លោក​ ខឹម មុនីកុសល] ​ជា​អ្នក​​បង្ក​វិញ​ គឺគេ​ចាប់​ខ្លួន​គាត់​បាត់​ហើយ។ ហើយបើគាត់បង្កទៅលើគេ គឺ​សមត្ថកិច្ច​ប្រាកដ​ជា​ចាប់​ខ្លួន​គាត់ ហើយកសាង​​​សំ​​ណុំរឿងបញ្ជូនទៅតុលាការបាត់ហើយ។ គេបង្កមកលើគាត់វិញ គឺ​សមត្ថ​កិច្ច​​​អត់​​​បានចាប់ខ្លួន​​ជន​​ប្រ​​ព្រឹត្ត​​​ហ្នឹងទេ បើទោះជា​គាត់​ប្ដឹង​ចោទ​បទ​ល្មើស​ជាក់​ស្ដែង​ក៏​ដោយ»។

លោក ខឹម មុនីកុសល ជា​អតីតគ្រូពេទ្យក្រុងប៉ៃលិន ហើយបច្ចុប្បន្ន លោកជាប្រធានក្រុមការងា​​រគ​ណ​​​បក្សភ្លើងទៀន​ខេត្តប៉ៃលិន ត្រូវបានតុលាការខេត្តនេះកោះហៅឱ្យចូល​​ខ្លួន​​ទៅឆ្លើយបំភ្លឺ ក្នុង​សំ​ណុំ​​រឿង​​២ផ្សេងទៀត។ បទ​ចោទ​ទី១ តុលាការតម្រូវឱ្យលោកចូលឆ្លើយបំភ្លឺនៅថ្ងៃទី៨ ខែ​មេសា ក្រោយ​រង​ការ​​​​​ចោទ​​​​ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» និងបទចោទ​១ករណី​ទៀត ត្រូវចូល​ខ្លួន​នៅ​ថ្ងៃទី​២០ ខែ​មេ​សា ពី​បទ «ញុះញង់ឱ្យមានការរើសអើង»។

លោក អ៊ិន គង់ជិត មន្រ្តីអង្គការលីកាដូ​ដែលឃ្លាំមើលពីសំណុំរឿងនេះ មាន​ប្រសាសន៍​ថា ​បទចោទ​​​ទាំង​២ទៅលើ​លោក​ ខឹម មុនីកុសល​​ បាន​សម្រប​សម្រួល​ចប់​សព្វគ្រប់ហើយ​ ហើយ​ភាគី​ក្នុង​រឿង​ក្ដីនេះក៏យ​ល់​​​ព្រម​​លុប​​​សារ​​​​របស់​​​ខ្លួនដែល​បាន​បង្ហោះនៅ​លើ​ហ្វេស​ប៊ុក​រួច​ហើយ​ដែរ។ ប៉ុន្តែ​ដោយ​សារ​លោក ខឹម មុនី​​កុ​​សល ហក់​​​​ចូលក្នុងឆាកនយោបាយ ទើបធ្វើឱ្យលោកត្រូវរង​ការចោទប្រកាន់ជាបន្តបន្ទាប់នៅនាទី​​ចុង​​ក្រោយនេះ។

ចំពោះលោក ខឹម មុនីកុសល បានហៅការចោទប្រកាន់រូបលោកតាមផ្លូវតុលាការនៅពេលនេះថាជា​​​រឿង​​នយោបាយ ហើយការប្រើប្រាស់តុលាការនេះ គឺដើម្បីបិទផ្លូវ​លោកមិនឱ្យចូលរួមក្នុង​​ស​​​ក​ម្ម​​​ភា​​ពនយោបាយប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ