បេក្ខភាព​​ចៅ​សង្កាត់​​បក្ស​ភ្លើង​ទៀន​​ខេត្ត​កោះ​កុង​​ហៅ​​ការ​ប្តឹង​​ខ្លួន​​ជា​​សារ​គំរាម​​មិន​​ឱ្យ​​ធ្វើ​​នយោបាយ​​

លោក ប៉ាល់ កែប ដែលជាបេក្ខភាពចៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មកពីគណបក្សភ្លើងទៀន ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ ចេញដីកាកោះហៅឱ្យចូលទៅបំភ្លឺនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក ពូកែប ស្ទឹងវែងខេត្តកោះកុង)

បេក្ខភាពឈរឈ្មោះចៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មកពីគណបក្សភ្លើងទៀន បានអះអាងថា មេធាវីតំណាងឱ្យគណបក្សកាន់អំណាច បានប្តឹងរូបគាត់ គឺជារឿងនយោបាយ និងជាសារគំរាមមិនឱ្យលោកបន្តចូលរួមជីវភាពនយោបាយជាមួយបក្សក្រៅរដ្ឋាភិបាលមួយនេះបន្តទៀត។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេធាវីចំនួន៦រូប តំណាងឱ្យគណបក្សប្រជាជនកម្ពុជា ខេត្តកោះកុង បានប្តឹងលោក ប៉ាល់ កែប ជាលេខាធិការគណបក្សភ្លើងទៀនប្រចាំខេត្តកោះកុង និងជា​បេក្ខភាពចៅសង្កាត់​ស្ទឹងវែង ក្រុងខេមរភូមិន្ទ ​  និងគូកន ក្រោមបទចោទរួមមាន ក្លែងឯកសារសាធារណៈ​ បង្កភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខជាតិ បទបរិហារកេរ្តិ៍សាធារណៈ និងការឃោសនាបោះឆ្នោតផ្ទុយនឹងច្បាប់។

លោក ប៉ាល់ កែប ដែលជាបេក្ខភាពចៅសង្កាត់ស្ទឹងវែង ប្រាប់វីអូឌីនៅថ្ងៃអាទិត្យនេះថា លោក វ៉ៃ ភីរម្យ តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុងបានចេញដីកាកោះហៅគាត់ឱ្យចូលទៅបំភ្លឺ ពាក់ព័ន្ធនឹង​បណ្តឹងរបស់មេធាវីបក្សកាន់អំណាច  នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹក។

បេក្ខភាពចៅសង្កាត់រូបនោះបញ្ជាក់ថា គាត់នឹងរៀបចំដាក់ពាក្យសុំពន្យារពេលចូលឆ្លើយបំភ្លឺនៅថ្ងៃចន្ទស្អែកនេះ ដើម្បីមានពេលគ្រប់គ្រាន់​ស្វែងរកមេធាវីឱ្យជួយការពារក្តី ពីព្រោះគាត់មិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

លោក ប៉ាល់ កែប ចាត់ទុកមេធាវីតំណាងឱ្យគណបក្សកាន់អំណាច​ ដែលប្តឹងគាត់ គឺកើតចេញពីរឿងនយោបាយ និងជាសារគំរាមកំហែងមិនឱ្យគាត់បន្តធ្វើនយោបាយប្រកួតប្រជែងជាមួយចៅសង្កាត់បក្សកាន់អំណាច។

លោកចាត់ទុកដូចនេះថា៖ «នៅស្ទឹងវែងមានតែគណបក្សពីរទេ គឺគណបក្សភ្លើងទៀន និងគណបក្សប្រជាជនកម្ពុជា ។ ខ្ញុំជាបេក្ខភាពចៅសង្កាត់ស្ទឹងវែង  ហើយខ្ញុំមានឈ្មោះលេចធ្លោ អាចនឹងឈ្នះចៅសង្កាត់នៅស្ទឹងវែង ព្រោះបេក្ខភាពចៅសង្កាត់គណបក្សប្រជាជនកម្ពុជា គឺឈ្មោះ លោក កាយ ក្រុង ដែលជាកូនរបស់ឯកឧត្តម កាយ សំរួម (ជាប្រធានក្រុមប្រឹក្សាខេត្តកោះកុង) ហើយតួនាទីនៅក្នុងគណបក្ស គាត់ជាអនុប្រធានគណបក្សប្រជាជនទៀត អាចប្រកួតប្រជែងខ្លាំង ហើយប្រជាប្រិយភាពយើងអាចឈ្នះ។ អញ្ចឹងគេរកវិធីគ្រប់សព្វបែបយ៉ាង ដើម្បីឱ្យរាំស្ទះ ឬដំណើរការយើងឈរឈ្មោះបោះឆ្នោតហ្នឹង »។

លោកបន្ថែមថា៖ «ខ្ញុំមិនឈប់ឈរឈ្មោះជាបេក្ខភាពរបស់គណបក្សភ្លើងទៀនទេ។ ខ្ញុំនឹងប្រើសិទ្ធិស្របច្បាប់របស់យើង ដើម្បីតតាំងក្តី ព្រោះខ្ញុំមិនបានធ្វើខុសទេ គេប្តឹងចោទខ្ញុំឃោរឃៅសាហាវខ្លាំងណាស់។ ខ្ញុំគ្រាន់តែជាបេក្ខជនចៅសង្កាត់ម្នាក់ ឈរឈ្មោះ ដើម្បីដោះស្រាយសេវារដ្ឋបាល សំបុត្រកំណើត លិខិតផ្សេងៗជូនប្រជាពលរដ្ឋដោយស្មើភាព តម្លាភាព អត់អស់លុយ ទៅជាគេចោទថា ធ្វើឱ្យវឹកវរដល់សន្តិសុខជាតិទៅវិញ»។

មេធាវី កេត ច័ន្ទម៉ានីន ដែលជាសហមេធាវីម្នាក់ក្នុងចំណោមសហមេធាវី៥នាក់ទៀត របស់គណបក្សប្រជាជនកម្ពុជា បានច្រានចោលការលើកឡើងរបស់លោក ប៉ាល់ កែប ដែលថា ក្រុមមេធាវីរបស់បក្សកាន់អំណាចប្តឹងគាត់ពាក់ព័ន្ធរឿងនយោបាយ និងជាសារគំរាមមិនឱ្យគាត់បន្តចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន។

មេធាវីរូបនោះបញ្ជាក់ថា ដើមចមដែលនាំឱ្យក្រុមការងាររបស់លោកដាក់ពាក្យប្តឹងលោក ប៉ាល់ កែប ដោយសារតែបុគ្គលរូបនោះបានប្រព្រឹត្តអំពើល្មើសច្បាប់ព្រហ្មទណ្ឌច្រើនករណី និងមានភស្តុតាងគ្រប់គ្រាន់ដាក់ជូនតុលាការពិចារណាផងដែរ ។

លោកមានប្រសាសន៍ថា៖ «ខាងខ្ញុំដាក់ពាក្យបណ្តឹងគាត់​ ដោយសារគាត់ធ្វើសកម្មភាពមួយចំនួនប៉ះពាល់សង្គម និងខុសច្បាប់។ អញ្ចឹងចាំមើលខាងតុលាការពិចារណាលើបណ្តឹងហ្នឹង»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សមាគមអាដហុក ​នឹងចាត់មន្ត្រីតាមដានជុំវិញបញ្ហា​នេះ។ លោកបន្តថា បើរឿងនេះកើតចេញពីរឿងនយោបាយ និងធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាពេលខាងមុខផងដែរ។

លោកមានប្រសាសន៍ថា៖ «បើសិនជាការប្តឹងផ្តល់ ការចោទប្រកាន់ដោយសារត្រឹមត្រូវមិនមានបញ្ហាអ្វីទេ ។ ប៉ុន្តែបើការប្តឹងផ្តល់នោះជាការគំរាមកំហែងផ្នែកនយោបាយ អ្វីដែលប៉ះពាល់ វានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោត រងការរិះគន់ពីសាធារណជនជាតិ និងអន្តរជាតិ ដែលគេកំពុងតាមដាននិងឃ្លាំមើល»។

ក្នុងជំនួបរវាងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ជាមួយមន្ត្រីជាន់ខ្ពស់តំណាងក្រសួងយុត្តិធម៌ ​នាទីស្តីការក្រសួងកាលពីថ្ងៃទី៣ ខែឧសភា ថ្នាក់ដឹកនាំបក្សក្រៅរដ្ឋាភិបាលមួយនេះ ​បាន​ស្នើ​ក្រសួងយុត្តិធម៌​ ឱ្យមានការទម្លាក់បទចោទ និងការដោះលែងឱ្យនៅក្រៅឃុំ ចំពោះសកម្មជនគណបក្សភ្លើងទៀន​ ដែលកំពុងស្ថិតក្នុងដំណើរនីតិវិធី​តុលាការ។

លើសពីនេះ ពួកគេក៏ស្នើសុំឱ្យ​ពន្យា​រពេល​នីតិវិធី​តុលាការ​លើ​សកម្មជនគណបក្សភ្លើងទៀន ដែលកំពុងស្ថិតក្នុងចំណាត់ការរបស់​តុលាការ ដោយកុំឱ្យមានការកោះហៅ​ក្នុងអំឡុងពេល​រៀបចំការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខនេះ។​ ប៉ុន្តែមន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌​ឆ្លើយតបថា ក្រសួងមិនអាចលូកដៃបានឡើយ។

​កាលពីចុងខែមេសា ​​គណបក្សភ្លើងទៀន ​​បានដាក់លិខិតទៅក្រសួង​មហាផ្ទៃ​ ​ ដោយភ្ជាប់​​​​ទៅ​​ជាមួយ​នូវ​​បញ្ជី​​ឈ្មោះ​​មន្ត្រីរបស់​​ខ្លួន​​ជាច្រើន​​​រូប​ដែលរង​​ការ​​បំភិត​បំភ័យ និង​ធ្វើទុក្ខ​​​​បុក​​​​​ម្នេញ​​​មិនឈប់ឈរពីសំណាក់អាជ្ញាធរមូលដ្ឋាន។

នៅក្នុងលិខិត​ដដែលនោះ​ ក៏បានភ្ជាប់តំបន់គោលដៅមួយចំនួនដែល​​បានកើត​​ឡើងតាមរយៈរូប​ភាព​នៃ​ការ​គំរាម​កំហែង ដូចជា នៅខេត្តប៉ៃលិន បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង មណ្ឌលគិរី រតនគិរី ព្រះសីហនុ ព្រះវិហារ ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ក្រចេះ និងរាជធានី​​​ភ្នំ​​ពេញ​​។

លើសពីនេះទៀត របាយការណ៍បន្ថែមថា ការគំរាមកំហែងដែលកើតឡើងចុងក្រោយ​​​បំផុត ​​គឺ​​កើត​​ចំពោះ​លោកស្រី យក់ នាង ដែលជាប្រធានចលនាស្ត្រីប្រចាំរាជធានីភ្នំពេញ នៃគណ​​បក្សភ្លើង​​ទៀន កាលពីដើមខែ​មេ​​សា ឆ្នាំ២០២២។

ការដាក់លិខិតរបស់គណបក្សភ្លើងទៀន បានធ្វើឡើងក្រោយពី​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ កាលពីថ្ងៃទី​៧ ខែ​មេសា បង្ហាញ​ជំហរ​​ជា​​​​សា​​ធារណៈ​ក្នុង​ការ​សម្រប​សម្រួលនិង​ដោះ​ស្រាយ​វិវាទ​នយោបាយ​នេះ ប៉ុន្តែលោកទាមទារ​​ឱ្យ​​គ​ណ​​​​បក្សភ្លើងទៀន ដាក់ភស្តុតាងឱ្យបានត្រឹមត្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ