អ្នកភូមិថាអាជ្ញាធរខេត្តកោះកុងគំរាមចាប់ខ្លួនពលរដ្ឋ និងចុះឈូសឆាយខ្ទមចម្ការជាង១០០ខ្នង

អ្នកភូមិបានឱ្យដឹងថា អាជ្ញាធរខេត្តកោះកុងបានគំរាមចាប់ខ្លួនពលរដ្ឋ និងប្រើប្រាស់គ្រឿងចក្រឈូសកម្ទេចចោលខ្ទមចម្ការជាង១០០ខ្នងរបស់ពួកគេផងដែរ ក្រោយរដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យប្រជាពលរដ្ឋនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ និងពលរដ្ឋនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង រុះរើខ្ទម និងចាកចេញពីទីតាំងដីខ្លួនរស់នៅ ដោយចោទពលរដ្ឋថា រស់នៅលើដីរដ្ឋ និងដីក្រុមហ៊ុន ហ្គ្រីនរិចគ្រុប ដោយខុសច្បាប់។ (ផ្ដល់ឱ្យ)

អ្នកភូមិបានឱ្យដឹងថា អាជ្ញាធរខេត្តកោះកុងបានគំរាមចាប់ខ្លួនពលរដ្ឋ និងប្រើប្រាស់គ្រឿងចក្រឈូសកម្ទេចចោលខ្ទមចម្ការជាង១០០ខ្នងរបស់ពួកគេផងដែរ។

កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងមួយឱ្យប្រជាពលរដ្ឋនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ និងពលរដ្ឋនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង រុះរើខ្ទម និងចាកចេញពីទីតាំងដីខ្លួនរស់នៅ ដោយចោទពលរដ្ឋថា រស់នៅលើដីរដ្ឋ និងដីក្រុមហ៊ុន ហ្គ្រីនរិចគ្រុប ដោយខុសច្បាប់។

ពលរដ្ឋម្នាក់នៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ បានប្រាប់វីអូឌីតាមទូរសព្ទ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាពថា សមត្ថកិច្ចខេត្តកោះកុងជាង១០០នាក់ មានកម្លាំងប៉េអឹម នគរបាល និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត បានដាក់គ្រឿងចក្រចុះឈូសកម្ទេចខ្ទមចម្ការរបស់អ្នកភូមិ រយៈពេល៣ថ្ងៃហើយ គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈនេះ និងបានបំផ្លាញខ្ទមចម្ការអ្នកភូមិជាង១០០ខ្នងផងដែរ។

ពលរដ្ឋរូបនេះអះអាងថា ក្នុងប្រតិបត្តិការឈូសឆាយខ្ទមចម្ការពលរដ្ឋនេះ គឺអាជ្ញាធរបានបិទផ្លូវមិនឱ្យពលរដ្ឋចូលទៅតំបន់ដីចម្ការរបស់ខ្លួនបានឡើយ ហើយហាមមិនឱ្យពលរដ្ឋថតរូបអំពីសកម្មភាពឈូសឆាយ និងបានចាប់យកទូរសព្ទអ្នកភូមិប្រហែលជាង១០គ្រឿង រួមទាំងគំរាមចាប់ខ្លួនពលរដ្ឋណាដែលហ៊ានតវ៉ាប្រឆាំងសកម្មភាពឈូសឆាយនេះផងដែរ។

លោកបន្ថែមថា៖ «រឿងនេះមិនចប់ត្រឹមហ្នឹងទេ។ ប្រជាពលរដ្ឋកំពុងមានកំហឹងខ្លាំងណាស់ ប្រជាពលរដ្ឋនឹងតវ៉ាទៀត។ ចង់ដឹងថា ដីហ្នឹងវារបៀបម៉េច បានជាមកគំរាមកំហែងប្រជាពលរដ្ឋ ហើយចុះមកធ្វើសកម្មភាពភ្លាមៗអ៊ីចឹង។ បើដីហ្នឹងជាដីក្រុមហ៊ុន ដីបរិស្ថាន ឬដីក្នុងដែនជម្រកសត្វព្រៃ ហេតុអីអាជ្ញាធរមិនចុះមកប្រាប់ពួកយើងពីដំបូងមក។ យើងមិនបានទៅចំណាយកម្លាំងរាប់ឆ្នាំទៅអាស្រ័យផលអ៊ីចឹងទេ»

ពលរដ្ឋនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង លោក ជុំ សុខយឿន ឱ្យដឹងថា អាជ្ញាធរបានឈូសឆាយផ្ទះ ផលដំណាំ និងរបងហ៊ុមព័ទ្ធដីភូមិចោលអស់ហើយ កាលពីម្សិលមិញនេះ។ លោកថា គ្រួសារលោកមានដីទទឹងប្រហែល ៣០ម៉ែត្រ និងបណ្តោយប្រហែល ៥០ម៉ែត្រ ប៉ុណ្ណោះ សម្រាប់សាងសង់លំនៅឋានរស់នៅ និងដាំដំណាំបន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវិត ខណៈគ្រួសារលោកជាប្រជាពលរដ្ឋក្រីក្រកំពុងខ្វះខាតជីវភាពគ្រួសារ។

ពលរដ្ឋរូបនេះបន្តថា គ្រួសារបានមករស់នៅ និងអាស្រ័យលើដីនេះរយៈពេល៥ឆ្នាំហើយ ដោយបានដាំដំណាំ ដូចជា ដូង ស្វាយ ខ្នុរ និងដំណាំផ្សេងៗទៀត ដោយមិនធ្លាប់មានបញ្ហាអ្វីនោះទេ។

លោកបន្ថែមថា៖ «ខ្ញុំអាណិតតែឪពុកម្តាយខ្ញុំ គាត់ខំធ្វើចម្ការ ហើយគាត់នៅយូរហើយ ៥ទៅ៦ឆ្នាំហើយ ហើយមករុះរើអស់អ៊ីចឹង។ ឥលូវនេះ រើដល់ផ្ទះខ្ញុំហើយ ហើយរុះរើផ្ទះថ្មអស់២ទៅ៣ខ្នងហើយ។ ប្រជាជនខ្លះគាត់មានផ្ទះថ្ម ក៏គេវាយចោលដែរ»

មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន ដែលចុះអង្កេតករណីនេះមានប្រសាសន៍ថា អាជ្ញាធរបានដាក់កម្លាំងចុះរុះរើខ្ទមចម្ការរបស់ប្រជាពលរដ្ឋពិតមែន និងហាមឃាត់ពលរដ្ឋមិនឱ្យចេញចូលកន្លែងតំបន់ប្រតិបត្តិការ រួមទាំងដកហូតទូរសព្ទរបស់ពលរដ្ឋមិនឱ្យថតរូបផងដែរ។

អ្នកការពារសិទ្ធិមនុស្សរូបនេះ បានបន្តថា ដីដែលពលរដ្ឋអាស្រ័យផល និងកំពុងរងការរុះរើនេះ ជាដីស្ថិតនៅតំបន់ដីលំហែរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងជាដីអតីតក្រុមហ៊ុន ហ្គ្រីនរិចគ្រុប។ លោកថា ក្រុមហ៊ុនមួយនេះក្ស័យធន និងពុំមានការដាំដុះអ្វីនោះទេ។

លោក ហ៊ួរ អ៊ីន លើកឡើងថា អាជ្ញាធរគួរតែដោះស្រាយករណីនេះតាមសន្តិវិធី ដោយមិនគួរណាចុះអនុវត្តរុះរើទាំងកម្រោលនោះទេ។

លោកបន្ថែមថា៖ «ចំណាត់ការរបស់អាជ្ញាធរនេះធ្វើដោយតក់ក្រហល់ ដោយអត់បានសិក្សា ចុះទៅស្រាវជ្រាវពិតប្រាកដ ថាតើប្រជាពលរដ្ឋទាំងអស់ហ្នឹងបានរស់នៅតាំងពីពេលណា គាត់បានកាន់កាប់ស្របច្បាប់ឬក៏អត់។ យើងឃើញថា គ្រាន់តែចេញលិខិតជូនដំណឹងហើយ ចាត់វិធានការក្តៅតែម្តង។ អាជ្ញាធរគួរចាត់មន្ត្រីឱ្យចុះមកសិក្សាស្រាវជ្រាវ និងសម្របសម្រួលជាមួយប្រជាពលរដ្ឋឱ្យអស់លទ្ធភាពសិនទៅ។ ប្រសិនបើគាត់រស់នៅខុសច្បាប់មែន គួរតែមានចំណាត់ការបែបណាកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។ បើអាជ្ញាធរបង្ហាញសកម្មភាពប្រើកម្លាំងចុះរុះបែបនេះ វាជាការគំរាមកំហែងដោយកម្លាំង ដោយកម្រោល មកលើប្រជាពលរដ្ឋខ្លួនឯង»

អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង លោក សុខ សុទ្ធី ប្រាប់ថាកំពុងជាប់រវល់ប្រជុំ មិនអាចនិយាយបាន។

យ៉ាងណា កាលពីថ្ងៃទី២ ខែកុម្ភៈនេះ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងមួយ ដោយចោទពលរដ្ឋថា បានសង់ខ្ទមអនាធិបតេយ្យលើទីតាំងដីរដ្ឋ និងដីក្រុមហ៊ុន ហ្គ្រីនរិចគ្រុប។ រដ្ឋបាលខេត្ត បានព្រមានចាត់វិធានការច្បាប់ចំពោះពលរដ្ឋទាំងឡាយណាមិនព្រមរុះរើខ្ទមដោយខ្លួនឯង ដោយដាក់កំហិតត្រឹមថ្ងៃទី៦​ ខែកុម្ភៈ ហើយបើមិនដូច្នោះទេ អាជ្ញាធរនឹងចុះរុះរើនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ