គណបក្សភ្លើងទៀន​ខេត្តប៉ៃលិន​រង​បណ្ដឹង​៤ករណី​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

មន្ត្រីគណបក្សភ្លើងទៀនប្រចាំសង្កាត់ប៉ៃលិន ខេត្តប៉ៃលិន រួមនឹងអ្នកគាំទ្របក្សមួយចំនួនផ្សេងទៀត ចាប់ផ្ដើមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (គណបក្សភ្លើងទៀនខេត្តប៉ៃលិន)

អនុប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន បញ្ជាក់ថា ការប្ដឹងប្រឆាំងអំពីសារនយោបាយក្នុងពេលឃោសនារកសំឡេងឆ្នោតពី​​សំ​​​ណាក់​​​​គណ​​បក្ស​​ប្រ​​ជាជន​​កម្ពុជា គឺជាផ្នែកមួយមានចេតនារើសអើង និងជារូបភាពធ្វើទុក្ខបុកម្នេញ​​ខាង​​នយោបាយ បើទោះជាសារនយោបាយរបស់ខ្លួនបានអនុលោមតាមគោលការណ៍និងនីតិវិធី​​ដែល​មានកំណត់ដោយច្បាប់ស្ដីពីការបោះឆ្នោតយ៉ាងណាក្ដី។

លោក ថោង ធន ដែលជាអនុប្រធានគណបក្សភ្លើងទៀន ខេត្តប៉ៃលិន ប្រាប់ វីអូឌី នៅថ្ងៃ​​អង្គា​​រ​​នេះ​​ថា សារនយោបាយដែលបេក្ខជនយកទៅឃោសនានៅអំឡុងពេលយុទ្ធនាការបោះឆ្នោតនេះ គឺ​​មិ​ន​​​​​​មា​​ន​​ចំណុចណាមួយដែលប្រាសចាកពីគោលការណ៍ទេ។ លោកបន្តថា ការប្រើសារ​​នយោ​​​បាយ​​​ដែលលើកឡើង «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» នេះគឺជាផែនការដែលដាក់ចេញ​​ពី​​គ​ណ​​​បក្សថ្នាក់ជាតិ ហើយគោលការណ៍នេះ ក៏បានឆ្លងកាត់ការពិនិត្យនិងអនុម័តរួចហើយដែរ មុននឹង​​យ​ក​​​​​​មកប្រើប្រាស់នេះ។

លោកបន្តថា៖ «មែនទែន! ជាការសន្និដ្ឋានរបស់ខ្ញុំ នេះជាការទប់ស្កាត់និងរំខាន ខ្ញុំចោទអ៊ីចឹងចុះ​​ រំខាន​! យើងអត់​​បានញុះញង់អីផង! បើក្នុងខ្លឹមសារថ្នាក់ជាតិឱ្យមក សុទ្ធតែដកឃុំបម្រើបក្ស ដាក់មេឃុំ​​បម្រើ​​រាស្រ្ត។ អ៊ីចឹងទាំងអស់នេះ វាសុទ្ធតែក្ដៅហើយ តែយើង ប៉ុន្តែយើងអត់បានសំដៅ​​លើក្រុម​​ណា​​មួយ​ណា ហើយបែរពួកគាត់ទៅរើសដាក់ខ្លួន ហើយនាំគ្នាទៅទទួលយក។ អាហ្នឹងខ្ញុំ​​គិតទេណា»។

បើតាមលោក ថោង ធន សារនយោបាយដែលត្រូវបានយកទៅប្រើប្រាស់ក្នុងពេលឃោសនានេះ គឺគណបក្សភ្លើងទៀនមិនបានដៀមដាមឱ្យបក្សនយោបាយណាមួយទេ គឺជាសារនយោបាយ​​ត្រូវ​​បានប្រើប្រាស់ជាលក្ខខណៈទូទៅ។

នៅក្នុងបណ្ដឹងបញ្ជូនមកជំនុំជម្រះដោយគណៈកម្មការរៀបចំ​​ការបោះឆ្នោត​​ឃុំ-សង្កាត់ ខេត្ត​​​ប៉ៃ​​លិ​​ន បង្ហាញថា បេក្ខជនចំនួន៤រូបរបស់គណបក្សភ្លើងទៀន ត្រូវបានតំណាងគណបក្ស​​ប្រជាជន​​កម្ពុ​ជាប្រចាំខេត្តនេះ​​ចោទ​​ប្រ​​កាន់។

តាមរយៈបណ្ដឹងទាំង៤នោះ ដែលដាក់កាលបរិច្ឆេទ​ខុស​ៗ​គ្នា បានចោទប្រកាន់បេក្ខភាពមេឃុំ​​ចៅ​សង្កាត់​​ទាំង៤រូបរបស់គណបក្សភ្លើងទៀន ពីបទ «ញុះញង់ និង​រើសអើង» ហើយបទចោទ​​ទាំង​​នេះ តំណាងគណបក្សភ្លើងទៀនចាត់ទុកថា ជាការអនុវត្តផ្ទុយពីស្មារតីក្នុងមាត្រា៧១ នៃ​​ច្បាប់​​​ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

វីអូឌី មិនទាន់អាចទាក់ទងតំណាងម្ចាស់ដើមបណ្ដឹងមកពីគណបក្សប្រជាជនកម្ពុជាបាននៅ​​ឡើយ​ទេ នៅ​​​ថ្ងៃអង្គារនេះ។

យ៉ាងនេះក្ដី អ្នកសម្របសម្របផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មា​​នប្រ​​​សា​​សន៍​ថា នេះជារូបភាពថ្មីទៀតហើយសម្រាប់​​បរិបទនយោបាយនៅ​​កម្ពុជា​​។​ លោកបន្តថា កន្លងទៅ មិនធ្លាប់មានទេ ការប្តឹងផ្តល់គ្នាតាមរយៈសារឃោសនានយោបាយ ​អំ​​ឡុងពេលគណបក្សនយោបាយ​បើកយុទ្ធនាការស្វែងរកការគាំទ្រនៅមុនការបោះឆ្នោតមកដល់។

ប្រភពដដែលបន្ត​ថា បើពិនិ​​ត្យ​​ទៅ​​លើនីតិវិធីដូចដែល​​បាន​បញ្ញ​ត្តិ​ស្ដីពី «ការ​​បោះ​​​ឆ្នោតជ្រើសរើស​​ក្រុម​​ប្រឹក្សាឃុំ-សង្កាត់» ការប្រើ​​សារ​​ន​​​​​​យោបាយក្នុង​​ន័យទូលាយ​​បែប​​នេះ ​​​វា​មិន​​ទាស់​​​ខុសអ្វី​​នោះ​​ទេ។

លោកបន្តថា៖ «បើខ្ញុំពិនិត្យមើល​ ដូចរកមិនឃើញចំណុចណាមួយដែល​​បង្ហាញថា គ្រាន់តែ​​ប្រើ​​ពា​​ក្យ​​​​​​ថា “​​ផ្លាស់ប្ដូរ” វាជារឿងខុស​ច្បាប់ទេ បាទ! វាអត់មានឃើញនៅក្នុង​​នីតិវិធីណាដែល​​ហាម​​ប្រើ​​ពាក្យ​​ហ្នឹង។ ហើយបើមាននីតិវិធីដែលគេហាម ឧទាហរណ៍ថា កុំប្រើប្រាស់ភាសាហ្នឹង ទើបវាខុសច្បាប់។ អ៊ីចឹងច្បាប់អត់មានចែង ដូច្នេះបើច្បាប់អត់មានចែង និងអត់មានការហាមឃាត់ អ៊ីចឹងការនិយាយនិងការលើកឡើងហ្នឹង វាអត់មានការខុសឆ្គងទេ»។

អនុប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តប៉ៃលិន លោក ថោង ធន បញ្ជាក់ថា ក្នុងចំណោមឃុំ​​សង្កា​​ត់​​​​ទាំង៤ គឺមានតែ១ឃុំទេ ដែលតំណាងគណបក្សប្រជាជនកម្ពុជាយល់ព្រមផ្សះផ្សា និង​​បញ្ចប់​​​​ទំ​​​នាស់​ផ្នែកនយោបាយនេះ គឺឃុំអូរអណ្ដូង។ ដោយឡែក ឃុំស្ទឹងត្រង់ និងសង្កាត់អូរតាវ៉ៅ ភាគីទំ​​នា​​ស់​​​​​​បានចូលខ្លួនដោះស្រាយហើយ តែតំណាងភាគីគណបក្សប្រជាជនកម្ពុជាមិនយល់ព្រម​​រំលត់​បណ្ដឹង ខណៈនៅសង្កាត់ប៉ៃលិន សំណុំរឿងនេះកំពុងស្ថិតនៅក្នុងនីតិវិធីនៅឡើយ។

គិតត្រឹមថ្ងៃអង្គារនេះ បេក្ខភាពគណបក្សភ្លើងទៀន រួមមាន លោក ចាន់ សោភ័ណ្ឌ, លោក អ៊ុក សារី, លោក រស់ រដ្ឋា និងលោក មឿង មិជ ដែលរងការចោទប្រកាន់ពីបទ «ញុះញង់ និងរើសអើង» នេះ វីអូឌី មិនទាន់អាចស្នើសុំការបំភ្លឺបានភ្លាមៗនៅឡើយទេ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធថា បញ្ហានេះ​​ ខាង​​​​​ គ.ជ.ប ថ្នាក់ជាតិ នៅមិនទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយទេ។ លោកបន្តថា ស្ថាប័​ន​​ជាតិរៀបចំការបោះឆ្នោតនឹងសិក្សាបន្ថែមទៀត ជុំវិញទំនាស់ផ្នែកនយោបាយនេះ។

លោកបន្តថា៖ «ខ្ញុំក្ដាប់អត់ទាន់បានពីបញ្ហាហ្នឹងនៅឡើយផង។ ចាំខ្ញុំស្រាវជ្រាវបន្តិចសិនណា»។

អនុប្រធានគណបក្សភ្លើងទៀន លោក ថោង ធន បញ្ជាក់ថា នៅក្នុងខេត្តប៉ៃលិន មានគណបក្ស​​នយោ​​បា​​​​​​យ​​​​​ចំនួន៤ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​​ឃុំ​​សង្កា​​ត់នៅក្នុងអាណត្តិទី៥នេះ ដូចជា គណបក្សភ្លើងទៀន គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែរ​​រួបរួម​​ជា​​តិ និង​​គ​​ណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ