បក្សកាន់អំណាច​មិន​ទទួល​យក​ការ​សម្របសម្រួល​របស់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឃុំ-សង្កាត់​ខេត្តកំពង់ចាម​ដែល​ប្ដឹង​លើ​បក្សភ្លើងទៀន

(ស្ដាំ) លោក គង់ រ៉ៃយ៉ា បេក្ខភាពគណបក្សភ្លើងទៀនឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។ (រួន រី)

គណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ខេត្តកំពង់ចាម បានបញ្ជូនបណ្ដឹងគណបក្សប្រជាជនកម្ពុជាទៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោតក្រោយពីគណបក្សកាន់អំណាចមិនទទួលយកការសម្របសម្រួល ដោយទាមទារដកបេក្ខភាពពីបក្សភ្លើងទៀនទាំង១១ឃុំ ក្នុងស្រុកកងមាស ចេញបញ្ជីបោះឆ្នោត។

គណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់​ នៅថ្ងៃពុធនេះ បានកោះហៅលោក គង់ រ៉ៃយ៉ា ទៅបំភ្លឺនៅចំពោះមុខគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ នៅរសៀលថ្ងៃពុធនេះ តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា រឿងបង្ហោះវីដេអូចែកថវិកាទៅឱ្យបេក្ខភាពមេឃុំមកពីគណបក្សភ្លើងទៀនកាលពីថ្ងៃទី២១ ខែឧសភានេះ។

លោក គង់ រ៉ៃយ៉ា ប្រាប់វីអូឌីបន្ទាប់ពីចូលបំភ្លឺថា តំណាងគណបក្សប្រជាជនកម្ពុជា អ្នកស្រី ជឹន ដាវី មិនព្រមធ្វើតាមការសម្របសម្រួលរបស់គណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ នោះទេ។

​លោកថា ករណីនេះ គណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ សម្រេចបញ្ជូនបណ្ដឹងតំណាងគណបក្សប្រជាជនកម្ពុជា អ្នកស្រី ជឹន ដាវី ដែលប្ដឹងដកបេក្ខភាពគណបក្សភ្លើងទៀនទាំង១១ឃុំ ក្នុងស្រុកកងមាស ទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្តជាអ្នកដោះស្រាយវិញ។

តំណាងគណបក្សប្រជាជនកម្ពុជា អ្នកស្រី ជឹន ដាវី បានដាក់បណ្ដឹងទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដោយប្ដឹងបេក្ខភាពគណបក្សភ្លើងទៀនទាំង១១ឃុំ ចេញពីបញ្ជីផ្លូវការរបស់ គ.ជ.ប ពាក់ព័ន្ធនឹងការបង្ហោះវីដេអូចែកថវិកាទៅឱ្យបេក្ខភាពជាមេឃុំក្នុងស្រុកកងមាស ទាំង១១ឃុំ ដោយក្នុងមួយឃុំ ចំនួន១០០ដុល្លារ។

បើតាមលោក គង់ រ៉ៃយ៉ា ដែលជាប្រធានក្រុមទ្រទ្រង់​ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្ដៅ អះអាងថា ការចែកថវិកាកាលពីថ្ងៃទី២១ ខែឧសភា ទៅបេក្ខភាពគណបក្សភ្លើងទៀន ក្នុងឃុំនីមួយៗ ចំនួន១០០ដុល្លារ មិនមែនជាការទិញទឹកចិត្តអ្នកគាំទ្រនោះទេ ប៉ុន្តែថវិកានេះសម្រាប់ការ​ចំណាយអំឡុងពេលឃោសនាបោះឆ្នោតរបស់គណបក្សតាមឃុំនីមួយៗតែប៉ុណ្ណោះ។

នាយកប្រតិបត្តិនៃអង្គការនិចហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថា ការផ្ដល់ថវិកាដល់បេក្ខភាពជាមេឃុំដែលជាគណបក្សរបស់ខ្លួន មិនខុសនឹងច្បាប់បោះឆ្នោត ហើយករណីនេះក៏មិនមែនជាការទិញទឹកចិត្តនោះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ