គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្តកំពង់ចាម​តម្រូវ​ឱ្យ​លោក គង់ រៃយ៉ា បេក្ខភាព​បក្សភ្លើងទៀន ចូលបំភ្លឺ​នៅ​ថ្ងៃស្អែក​ទៀត

លោក គង់ រ៉ៃយ៉ា ប្រធានក្រុមទ្រទ្រង់​ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្ដៅ។ (រួន រី)

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ផ្អាកការសម្របសម្រួលរវាងតំណាងគណបក្សប្រជាជនកម្ពុជា និងបេក្ខភាពឃុំមកពីគណបក្សភ្លើងទៀនទាំង១១ឃុំ នៃស្រុកកងមាស បន្ទាប់ពីបេក្ខភាពគណបក្សភ្លើងទៀនស្នើសុំផ្អាកការសម្របសម្រួល។

ប្រធានក្រុមទ្រទ្រង់​ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្ដៅ លោក គង់ រ៉ៃយ៉ា ប្រាប់វីអូឌីនៅថ្ងៃនេះថា មូលហេតុដែលរូបលោកស្នើឱ្យគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមផ្អាកនីតិវិធីសិន ដោយសារភាគីខាងតំណាងគណបក្សប្រជាជនកម្ពុជាបានយកមេធាវីទៅចូលរួមស្ដាប់ អំឡុងពេលសម្របសម្រួល។ ចំណែកភាគីខាងលោកវិញ មិនមានមេធាវីឡើយ ករណីនេះ ទើបលោកថាស្នើសុំផ្អាកសិន។

លោកថា៖ «ខាងគណបក្សប្រជាជនកម្ពុជា គាត់មានមេធាវីតំណាងឱ្យគាត់ ចំណែកខាងគណបក្សភ្លើងទៀន ​យើងមិនមានមេធាវីតំណាងឱ្យទេ ដោយសារយើងយល់ថា ​នេះជានីតិវិធីផ្សះផ្សាគ្នា មិនមែនជានីតិវិធីចាញ់ឈ្នះក្ដីទេ។ នៅពេលគណបក្សប្រជាជនគាត់ពឹងពាក់មេធាវី តាំងពីគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់រហូតមក យើងយល់ថា ខាងគណបក្សភ្លើងទៀនស្រុកកងមាស គួរតែមានមេធាវីដែរ។ អ៊ីចឹងសម្រេចមិនបន្តនីតិវិធីទៀត»។

យ៉ាងណាក៏ដោយ នៅថ្ងៃដដែលនេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម បានចេញលិខិតអញ្ជើញបេក្ខភាពជាមេឃុំរបស់គណបក្សភ្លើងទៀនទាំង១១ឃុំ ឱ្យចូលបំភ្លឺនៅថ្ងៃទី២៨ ខែឧសភា ស្អែកទៀត។ បេក្ខភាពជាមេឃុំរបស់គណបក្សភ្លើងទៀនទាំង១១ឃុំ នៃស្រុកកងមាស ក្នុងនោះក៏មានលោក គង់ រៃយ៉ា ដែរ។

ការកោះអញ្ជើញនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ខេត្តកំពង់ចាម បានបញ្ជូនបណ្ដឹងគណបក្សប្រជាជនកម្ពុជាទៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ក្រោយពីគណបក្សកាន់អំណាចមិនទទួលយកការសម្របសម្រួល ដោយទាមទារដកបេក្ខភាពពីបក្សភ្លើងទៀនទាំង១១ឃុំ ក្នុងស្រុកកងមាស ចេញបញ្ជីបោះឆ្នោត។

លោក គង់ រ៉ៃយ៉ា ដែលជាប្រធានក្រុមទ្រទ្រង់​ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្ដៅ ត្រូវបានតំណាងគណបក្សប្រជាជនកម្ពុជា អ្នកស្រី ជឹន ដាវី ប្ដឹងពាក់ព័ន្ធនឹងការបង្ហោះវីដេអូចែកថវិកាទៅឱ្យបេក្ខភាពជាមេឃុំក្នុងស្រុកកងមាស ទាំង១១ឃុំ ដោយក្នុងមួយឃុំ ចំនួន១០០ដុល្លារ។

លោក គង់ រ៉ៃយ៉ា អះអាងថា ការចែកថវិកាកាលពីថ្ងៃទី២១ ខែឧសភា ទៅបេក្ខភាពគណបក្សភ្លើងទៀន ក្នុងឃុំនីមួយៗ ចំនួន១០០ដុល្លារ មិនមែនជាការទិញទឹកចិត្តអ្នកគាំទ្រនោះទេ ប៉ុន្តែថវិកានេះសម្រាប់ការ​ចំណាយអំឡុងពេលឃោសនាបោះឆ្នោតរបស់គណបក្សតាមឃុំនីមួយៗតែប៉ុណ្ណោះ។

ដោយឡែក នៅខេត្តសៀមរាបវិញ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះគណបក្សភ្លើងទៀន នៅខេត្តសៀមរាប។ ការចេញលិខិតព្រមានរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបធ្វើឡើងបន្ទាប់គណបក្សនេះហែក្បួនឃោសនាស្រែកថា «ជយោ! គណបក្សសង្គ្រោះជាតិ» នោះ។

ស្របពេលគណបក្សនយោបាយកំពុងធ្វើយុទ្ធនាការឃោសនានោះ ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា អ្នកស្រី ផូលីន តាម៉េស៊ីស (Pauline Tamesis) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ​បានជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា មេដឹកនាំ​នយោបាយ ព្រមទាំង​អ្នក​គាំទ្រទាំងអស់ ចូលរួម​ធានា​ឱ្យ​មាន​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ប្រកបដោយ​បរិយាប័ន្ន ស្មោះត្រង់ និង​សន្តិវិធី ក្នុង​ក្របខណ្ឌ​នៃ​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញលេញ​។

ការជំរុញនេះ ធ្វើឡើងស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ អ្នកស្រី​ថា បរិការណ៍​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ឆ្លុះបញ្ចាំងពី​ការសម្ដែង​ឆន្ទៈ​ដោយ​សេរី​របស់​ប្រជាពលរដ្ឋ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ