គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យដឹងថា អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងរយៈពេល៦ថ្ងៃកន្លងទៅនេះ ខ្លួនទទួលបានបណ្ដឹងចំនួន៣៣ករណី ហើយបណ្ដឹងទាំងនេះភាគច្រើនជាបណ្ដឹងដែលតំណាងគណបក្សកាន់អំណាច ប្ដឹងតំណាងគណបក្សភ្លើងទៀន។
គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃសុក្រនេះ ដោយបង្ហាញថា ក្នុងចំណោមបណ្ដឹងទាំងនោះ គឺតំណាងគណបក្សប្រជាជនកម្ពុជាបានប្ដឹងតំណាងគណបក្សភ្លើងទៀន ថាបានប្រើពាក្យ «ប្រមាថ និងមាក់ងាយ» បេក្ខជនគណបក្សប្រជាជនកម្ពុជា ក្នុងពេលចុះឃោសនាបោះឆ្នោតរយៈពេល៦ថ្ងៃកន្លងទៅនេះ។
គ.ជ.ប បន្តថា តាមរយៈបណ្ដឹងនេះ តំណាងគណបក្សប្រជាជនកម្ពុជាចោទសកម្មភាពរបស់តំណាងគណបក្សភ្លើងទៀន ថាអនុវត្តផ្ទុយពីបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលកំណត់ដោយ គ.ជ.ប។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ការឃោសនាបោះឆ្នោតប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២១ ខែឧសភា និងបញ្ចប់ទៅវិញនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២៕