គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប បានវាយតម្លៃថា ដំណើរការឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សនយោបាយក្នុងថ្ងៃទី៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភានេះ បានព្រឹត្តទៅក្នុងបរិយាកាសល្អ គ្មានអំពើហិង្សា ឬការគំរាមកំហែងនោះទេ។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី២៨ ខែឧសភានេះឱ្យដឹងថា ក្នុងថ្ងៃទី៨នេះ គណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាក្នុងមណ្ឌលបោះឆ្នោតរៀងៗខ្លួន ដោយភាគច្រើនតាមរយៈការជួបប្រជុំ ការចែកខិត្តប័ណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយ។ រីឯសកម្មភាពហែក្បួនឃោសនាវិញ គឺមានតិចតួចនៅតាមឃុំសង្កាត់មួយចំនួន។
គជប បានកត់សម្គាល់ថា ជាក់ស្តែង នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពឃោសនាចំនួន ៤៨ ឃុំ ក្នុងនោះមានការហែក្បួនចំនួន ១ ឃុំ គណបក្សភ្លើងទៀនបានធ្វើសកម្មភាពចំនួន ៣២ ឃុំ ក្នុងនោះមានការហែក្បួនចំនួន ៤ ឃុំ សង្កាត់ គណបក្សខ្មែររួបរួមជាតិ បានធ្វើសកម្មភាពចំនួន ១៧ ឃុំសង្កាត់ គណបក្សហ្វ៊ុនស៊ិនប៉ិចចំនួន ១៥ ឃុំសង្កាត់ និងគណបក្សយុវជនកម្ពុជាធ្វើសកម្មភាពចំនួន១ឃុំ។ ដោយឡែក នៅខេត្តកោះកុង មានបញ្ហាភ្លៀងធ្លាក់ក្នុងភូមិសាស្ត្រនៃឃុំ សង្កាត់មួយចំនួន ដែលបានបង្កការលំបាកដល់ការធ្វើសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ប៉ុន្តែទោះជាយ៉ាងនេះក្តី គណបក្សនយោបាយនីមួយៗនៅតែបន្តធ្វើសកម្មភាពឃោសនារបស់ខ្លួន ស្របតាមកម្មវិធីដែលបានកំណត់។
សូមជម្រាបជូនថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់បានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ហើយនឹងបិទបញ្ចប់នៅត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយចំនួន ១៧ ចូលរួម។ រីឯការបោះឆ្នោត នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕