តំណាង​គណបក្ស​ភ្លើងទៀន​ខេត្តកោះកុង​ចោទ​ប្រកាន់​ប្រធាន​ផ្សារដងទង់​ពីបទ​រារាំង​ការ​ចែក​ខិតបណ្ណ​បោះឆ្នោត

ក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តកោះកុង ចុះឃោសនារកសំឡេងឆ្នោតនៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ (មន្ត្រីបក្សភ្លើងទៀនប្រចាំខេត្តកោះកុង)

តំណាងគណបក្សភ្លើងទៀនបានហៅការរារាំងនេះថា គឺជាការរើសអើងមួយដែលមិនអាច​​ទទួល​​យក​​បាន ហើយក៏​ជាការធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងខាងនយោបាយ បើទោះជាគណបក្ស​​ភ្លើង​​​ទៀនបានស្នើសុំការឃោសនា និងចែកបណ្ណព័ត៌មាន ស្ដីពីការបោះឆ្នោតត្រឹមត្រូវទៅ​​តាមនីតិ​​វិ​​ធី​​ហើយ​​​យ៉ាង​​ណា​​ក្ដី។

ជាបេក្ខជនចៅសង្កាត់ស្ទឹងវែង កូតាមកពីគណបក្សភ្លើងទៀន ប្រចាំខេត្តកោះកុង លោក ប៉ាល់ កែប ប្រាប់ វីអូឌី នៅថ្ងៃ​​អង្គា​រនេះថា ក្រុមការងាររបស់ខ្លួនត្រូវបានប្រធានផ្សារដងទង់ លោក ម៉ក ណុច ហាមឃាត់ដោយមិនឱ្យ​​ចុះ​​ឃោសនា និងផ្ដល់ព័ត៌មាន អំពីកម្មវិធីនយោបាយរបស់​​គណបក្ស​​នៅ​​ក្នុង​​​ផ្សារនេះទេ កាលពី​​ល្ងាច​​​​​​ថ្ងៃទី៣០ ខែឧសភា ដោយប្រធានគ្រប់គ្រងផ្សារអះអាងថា ខ្លួន​​បាន​​ទទួល​​​បទបញ្ជាពីចៅហ្វាយក្រុងខេមរភូមិន្ទ។ លោក ប៉ាល់ កែប បានហៅការរារាំងនេះថា គឺជា​​កា​រ​អនុវត្តផ្ទុយពីគោលការណ៍ណែនាំដែលចេញ​​ដោយ​​គណៈកម្មាធិការជាតិរៀប​​ចំការបោះ​​ឆ្នោត​។

បើតាមបេក្ខភាពចៅសង្កាត់រូបនេះ ការចុះផ្សព្វ​​ផ្សា​​​យ​​​កម្មវិធីនយោបាយនៅក្នុងផ្សារនេះ ជាការ​​អនុវត្តទៅតាមនីតិវិធីផង ហើយម្យ៉ាងវិញទៀត ក្រុម​​អ្នក​​លក់ដូរមិនសូវមានពេល​​តាមដានព័ត៌មានស្តីពីកម្ម​​វិធីនយោបាយរបស់គណបក្ស។ ទាំងនេះគឺជាជម្រើសដែលគណបក្សត្រូវតែចុះឱ្យ​​ដល់​​មូល​ដ្ឋានដែលពួកគាត់រស់នៅនិងប្រកបអាជីវកម្ម។

លោកបន្តថា៖ «ពួកអាជីវករ គាត់មិននៅផ្ទះទេ មួយថ្ងៃទល់យប់ គាត់នៅហ្នឹង គាត់នៅលក់ក្នុ​ង​​ផ្សារ​។​ ពេលយប់​​ជ្រៅបន្តិច ទើបពួកគាត់មកដល់ផ្ទះវិញ។ យើងពិបាកផ្តល់ព័ត៌មានជូនពួកគាត់ ហើយមា​ន​​​តែចែកជូនគាត់នៅក្នុងផ្សារ។ នៅពេលប្រធានផ្សារទទួលបញ្ជាពីលោកចៅហ្វាយក្រុង ហើយ​​អត់​​ឱ្យ​​យើង​​ចូលចែកអ៊ីចឹង វាជាការរឹតត្បិតក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់យើង ក្នុងយុទ្ធនាកា​រឃោសនានេះ»។

សេចក្ដីជូនដំណឹងរបស់ គ.ជ.ប កាលពីថ្ងៃទី១៣ ខែឧសភា បានកំណត់ពីការ​​ចុះឃោសនា​​នៅ​​តាម​​ផ្សារ អំពីគោល​​នយោបាយរបស់គណបក្សនយោបាយទាំងអស់ដែលមានឈ្មោះ​​ក្នុងបញ្ជី​បោះ​ឆ្នោ​​ត​ ត្រូវអនុវត្តតាមនីតិវិធី ដូចជា ស្នើសុំទៅអ្នកគ្រប់គ្រងផ្សារយ៉ាងតិចណាស់ឱ្យបាន៣ថ្ងៃ មុនធ្វើ​​ស​​កម្ម​ភាព ហើយអ្នកចូលរួមធ្វើយុទ្ធនាការឃោសនាបានយ៉ាងច្រើនណាស់ត្រឹម១​០​​​​​​នាក់ប៉ុណ្ណោះ​។

ឆ្លើយតបរឿងនេះ ចៅហ្វាយក្រុងខេមរភូមិន្ទ លោក ឈេង សុវណ្ណដា បដិសេធថា ក្នុងនាមអាជ្ញាធ​​រ​​ពាក់ព័ន្ធ គឺមិនបានបង្គាប់បញ្ជានិងបិទសិទ្ធិសេរីភាពចំពោះ​គណបក្សនយោបាយដែលមាន​​បំ​​ណង​​​​ចង់​​​​ផ្សព្វ​​​ផ្សាយ​​​កម្មវិធីរបស់ខ្លួននៅក្នុងផ្សារម្តងណាទេ។

លោកបន្តថា ការបិទផ្លូវមិន​​អនុ​​ញ្ញាត​​ឱ្យគណបក្សនយោបាយបានចុះឃោសនានៅក្នុងផ្សារ​​ដង​​ទង់​​នេះ វាជាការសម្រេចចិត្តរបស់​​ប្រ​​ធាន​គ្រប់គ្រងផ្សារតែម្នាក់ប៉ុណ្ណោះ។ ចំណេកអាជ្ញាធរ គឺមាន​​កាត​​ព្វ​​កិច្ចធ្វើយ៉ាងណាជួយសម្រួលនិងរក្សាសណ្ឋាប់ឱ្យបានស្មើៗគ្នាគ្រប់គណបក្សនយោបាយ នៅ​​អំឡុងពេលឃោសនានេះ។

លោកបន្តថា៖ «ពួកខ្ញុំអាជ្ញាធរហ្នឹង គឺត្រៀមលក្ខណៈដើម្បីសម្របសម្រួលទាំងអស់ ធានាលើការកក​​ស្ទះ សន្តិសុខសណ្តាប់ធ្នាប់ទូទៅ ឱ្យតែមានសេចក្តីជូនដំណឹង និងសេចក្តីស្នើសុំមករបស់​​គណ​​ប​ក្សនយោបាយទាំងអស់ គឺយើងសម្រួលឱ្យទាំងអស់។ ប៉ុន្តែរឿងគណបក្សភ្លើងទៀនចូលផ្សារ គេឃាត់ គេមិនឱ្យ អាហ្នឹងរឿងរបស់គេ។ ខ្ញុំអត់ដឹងទេ! ខ្ញុំអត់បានបញ្ជាថាឱ្យឃាត់ឱ្យអីទេ»។

ចំណែកអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បញ្ជាក់ថា ការ​​ហា​​ម​​​​ឃាត់ណាមួយរបស់អ្នកគ្រប់គ្រងផ្សារត្រូវមានហេតុផលច្បាស់លាស់ពីបម្រាមរបស់ខ្លួន ហើ​យ​​​​​ប្រសិនបើអ្នកអនុវត្តល្មើសនឹងបទបញ្ជានិងនីតិវិធីនេះ នឹងរងការផាកពិន័យទៅតាមបញ្ញត្តិដូច​​មាន​​​​កំណត់នៅក្នុងច្បាប់បោះឆ្នោត។

លោកបន្តថា៖ «ជានីតិវិធី គឺអនុញ្ញាត! ប៉ុន្តែបើអ្នកគ្រប់គ្រងផ្សារនោះ ក៏ត្រូវបង្ហាញអំពីហេតុផល​យ៉ាង​​ណា​​ដែលមិនអនុញ្ញាតដែរ។ ប៉ុន្តែប្រសិនបើមានការសង្ស័យទៅលើបញ្ហានេះ គឺសាម៉ី​​គណបក្ស​​អា​​ច​​​​​​ធ្វើ​ប្តឹងទៅគណៈកម្មការឃុំរៀបចំការបោះឆ្នោតបាន»។

បើទោះជាបែបណា សម្រាប់លោក ប៉ាល់ កែប បង្ហាញជំហរថា ក្រុមការងារគណបក្ស​​ភ្លើងទៀន​​កំ​​ពុង​​​ពិចារណាបញ្ហានេះ ប៉ុន្តែអាចនឹងមិនប្តឹងផ្តល់ច្រើនជាង។

ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់អាណត្តិទី៥នេះ ប្រព្រឹត្តទៅ​​មាន​​រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២១ ខែ ឧសភា និងបញ្ចប់ទៅវិញនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ​​២០២២។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូតមិ នៃអង្គការខុមហ្រ្វែល (Comfrel) លោក កន សាវាង្ស ចាត់ទុកថា នេះអាចជារបៀបដោះបន្ទុករបស់ភាគីពាក់ព័ន្ធ ដើម្បីគេចចេញពីការទទួល​​ខុស​​ត្រូវ​​។ ​​លោក​បន្តថា ជាធម្មតា អំណាចរបស់ប្រធានគ្រប់គ្រងផ្សារមិនអាចមានសិទ្ធិជំទាស់​​បក្សន​​យោ​​បា​​​យ​​​​បានទេ ប្រសិនបើមិនមានអំណាចនៅកាងពីក្រោយខ្នងនោះទេ។

លោកបន្តថា៖ «ជាធម្មតា នៅក្នុងដំណើរការនៃការឃោសនាហ្នឹង គេតែងហៅភាគីពាក់ព័ន្ធទៅប្រាប់ទៅពន្យល់ ហើយទាំងនីតិវិធីនិងស្អីផ្សេងៗ អ៊ីចឹងមិនអាចលើកឡើងថាខ្លួន​​មិនបានដឹងទេ​​។ អ៊ីចឹង​​លើក​​ឡើង​​ថាខ្លួនអត់បានដឹង ហាក់ដូចជាខ្លួនបដិសេធនឹងការទទួលខុសត្រូវរបស់ខ្លួនហើយ»។

នៅខេត្តកោះកុង គណបក្សនយោបាយដែលបានដាក់បេក្ខភាពប្រកួតប្រជែង​​ជ្រើស​​រើស​​មេឃុំ​​ចៅ​​សង្កាត់មាន៦គណបក្ សរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គ​​ណ​​​បក្ស​​យុវ​ជន​​កម្ពុជា គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សខ្មែររួបរួមជាតិ និងគណបក្សរាជា​​និ​យម​ហ្វ៊ុន​​ស៊ិន​​ប៉ិច។គណបក្សដែលឈរលំដាប់លេខរៀងទី២ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ហើ​​​​យ​​​ដាក់​បេក្ខ​​ភាព​​មេឃុំចៅសង្កាត់បានច្រើនជាងគេនៅក្នុងខេត្តកោះកុងនេះ គឺគណ​​បក្ស​​ភ្លើង​​ទៀន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ