ក្រសួង​ថា​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​មួយ​ក្នុង​ខេត្តសៀមរាប​ចាកចេញ​ពី​វត្ត​ដោយ​អង្គឯង ព្រោះ​គាំទ្រ​បក្សនយោបាយ​ខុស​បទបញ្ជាផ្ទៃ​ក្នុងវត្ត

ព្រះតេជព្រះគុណ ហេង គីមឡាយ បាននិមន្តដោយថ្មើជើងចេញពីវត្តប្រាសាទរង្សី ក្នុងស្រុកពួក ខេត្តសៀមរាប ចូលដល់ទឹកដីនៃខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ២០២២។(ហ្វេសប៊ុក ព្រះតេជព្រះគុណ ហេង គីមឡាយ)

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា អះអាងថា ​ព្រះតេជគុណ ហេង គីមឡាយ បាន​ចាកចេញ​ពីវត្តប្រាសាទ​រង្សី ក្នុងខេត្តសៀមរាប ដោយអង្គ​ឯង ដោយសារព្រះអង្គ​មិនគោរព​តាមបទបញ្ជា​ផ្ទៃ​ក្នុង​​​របស់​​វត្ត ដែលហាមព្រះសង្ឃ​មិនឱ្យគាំទ្រ​គណបក្សនយោបាយណាមួយឡើយ។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពី​ព្រះតេជគុណ​ ហេង គីមឡាយ អះអាងថា ព្រះអង្គ​ត្រូវបានព្រះចៅអធិការវត្ត​ប្រាសាទរង្សី បណ្ដេញ​ចេញពីវត្តទាំងកណ្ដាលយប់ កាលពីថ្ងៃទី២៨ ខែឧសភា ដោយ​​សារ​​ព្រះ​អង្គ​តែង​តែធ្វើស​កម្ម​ភា​​ព​គាំទ្រគណបក្សភ្លើងទៀន។

អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​​សាសនា លោក សេង សុមុន្នី មានប្រសាសន៍នៅថ្ងៃអង្គារនេះថា នៅក្នុងវត្តប្រាសាទរង្សី ស្ថិតនៅភូមិដំណាក់ស្លាញ ឃុំសសរស្ដំ ស្រុកពួក ខេត្តសៀមរាប មាន​បទបញ្ជា​ផ្ទៃក្នុង​ ដែល​មិនអនុញ្ញាត​ឱ្យ​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ធ្វើ​នយោបាយឬ​គាំទ្រ​គណបក្សណាមួយ និង​ហាម​លេង​ហ្វេស​ប៊ុក​និយាយ​ប៉ះពាល់​រឿង​នយោបាយ ជាដើម។ 

ប៉ុន្តែលោកថា ព្រះតេជគុណ ហេង គីមឡាយ មិនបានគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់​វត្តនោះទេ បែរ​ជា​ទៅ​បង្ហោះហ្វេស​ប៊ុក និងធ្វើសកម្មភាពគាំទ្រគណបក្សភ្លើងទៀន ទើប​ព្រះតេជគុណអង្គនោះសម្រេច​ចាក​ចេញ​ពីវត្ត​ដោយអង្គ​ឯង មិនមែនព្រះចៅអធិការ និង​គណៈកម្មាធិការវត្ត បណ្ដេញ​ចេញនោះទេ ។

លោកមានប្រសាសន៍ថា៖ «ព្រះអង្គបានលេងហ្វេសប៊ុក ហើយបង្ហោះហែបក្ស ហើយលោកបន្ថែម​បន្ថយ វាប៉ះពាល់ដល់បទបញ្ជាផ្ទៃក្នុង [របស់វត្ត] គណៈសង្ឃក៏ប្រជុំ ដល់​ប្រជុំទៅ ក៏លោកសុំចេញ [ពីវត្ត]»។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីព្រះតេជគុណ ហេង គីមឡាយ បានទេ នៅថ្ងៃអង្គារនេះ។

ប៉ុន្តែព្រះតេជគុណ ហេង គីមឡាយ មាន​សង្ឃដីកា​​ប្រាប់ វីអូឌី កាលពី​ថ្ងៃអាទិត្យ​ថា ព្រះអង្គ​គង់​នៅ​វត្តប្រាសាទ​រង្សី ស្ថិត​ក្នុង​​ស្រុកពួក ខេត្តសៀមរាប រយៈពេល៧វស្សា​មក​ហើយ ហើយ​​​អំឡុងពេលព្រះអង្គ​គង់​នៅក្នុង​វត្ត​នេះ គឺព្រះអង្គតែងតែបង្ហោះព័ត៌មាន​តាម​បណ្ដាញ​សង្គម​ ស្នើសុំបច្ច័យពីពុទ្ធបរិស័ទទាំង​ក្នុងនិងក្រៅប្រទេស ដើម្បីយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រដែល​គ្មានលុយនិងគ្មានទី​ពឹង មិនមែនយកទៅឱ្យពលរដ្ឋដែលគាំទ្រគណបក្សនយោបាយណាមួយឡើយ។

ព្រះតេជគុណ​​​បន្ត​ថា ស្រាប់​តែដ​ល់​ថ្ងៃ​ទី​២៨ ខែឧសភានេះ ព្រះចៅអធិការវត្តប្រាសាទរង្សី ព្រះនាម ឡុក ថាន និងគណៈកម្មការវត្តឈ្មោះ​ ក្អោប បាន​​ប្រាប់​ព្រះអង្គ​ថា បើ​ចង់​គង់​នៅ​ក្នុង​វត្តនេះ​បន្ត​ទៀត ព្រះអង្គត្រូវឈប់ធ្វើសកម្មភាពរៃបច្ច័យតាមហ្វេសប៊ុក និងឈប់លេងហ្វេសប៊ុក​បង្ហោះ​​រូប​គាំទ្រគណបក្សភ្លើងទៀនតទៅទៀត។ ដោយសារ​ព្រះអង្គ​មិនអនុវត្ត​តាម​​ការ​បង្គាប់​​​​បញ្ជា​​នោះ ព្រះតេជគុណ ហេង គីមឡាយ អះអាង​ថា ចៅ​អធិការវត្ត​ និងគណៈកម្មាធិការវត្ត បាន​​បណ្ដេញ​​ព្រះអង្គ​ចេញពីវត្តភ្លាមៗតែម្តង។

ព្រះតេជគុណ​មានសង្ឃ​ដីកាថា៖ «គេគុំយើងផង គេឃើញយើងគាំទ្រតាំងពីគណបក្សសង្គ្រោះជាតិ រហូតដល់គណបក្ស​ភ្លើង​ទៀន គឺអាជ្ញាធរគេដឹងតាមហ្វេសប៊ុកតាំងពីយូរហើយ ថាភិក្ខុនេះមាន​និន្នាការប្រឆាំង។ កាលពីម្សិលមិញ [ថ្ងៃសៅរ៍ ទី២៨ ខែឧសភា] គ្រាន់​តែអាជ្ញាធរទៅសួរព្រះចៅអធិការ​ ថាមានប៉ុន្មានអង្គដែលជាក្រុមប្រឆាំង ស្រាប់​តែគេ​ថា​អាត្មា គេក៏សម្រេចដេញអាត្មាចេញទៅ»។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា មានប្រសាសន៍​ជុំវិញ​រឿងបណ្ដេញ​ព្រះសង្ឃចេញពីវត្តនេះ លោក​មិនបានទទួលអង្គ​ហេតុ​គ្រប់​ជ្រុង​ជ្រោយ​នោះទេ។ តែយ៉ាងណា លោក​​ថា បើ​សិន​​ជា​ព្រះអង្គ​ត្រូវបានព្រះចៅអធិការ និងគណៈកម្មការវត្ត​ បណ្តេញ​ចេញ​ពីវត្ត​ដោយ​សារគាំទ្រគណបក្សនយោបាយមែន​នោះ​ ព្រះអង្គ​​មាន​​សិទ្ធិ​​ប្ដឹង​ទៅ​គណៈ​​កម្មការ​​រៀបចំ​ការបោះឆ្នោតថ្នាក់​ខេត្ត ដើម្បីជួយអន្តរាគមន៍ដោះស្រាយ ពីព្រោះនៅក្នុងច្បាប់ ព្រះសង្ឃមានសិទ្ធិគាំទ្រគណបក្សនយោបាយណាមួយដែលព្រះសង្ឃ​​​ពេញ​ចិត្តបាន។

ប៉ុន្តែបើសិនជាព្រះអង្គ​មានទំនាស់ដោយសាររឿងបុគ្គលនិងបុគ្គល លោកថា ព្រះអង្គ​​គួរប្តឹង​ទៅសមត្ថ​កិច្ច​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​​នោះ​វិញ។

នា​យក​ប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍ថា ​នៅក្នុងច្បាប់​ជាតិ​បាន​ចែង​ថា ព្រះសង្ឃក៏មានសិទ្ធិចូលរួមគាំទ្រគណបក្សនយោបាយណាមួយ​ដែលព្រះអង្គពេញចិត្តបាន។

យ៉ាងណា បើមានការចោទប្រកាន់​ណាមួយ លោក​ថា ព្រះចៅអធិការ និងគណៈ​​កម្មការវត្ត គួរតែនិមន្ត​ព្រះអង្គ ហេង គីមឡាយ ទៅអប់រំ​​ណែនាំ ជាជាង​បណ្តេញ​ព្រះអង្គ​ចេញ​ពីវត្តបែប​នេះ ដែលអាច​ធ្វើឱ្យប៉ះពាល់ដល់តម្លៃរបស់ព្រះសង្ឃផងដែរ។

លោកផ្តល់ជាអនុសាសន៍ថា៖ «ខ្ញុំមិនគាំទ្រការបណ្តេញព្រះសង្ឃចេញពីវត្តទេ គួរតែធ្វើការអប់រំព្រះអង្គ ឬព្រះសង្ឃ​ទាំង​អស់ ឱ្យយល់អំពីនយោបាយ ឱ្យគាត់យល់អំពីច្បាប់ ជាជាងបណ្តេញឬក៏ដកសិទ្ធិរបស់គាត់ជាសង្ឃចេញពីវត្ត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ